១​ខែ​នៃ​ការ​រឹតបណ្តឹង​ចរាចរណ៍ មាន​នគរបាល​៥​រូប រង​ពិន័យ​និង​ត្រូវ​ព្យួរការងារ
ជាតិ
រថយន្ត
១​ខែ​នៃ​ការ​រឹតបណ្តឹង​ចរាចរណ៍ មាន​នគរបាល​៥​រូប រង​ពិន័យ​និង​ត្រូវ​ព្យួរការងារ
01, Jun 2020 , 8:59 pm        
រូបភាព
លោក ហ៊ឹម យ៉ាន ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវិធានការរឹតបន្តឹងការអនុវត្តចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៣០ មេសា ឆ្នាំ២០២០។
លោក ហ៊ឹម យ៉ាន ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវិធានការរឹតបន្តឹងការអនុវត្តចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៣០ មេសា ឆ្នាំ២០២០។
​ភ្នំពេញ​៖ មាន​នគរបាល​ចរាច​រណ៍​៥​រូប ត្រូវបាន​ដកតំណែង​និង​ផ្អាក​ការងារ​បណ្ដោះអាសន្ន ដោយសារ​ពួកគាត់ មិន​ធ្វើតាម​គោលការណ៍​ណែនាំ ពេល​ចុះ​ប្រតិបត្តិការ​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ក្នុង​រយៈពេល​ពេញ​មួយខែ​នៃ​ខែឧសភា​នេះ​។ នេះ​បើតាម​ការលើកឡើង​រប​ស់នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ​ទទួលបន្ទុក​ការងារ​ចរាចរណ៍​ផ្លូវគោក​។

 
​លោក ហ៊ឹម យ៉ាន អះអាង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​លទ្ធផល​រយៈពេល​មួយខែ នៃ​ការ​រឹតបន្តឹង​ចរាចរណ៍ ដែល​រៀបចំ​នៅ​ព្រឹក​ថ្ងៃទី​១ ខែមិថុនា នគរបាល​ទាំង​៥​នាក់​នោះ គឺ​នាយការិយាល័យ​ចរាចរណ៍​ខេត្តកំពង់ធំ ត្រូវបាន​ដកហូត​មុខតំណែង​និង​ព្យួរការងារ​, អធិការរង​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ត្រូវ​ព្យួរការងារ​, និង នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ​៣​នាក់ ត្រូវ​ព្យួរការងារ​។ យ៉ាងណា លោក ហ៊ឹម យ៉ាង បញ្ជាក់ថា នគរបាល​ទាំង​៥​នេះ គឺ​មិនមែន​ព្យួរការងារ​រហូត​នោះទេ ពោលគឺ​រង់ចាំ​សេចក្ដីសម្រេច​ថ្មី​។ 
 
​ចំពោះ​ករណី​នាយការិយាល័យ​ចរាចរណ៍​ខេត្តកំពង់ធំ មិនមែន​ត្រូវ​ព្យួរការងារ​ដោយសារតែ​កំហុសឆ្គង​ពេល​ចុះ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នោះទេ គឺ​លោក ប្រព្រឹត្ត​បទល្មើស​ចរណ៍ ដោយ​បើករថយន្ត​ក្នុងស្ថានភាព​ស្រវឹង​។ ពេល​នគរបាល​ចរាច​រណ៍ ឃាត់​រថយន្ត​និង​សួរនាំ​លោក លោក ក៏​ប្រើ​ពាក្យសម្តី​មិន​សមរម្យ​ទៅកាន់​នគរបាល​ចរាច​រណ៍ ព្រមទាំង​ប្រើពាក្យ​ប៉ះពាល់​ដល់​អភិបាលខេត្ត​កំពង់ធំ​ទៀត​។  
 
​ត្រឹម​រយៈ​១​ខែ​ក្នុង​ខែឧសភា ឆ្នាំ​២០២០ នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ត្រួតពិនិត្យ​និង​ផាកពិន័យ​យានយន្ត​ជាង​៤,៤​ម៉ឺន​ករណី ដោយ​ក្នុងនោះ​មាន​រថយន្ត​ជាង​១,២​ម៉ឺន​ករណី ស្មើនឹង​២៧​ភាគរយ ហើយ​ទោចក្រយានយន្ត​និង​ត្រីចក្រយានយន្ត​ជាង​៣,២​ម៉ឺន​ករណី ស្មើនឹង​៧៣​ភាគរយ​។ នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​សុ​វ​ត្ដិ​ភាព​ចរាចរណ៍​ផ្លូវគោក​។ 
 
​បើ​ប្រៀបធៀប រយៈពេល​ដូចគ្នា​នៃ​ខែឧសភា​ឆ្នាំ​២០១៩ ឃើញថា គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ​១៣០​លើក ស្មើ​៣៧​ភាគរយ ពោលគឺ​ពី​៣៤៨​លើក ថយចុះ​នៅ​២១៨​លើក​។ រីឯ​អ្នកស្លាប់​ថយចុះ​៤២​នាក់ ស្មើ​២៧​ភាគរយ គឺ​១៥៥​នាក់​ថយចុះ​នៅ​១១៣​នាក់​។ ចំណែក អ្នករបួស​ថយចុះ​១៦២​នាក់ ស្មើ​៣២​ភាគរយ គឺ​៥០៤​នាក់ ថយចុះ​មក​នៅ​៣៤២​នាក់​៕ 

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com