ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
Rodtang ចង់ឃើញ Jonathan Haggerty ប៉ះ​កីឡាករ​ថៃ​ម្នាក់​
02, Jun 2020 , 9:29 am        
រូបភាព
​ជើង​ខ្លាំង​របស់​ថៃ Rodtang Jitmuangnon  ឬ រហស្សនាម “The Iron Man” ដែល​កំពុងកាន់​ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion  បាន​និយាយ​អំពី​គូប្រជែង​ចាស់​របស់ខ្លួន និង ចង់​ឲ្យ​រូបគេ​ប៉ះ​អតីត​ម្ចាស់​ខ្សែក្រវាត់​ម្នាក់​ដែលជា​មិត្ត​រួម​ជាតិ​របស់ខ្លួន​។


 

 

កាល​ខែ សីហា ឆ្នាំ ២០១៩ កីឡាករ​មកពី​បាងកក​បាន​យកឈ្នះ Jonathan “The General” Haggerty  ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​ដើម្បី​ឈ្នះ​ខ្សែក្រវាត់ ហើយ​បាន​យកឈ្នះ​កីឡាករ​ជើង​ខ្លាំង​មកពី​ចក្រភព​អង់គ្លេស​ម្ដងទៀត​ក្នុងការ​ប្រកួត​សងសឹក​កាល​ខែ មករា កន្លងទៅ​។ 
 
​ទោះ Haggerty ជា​គូប្រជែង​ដ៏​ជូរចត់​នៅលើ​សង្វៀន ប៉ុន្តែ​កីឡាករ​មកពី​ក្លិប Jitmuangnon បាន​សរសើរ​ដល់​កីឡាករ​មកពី​ចក្រភព​អង់គ្លេស​ជានិច្ច​។ “The Iron Man” បាន​ថ្លែង​បែបនេះ ៖«​គេ​គឺជា​កីឡាករ​ល្អ​បំផុត​ក្នុង​ក្បាច់គុន​មួយ​ថៃ​។ ពេល​ខ្ញុំ​គិត​អំពី Haggerty​ឬ ពេល​ខ្ញុំ​ឮឈ្មោះ​របស់គេ ខ្ញុំ​តែងតែ​នឹក​ដល់​ការជួបគ្នា​នៅលើ​សង្វៀន​។ វា​ជាការ​ចងចាំ​ដ៏​ល្អ​បំផុត​ក្នុង​ជីវិត​របស់ខ្ញុំ​»​។ 
 



Rodtang បាន​យកឈ្នះ​ទាំងពីរ​លើ "The General” ប៉ុន្តែ​ក៏​បង្ហាញ​ការគោរព​ដ៏​ជ្រាលជ្រៅ​សម្រាប់ Haggerty  និង ជា​អ្នកគាំទ្រ​ម្នាក់​សម្រាប់​កីឡាករ​មកពី​ចក្រភព​អង់គ្លេស​រូបនេះ​។ 
 
​អ្វីដែល “The Iron Man” ចង់​និយាយ​នាពេលនេះ គឺ ចង់​ឲ្យ Haggerty ជួប​អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Flyweight Kickboxing World Champion កីឡាករ Petchdam “The Baby Shark” Petchyindee Academy​។ Rodtang ជឿជាក់ថា​ការប្រកួត​ប្រាកដជា​ល្អមើល​មិន​ខាន​។ កីឡាករ​វ័យ ២២ ឆ្នាំ​គូសបញ្ជាក់​បែបនេះ ៖«​ខ្ញុំ​ចង់ឃើញ​រូបគេ និង Petchdam ប្រកួត​ជាមួយគ្នា​។ ខ្ញុំ​គិតថា​វា​ច្បាស់​ជា​ជក់ចិត្ត និង ជាការ​ប្រកួត​ដ៏​អស្ចារ្យ​សម្រាប់​អ្នកគាំទ្រ​»​។ 
 
​កីឡាករ​ម្ចាស់​ខ្សែក្រវាត់​វ័យ ២២ ឆ្នាំ​បន្តថា ៖«​មាន​កីឡាករ​ក្បាច់គុន​មួយ​ថៃ​ច្រើនណាស់​ក្នុង​ប្រភេទ​ទម្ងន់​នេះដែ​លអាច​ប៉ះ Haggerty ប៉ុន្តែ​ជា​ទស្សនៈ​របស់ខ្ញុំ គឺ Petchdam ជា​គូប្រកួត​ដ៏​ល្អ​បំផុត​»​។ 
 
Rodtang ពិពណ៌នា​ទៀតថា ៖«​វា​ពិតជា​រំភើប​ណាស់​បើសិន​ពួកគេ​ជួបគ្នា​មែន​។ Petchdam និង Haggerty ជា​អ្នកខ្លាំងៗ​ធ្លាប់​ឈ្នះ​ជើងឯក ONE World Champions ស្រាប់​ទៅហើយ​។ ម្នាក់​ធ្លាប់​ឈ្នះ kickboxing ហើយ​ម្នាក់​ឈ្នះ Muay Thai ។ មួយទៀត​ពួកគេ​មាន​អាយុ​ស្របាល​គ្នា រាងកាយ​ប្រហែល​គ្នា និង ស្ទិល​ប្រកួត​ក៏​មិន​ខុសគ្នា​ប៉ុន្មាន​។ ហើយ​បេះដូង​របស់គេ​រឹតតែ​អន្ទះសា​ចង់​ប្រកួត​ដូចគ្នា​ទៀតផង​»​។ 
 


ការផ្គូផ្គង​គូ​ថ្មី​នេះ បន្ទាប់ពី Rodtang និង “The Baby Shark” ធ្លាប់​ជួបគ្នា​ពីរលើក​រួចមកហើយ​នៅ​សង្វៀន Rajadamnern Stadium ហើយ​ជា​លទ្ធផល គឺ ឈ្នះ​ពិន្ទុ​ម្ដងម្នាក់​។ 
 
​បើសិន Haggerty ជួប Petchdam រួចរាល់ គេ​ច្បាស់​ជា​ចង់​ជួប “The Iron Man” ជា​លើក​ទី​៣​មិន​ខាន​។ យ៉ាងណាក្ដី Rodtang ត្រូវបាន​គេ​បង្ហើប​ល្ហិ​ច​ល្ហៀ​ង​ថា​កីឡាករ​ជើង​ខ្លាំង​វៀតណាម  “No.1” Nguyen Tran Duy Nhat ប៉ង​ចង់​ជួប​រូបគេ​នាពេល​ឆាប់ៗ​ខាងមុខ​។ ប៉ុន្តែ Rodtang កំពុង​ដាក់​គោលដៅ​ដណ្ដើម​ខ្សែក្រវាត់ ONE Flyweight Kickboxing World Champion ពី Ilias “Tweety” Ennahachi សម្រាប់​ខ្សែក្រវាត់​បន្ទាប់ ហើយ​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់ Flyweight  រូបនេះ​សង្ឃឹមថា​អ្នករៀបចំ​កម្មវិធី​នឹង​ផ្ដល់ឱកាស​ឲ្យ​កើតមានឡើង​ក្នុងជំនួប​ដ៏​ធំ​នេះ​៕

Tag:
 ​អត្ថបទ​៖ ស៊ី​ធី​
© រក្សាសិទ្ធិដោយ thmeythmey.com