ភ្នំពេញ៖ រដ្ឋាភិបាល សម្រេចផ្ទេររចនាសម្ព័ន្ធនៃមន្ទីរសុខាភិបាល ឱ្យស្ថិតក្រោមរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលរាជធានី-ខេត្តវិញ ដើម្បីផ្ដល់គុណភាពសេវាសុខាភិបាល ឱ្យកាន់តែកៀកប្រជាពលរដ្ឋ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានបញ្ជក់ថា ការផ្ទេរនេះគឺដើម្បីធ្វើឱ្យប្រសើរឡើង នូវការផ្ដល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ តាមរយៈការបង្ខិតសេចក្ដីសម្រេចចិត្ត និងការទទួលខុសត្រូវលើផ្នែកសុខាភិបាល ឱ្យកាន់តែកៀកប្រជាពលរដ្ឋ ។
ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលរាជធានី-ខេត្ត ប្រារព្ធនៅក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣ មិថុនា លោក ម៉ម ប៊ុនហេង បានបញ្ជាក់ដូច្នេះថា៖«ក្រសួងនៅតែមានតួនាទីចំបាច់មួយចំនួនដដែល ដូចជាការកសាងច្បាប់ កំណត់របៀបវារៈគោលនយោបាយសុខាភិបាលជាតិ កំណត់ស្តង់ដារបច្ចេកទេស ផ្ដល់គោលការណ៍ណែនាំនានា ពិនិត្យ និងតាមដានវាយតម្លៃ ស្នាដៃប្រព័ន្ធសុខាភិបាលជាដើម ។ រដ្ឋបាលរាជធានីខេត្ត(ត្រូវ)ខិតខំកៀងគរការគាំទ្រថវិកា សម្ភារ និងបច្ចេកទេស និងប្រើប្រាស់ធនធាន ដើម្បីផ្ដល់សេវាសុខាភិបាល ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព »។
រចនាសម្ព័ន្ធនៃមន្ទីរសុខាភិបាលបច្ចុប្បន្ន ដែលត្រូវផ្ទេរឱ្យស្ថិតក្រោមរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលរាជធានី-ខេត្តរួមមាន មន្ទីរសុខាភិបាលចំនួន២៥, មន្ទីរពេទ្យបង្អែករាជធានីខេត្តចំនួន២៥, ការិយាល័យស្រុកប្រតិបត្តិចំនួន១០៣, មន្ទីរពេទ្យបង្អែកក្រុង-ស្រុក ចំនួន៩២ ,មណ្ឌលសុខភាពចំនួន១២២១ និងប៉ុស្តិ៍សុខភាពចំនួន១២៧។
ក្រៅពីនេះ ក្រសួងសុខាភិបាល ក៏បានផ្ទេរធនធានមនុស្ស ដែលកំពុងបំពេញការងារតាមមន្ទីរសុខាភិបាល និងអង្គភាពក្រោមឱវាទទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត ចំនួន២០,១២៤នាក់ ក្នុងនោះគ្រូពេទ្យកំពុងបំពេញការងារនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពចំនួន ១៧,២៣៨នាក់ ,បុគ្គលិកបម្រើការងាររដ្ឋបាលនៅមន្ទីរ និងការិយាល័យសុខាភិបាលចំនួន ២៨៨៦នាក់ ព្រមទាំងបុគ្គលិកកិច្ចសន្យាជិត៣ពាន់នាក់ផ្សេងទៀត ។
មិនតែប៉ុណ្ណោះរដ្ឋាភិបាល ក៏នឹងផ្ទេរថវិកាប្រមាណ ១៦៦,៥លានដុល្លារ ទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងទ្រព្យសម្បត្តិកំពុងប្រើប្រាស់ដោយមន្ទីរសុខាភិបាល និងអង្គភាពក្រោមឱវាទទៀតផង ។ នេះបើតាមសេចក្តីប្រកាសអន្តរក្រសួង រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ ស្ដីការផ្ទេរធនធានថវិកាដោយមានភ្ជាប់លក្ខខណ្ឌទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត សម្រាប់អនុវត្តមុខងារនេះ ដោយផ្អែកតាមច្បាប់ថវិកាជាតិឆ្នាំ២០២០។
សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការប្រគល់មុខងារគ្រប់គ្រងផ្ដល់សេវាសុខាភិបាល ទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា បន្ទាប់ពីបានដំណើរការជាង១០ឆ្នាំមកនេះ។ សម្ដេច ស ខេង ក៏ណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត គ្រប់គ្រង និងប្រើប្រាស់ថវិកាសម្រាប់វិស័យសុខាភិបាលនេះ ឱ្យបានត្រឹមត្រូវ។
«ថវិកាដែលបានផ្ទេរមក គឺមានភ្ជាប់លក្ខខណ្ឌ ដែលទាមទារឱ្យក្រុមប្រឹក្សា និងគណៈអភិបាល ត្រូវមានការយល់ដឹងឱ្យបានច្បាស់អំពីគោលការណ៍ បែបបទ និងនីតិវិធីនៃការគ្រប់គ្រង និងប្រើប្រាស់ថវិកានេះ និងមិនអាចយកថវិកានេះ ទៅប្រើប្រាស់ក្នុងមុខងារផ្សេង ក្រៅពីវិស័យសុខាភិបាលបានឡើយ»។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ផ្អែកតាមប្រព័ន្ធគ្រប់គ្រងសុខាភិបាលថ្មីនេះ ក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីខេត្ត នឹងក្លាយជាអ្នកទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អំពីលទ្ធផលនៃការបំពេញការងារ ពាក់ព័ន្ធនឹងការផ្ដល់សេវាសុខាភិបាល។ មិនតែប៉ុណ្ណោះ រដ្ឋបាលរាជធានី-ខេត្ត ត្រូវទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល ក្នុងការបំពេញការងារដោយផ្អែកលើគោលនយោបាយ ផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាល និងស្តង់ដារនានា ដែលបានកំណត់ដោយក្រសួងសុខាភិបាល ។ សម្ដេច ស ខេង បានសង្កត់ធ្ងន់បែបនេះ៕