COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
សមាជិក Spurs ម្នាក់​ឆ្លង COVID-19 ខណៈ​៩​ករណី​ទៀត​រកឃើញ​នៅ Championship
04, Jun 2020 , 2:28 pm        
រូបភាព
ក្លិប Tottenham Hotspur មាន​ករណី​ឆ្លង​ជំងឺ COVID-19 ម្នាក់ ក្រោយ​ទទួល​ការធ្វើ​តេស្ត​លើកចុងក្រោយ​ពី​សំណាក់​ក្របខណ្ឌ Premier League​។ ដោយឡែក មនុស្ស​៩​នាក់​ដែល​មកពី​ក្លិប​ចំនួន​៦​នៃ​លី​គ​លំដាប់​ទី​២ អង់គ្លេស (Champioship) ក៏​រកឃើញថា​ឆ្លង​ជំងឺ​រាតត្បាត​សកល​នេះ​ផងដែរ​។​


​ក្លិប​រហស្សនាម​មាន់​ខ្នាយ​មាស បញ្ជាក់​នៅ​ថ្ងៃទី​៣ ខែមិថុនា ថា សមាជិក​របស់ខ្លួន​ដែល​ឆ្លង​នោះ​ត្រូវ​យកទៅដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​គេ​ចំនួន​៧​ថ្ងៃ ដើម្បី​តាមដាន​និង​ព្យាបាល​ជំងឺ​។ ដោយសារ​ជាការ​សម្ងាត់​របស់​ក្រុមគ្រូពេទ្យ អត្តសញ្ញាណ​របស់​អ្នក​ឆ្លង​នេះ​មិនត្រូវ​បានបង្ហាញ​ឲ្យ​ដឹង​នោះឡើយ​។​
 
​មួយ​ករណី​នៅ Spurs នេះ គឺជា​លទ្ធផល​វិជ្ជមាន​តែមួយគត់​ក្នុងចំណោម​កីឡាករ និង​បុគ្គលិក​ចំនួន ១១៩៧ នាក់​មកពី​ក្របខណ្ឌ​កំពូល​អង់គ្លេស​បានទទួល​ការធ្វើ​តេស្ត​រក​មេរោគ​នៅក្នុង​ជុំ​ចុងក្រោយ​។​
 
​ស្របគ្នា​នេះ ក្លិប​ក្នុង​ក្របខណ្ឌ​កម្រិត​ទី​ពីរ​អង់គ្លេស​ចំនួន​៦ ក៏​រកឃើញថា មាន​អ្នក​ឆ្លង COVID-19 ចំនួន​៩​នាក់​ផងដែរ​។ ក្រុម Preston និង Sheffield Wednesday បាន​បញ្ជាក់ថា ពួកគេ​មាន​សមាជិក​ម្នាក់​ដូចគ្នា​បានធ្វើ​តេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​នេះ​។​
 
​នៅ Championship មាន​មនុស្ស​ចំនួន ១០៩៤ នាក់​ត្រូវ​ទទួល​ការធ្វើ​តេស្ត​ក្នុង​រយៈពេល ៤ ថ្ងៃ​កន្លងមក ហើយ​អ្នក​ដែលមាន​លទ្ធផល​វិជ្ជមាន ត្រូវដាក់​ខ្លួនឯង​ឲ្យ​នៅ​ដាច់​ពី​គេ​ដោយ​ខ្លួនឯង​ផ្ទាល់ ដោយ​គោរព​តាម​គោលការណ៍​ណែនាំ​របស់​លី​គ​អង់គ្លេស (EFL)​។​
 
​រហូតមកទល់​ពេលនេះ មាន​ក្លិប​ចំនួន​៧​ហើយ​នៅ Championship ដែល​បានប្រកាសថា​ពួកគេ​មាន​កីឡាករ និង​បុគ្គលិក​ឆ្លង COVID-19 ដួច​ជា Preston, Sheffield Wednesday, Cardiff, Middlesbrough, Blackburn, Fulham និង Hull City ។ ក្នុងចំណោម​កីឡាករ និង​បុគ្គលិក​ក្លិប​ជាង​៤​ពាន់​នាក់ ដែល​បានធ្វើ​តេស្ត​ចាប់ពី​ថ្ងៃទី​២១ ខែឧសភា​មក គេ​រកឃើញ​អ្នក​វិជ្ជមាន COVID-19 ចំនួន​២៤​នាក់​ហើយ​៕
 

Tag:
 Tottenham Hotspur
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com