ភ្នំពេញ៖ អង្គការ៦នៅកម្ពុជា រួមមាន Save the Children, Child World, Plan international Cambodia, Terre des Hommes, អង្គការភូមិកុមារ (SOS) និង អង្គការទស្សនៈពិភពលោកអន្តរជាតិ ដែលធ្វើការងារផ្តោតសំខាន់លើផ្នែកអប់រំនិងសិទ្ធិកុមារ បានសហការគ្នា ស្ទង់មតិសិស្សអំពីការសិក្សារបស់ពួកគេ តាមកម្មវិធីអំពីសិក្សាពីចម្ងាយនិងប្រព័ន្ធអេឡិចត្រូវនិច ក្នុងអំឡុងសាលាបិទទ្វារ ដោយសារវិបត្តិជំងឺកូវី១៩។
ក្រោយស្ទង់មតិ អង្គការទាំង៦ បានចេញរបាយការណ៍វាយតម្លៃរួមគ្នាថា សិស្សដល់ទៅ៧៨ភាគរយ មានពេលសិក្សាតាមអនឡាញ និងស្វ័យសិក្សានៅផ្ទះ តែមិនសូវបានពេញលេញឬជាប់លាប់នោះទេ ដោយពួកគេ សិក្សាបានតិចជាង១០ម៉ោង ក្នុង១សប្តាហ៍។ បើប្រៀបធៀបការរៀនផ្ទាល់នៅសាលា ពួកគេ ត្រូវសិក្សា២០ម៉ោងក្នុង១សប្តាហ៍។
លោក ហ៊ុយ ឃី ទីប្រឹក្សាជាន់ខ្ពស់ផ្នែកគោលនយោបាយនៃអង្គការ Save the Children ប្រាប់សារព័ត៌មានថ្មីៗ តាមបណ្តាញទំនាក់ទំនងតេឡេក្រាមថា បើបែងចែកទៅតាមកម្រិតសិក្សា ក្នុងចំណោមសិស្ស៧៨ភាគរយ ដែលបានបន្តការសិក្សានៅផ្ទះ មាន៥៣ភាគរយ ជាសិស្សនៅកម្រិតវិទ្យាល័យ ៣២ភាគរយ ជាសិស្សនៅកម្រិតអនុវិទ្យាល័យ និង ១៤ភាគរយ ជាសិស្សនៅកម្រិតបឋមសិក្សា។
លោក ផ្តល់ព័ត៌មានថា ការស្ទង់មតិនេះ គឺធ្វើឡើងតាមទូរស័ព្ទ ដោយក្រុមការងារមួយ គឺបណ្តាញកុមារនិងយុវជន។ លោក បន្តថា មានសិស្ស២៣៩នាក់ អាយុចន្លោះពី១០ឆ្នាំទៅ១៧ឆ្នាំ ក្នុងខេត្ត១៥ និងក្នុងភ្នំពេញ បានចូលរួមផ្តល់បទសម្ភាស។
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកគោលនយោបាយនៃអង្គការ Save the Children បញ្ជាក់ដូច្នេះថា៖«តាមការសម្ភាស សិស្ស៧៨ភាគរយ បានបន្តការសិក្សាខ្លះៗ នៅផ្ទះ ខណៈដែលសាលារៀនបានបិទ»។
លោក បង្ហាញតួលេខលម្អិតថា ក្នុងចំណោមសិស្ស៧៨ភាគរយនោះ ៣៨ភាគរយ អាយុ១៧ឆ្នាំ ២០ភាគរយ អាយុ១៦ឆ្នាំ ១៤ភាគរយ អាយុ១៥ឆ្នាំ ១១ភាគរយ អាយុ១៤ឆ្នាំ ៨ភាគរយ អាយុ១៣ឆ្នាំ និង ៦ភាគរយ អាយុ១២ឆ្នាំ។
រយៈពេល២ខែកន្លះហើយ ដែលសាលានៅទូទាំងប្រទេសកម្ពុជា ត្រូវបិទទ្វារ ដោយក្រសួងអប់រំ ចង់បើកវិញនៅខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាថ្ងៃបើកបវេសនាការសម្រាប់ឆ្នាំថ្មី។ ការមិនទាន់អាចបើកសាលាឡើងវិញ នាពេលនេះ គឺដើម្បីទប់ស្កាត់កុំឲ្យមានរលកថ្មីនៃជំងឺកូវីដ១៩។ អង្គការទាំង៦ អះអាងថា សិស្សពីថ្នាក់បឋមសិក្សាដល់ថ្នាក់មធ្យមសិក្សាទុតិយភូមិជាង៣លាននាក់ មិនបានទៅរៀននៅសាលា។
របាយការណ៍របស់អង្គការខាងលើ បង្ហាញថា ការកង្វះខាតថវិកា សម្រាប់បង់ថ្លៃអ៊ីនធឺណិត ការមិនទាក់ទងទៅគ្រូ និង បញ្ហាអ៊ីនធឺណិតដើរយឺត ជាកត្តាដែលនាំឲ្យសិស្សមិនបានរៀនឲ្យបានដិតដល់ក្នុងអំឡុងពេលសាលាបិទទ្វារ។ មើលតាមរបាយការណ៍នេះ កុមារ២ភាគ៣ មានការព្រួយបារម្ភថា បើពួកគេ នៅតែបន្តការសិក្សាតាមផ្ទះទៀត នឹងធ្វើឲ្យពួកគេបោះបង់ការសិក្សាជាបន្តបន្ទាប់ និងអាចប៉ះពាល់ដល់អនាគតរបស់ពួកគេ។
ក្នុងរបាយការណ៍ សរសេរថា កុមារ និងយុវជនប្រមាណ៨៤ភាគរយ បានចំណាយពេលច្រើន ក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ដោយក្នុងនោះ មានកុមារ១៥ភាគរយ បានទាក់ទងទៅមនុស្សដែលមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ក្នុងបណ្តាញសង្គម និងមានកុមារ២ភាគរយ ត្រូវបានគេបញ្ជាឲ្យចែកចាយរូបភាព ឬវីដេអូ ឬធ្វើសកម្មភាពមិនសមរម្យនៅមុខកាមេរ៉ា។
លើសពីនេះ ការបិទសាលាក្នុងរយៈពេលកន្លងមក បាននាំឲ្យក្មេងស្រីមួយចំនួន មិនបានសិក្សាឲ្យបានទៀងទាត់ ដោយពួកគេយកពេលវេលា ទៅជួយធ្វើការងារផ្ទះវិញ។ នេះបើផ្នែកលើរបាយការណ៍ដដែល ដោយបន្ថែមថា ក្មេងស្រី ដែលងាកទៅធ្វើការងារផ្សេងៗ ក៏ជាហេតុនាំឲ្យពួកគេប្រឈមនឹងគ្រួសារបង្ខំឲ្យរៀបការ មានផ្ទៃពោះទាំងវ័យក្មេង រងអំពើហិង្សានៅក្នុងគ្រួសារ និង អំពើហិង្សាផ្លូវភេទ។ ទន្ទឹមនេះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ កុមារ និងយុវវ័យ៣៦ភាគរយបានប្រឈមនឹងការងារពលកម្ម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។
ការស្ទង់មតិខាងលើ ធ្វើឲ្យគេដឹងទៀតថា ក្រោយពេលសាលាបិទទ្វារ ឪពុកម្តាយ៧៤ភាគរយ មានចំណេះដឹងតិចតួចដើម្បីបង្រៀនកូន ក្នុងនោះមានឪពុកម្តាយប្រមាណ៦០ភាគរយ ដែលបានចំណាយពេល និងយកចិត្តទុកដាក់លើការណែនាំកូនរៀននៅផ្ទះ ហើយមានតែឪពុកម្តាយ៣០ភាគរយ មិនបានបង្រៀនកូនទាល់តែសោះ។
របាយការណ៍ប្រចាំខែរបស់អង្គការស្បៀងអាហារនិងកសិកម្ម និងក្រសួងពាណិជ្ជកម្ម បានបង្ហាញថា កុមារ៣២ភាគរយដែលមានអាយុ៥ឆ្នាំ មានអត្រាកង្វះអាហារូបត្ថម្ភ និងមានកុមារ១០ភាគរយមិនមានទម្ងន់គ្រប់គ្រាន់ដូចនឹងកុមារដទៃទៀត។ អង្គការស្បៀងអាហារនិងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ព្យាករថា បើស្ថានភាពកង្វះអាហារូបត្ថម្ភនៅតែអូសបន្លាយទៀត អត្រាកង្វះអាហារូបត្ថម្ភសម្រាប់កុមារទំនងជាកើតមានខ្ពស់ ដែលនាំឲ្យប៉ះពាល់ដល់វឌ្ឍនភាព និងគំរាមកំហែងដល់ការអភិវឌ្ឃរាងកាយ និងបញ្ញារបស់កុមារកម្ពុជារាប់សែននាក់ទៀត៕