សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន​ប្រាប់​អង់គ្លេស​ថា ការប៉ុនប៉ង​ជ្រែ​ត​ជ្រែក​កិច្ចការ​ហុងកុង នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​ដើរ​ដល់​ចំណុច​ទាល់​
05, Jun 2020 , 7:39 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian ធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី៤ ខែមិថុនា។ រូបភាព៖ ក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian ធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី៤ ខែមិថុនា។ រូបភាព៖ ក្រសួងការបរទេសចិន
​ការប៉ុនប៉ង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ពី​សំណាក់​អង់គ្លេស គឺ​មានតែ​បង្ក​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី ដើរ​ដល់​ផ្លូវ​ទាល់តែ​ប៉ុណ្ណោះ ហើយ​វា​នឹងមិន​មាន​ផល​ល្អ​ឡើយ សម្រាប់​ទំនាក់ទំនង​ចិន និង​អង់គ្លេស​។ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Zhao Lijian នៅ​ថ្ងៃទី​៤ ខែមិថុនា​។​


​ការអនុម័ត​ផែនការ​ច្បាប់​ស្តី​សន្តិសុខ​ជាតិ​ហុងកុង​របស់​សភា​ប្រជា​ជនជាតិ​នាពេល​កន្លងមក បាន​បង្ក​ឲ្យ​មាន​បញ្ហា​ចម្រូងចម្រាស់​យ៉ាងខ្លាំង​នៅក្នុង​ទឹកដី​ហុងកុង​។ សូម្បីតែ​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក​បូរី​ស ចិន​សុន ក៏​ចូល​អន្តរាគមន៍​ក្នុង​រឿងនេះ​ផងដែរ​។ បើតាម​អះអាង​របស់លោក ច​ន​សុខ អង់គ្លេស ដែលជា​អតីត​ម្ចាស់​ដែនដី​អាណានិគម​ហុងកុង នឹងមិន​ឈរ​អោបដៃ​មើល​ប្រជាជន​ហុងកុង​ឡើយ បើសិន​បើ​ចិន​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​សន្តិសុខ​ជាតិ នៅក្នុង​ទឹកដី​ហុងកុង​។ 
 
​ក្នុងន័យនេះ រដ្ឋាភិបាល​អង់គ្លេស នឹង​ផ្លាស់ប្តូរ​គោលការណ៍​អន្តោប្រវេសន៍ ដោយ​បើកផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​ហុងកុង​ដែល​កាន់​លិខិតឆ្លងដែន​សម្រាប់​ពលរ​ដ្ឋ​ចក្រភព​អង់គ្លេស ឬ British National (Overseas) អាច​ចូលមក​ក្នុងប្រទេស​នេះ ពុំ​ចាំបាច់​ស្នើ​ទិដ្ឋាការ ហើយ​អាច​ស្នាក់នៅ​រហូតដល់​៦​ខែ​។ ចំណែក ពលរដ្ឋ​ហុង​ហុង ២,៥​លាន​នាក់ នឹងមាន​សិទ្ធិ​ដាក់​ស្នើ​សម្រាប់​លិខិតឆ្លងដែន​នេះ​។ 
 
​ជាការ​ឆ្លើយតប​ទៅនឹង​នាយករដ្ឋមន្ត្រី​អង់គ្លេស អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Zhao Lijian បាន​លើកឡើងថា ការចាត់ចែង​នយោបាយ​ជុំវិញ​លិខិតឆ្លងដែន ឬ​គំនិត​ទុ​ច្ច​ចរិត​ឆ្លង​ព្រំដែន ដើម្បី​ប៉ុនប៉ង​ជ្រៀតជ្រែក​ចូលមកក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន គឺ​មានតែ​ធ្វើ​ឲ្យ​ភាគី​ទាំងពីរ ដើរ​ដល់​ផ្លូវ​ទល់​តែប៉ុណ្ណោះ​។ ក្នុងន័យនេះ ប្រសិនបើ​អង់គ្លេស​ធ្វើ​តែ​ឯកតោភាគី​ទាក់ទិន​នឹង​ករណី​ហុងកុង អង់គ្លេស​នឹង​បំពាន​ការសន្យា​របស់ខ្លួន ក៏ដូចជា​ច្បាប់​អន្តរជាតិ បទដ្ឋាន​អន្តរជាតិ ដែល​ចែង​ពី​ទំនាក់ទំនង​អន្តរជាតិ​តែប៉ុណ្ណោះ​។ 
 
​នា​សន្និសីទកាសែត​ថ្ងៃទី​៤ ខែមិថុនា លោក Zhao បាន​អះអាង​ទៀតថា ច្បាប់​ស្តីពី​សន្តិសុខ​ជាតិ​ហុងកុង នឹងមិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​របស់​ហុងកុង​ឡើយ​។ ផ្ទុយទៅវិញ​ច្បាប់​នេះ គ្រាន់​ដាក់ទណ្ឌកម្ម​ដល់​ជន​ណា ដែល​បំផ្លាញ​សន្តិសុខ​ជាតិ និង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ស្វយ័តភាព​កម្រិត​ខ្ពស់​របស់​ហុងកុង​តែប៉ុណ្ណោះ​។ 
 
​ប្រាប់​អ្នកសារព័ត៌មាន ក៏ដូចជា​សារ​ទៅកាន់​អង់គ្លេស​ផ្ទាល់ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​រូបនេះ បាន​សង្កត់ធ្ងន់ថា ស្ថិរភាព និង​កំណើន​នៃ​ទំនាក់ទំនង​រវាង​ចិន និង​អង់គ្លេស គឺជា​ការការពារ​ផលប្រយោជន៍​របស់​ភាគី​ទាំងសងខាង ហើយ​វា​តម្រូវ​អង់គ្លេស ធ្វើ​ដាក់​ចិន ដូច​ចិន​ធ្វើ​ដាក់​អង់គ្លេស​ដែរ ក្នុងនោះ​មានដូចជា​ការគោរព​អធិបតេយ្យ ដែនដី និង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​គ្នា​ជាដើម​៕

Tag:
 ចិន​
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com