ជាតិ
សុខភាព
វេជ្ជបណ្ឌិតជំនាញ៖ អ្នកអាយុចាប់ពី៥០ឆ្នាំឡើង ចាំបាច់ត្រូវឆ្លុះក្រពះរកមើលដុំសាច់មហារីក
× ភ្នំពេញ៖ ជំងឺមហារីកក្រពះ គឺជាកោសិកាក្រពះដែលមានការវិវត្តន៍ពីការរលាក និងដំបៅក្រពះ ហើយទៅជាដុំមហារីក។ ជំងឺនេះ ភាគច្រើនកើតលើមនុស្សដែលមានវ័យចាប់ពី៥០ឆ្នាំឡើងទៅ។ បើតាមលោកវេជ្ជបណ្ឌិត ជ័យ វិទ្យារិទ្ធី ជំងឺមហារីកក្រពះមានរោគសញ្ញា ដូចជា ស្រកគីឡូ, លាមកខ្មៅ ឬមានឈាម, បរិភោគអាហារឆាប់ឆ្អែត និងពេលបរិភោគអាហារធ្វើឱ្យចុកណែនពោះជាដើម។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាង ទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ និង លោកវេជ្ជបណ្ឌិត ជ័យ វិទ្យារិទ្ធី ឯកទេសពោះវៀន ក្រពះ និងឫសដូងបាត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដូចតទៅ៖
លោកវេជ្ជបណ្ឌិត ជ័យ វិទ្យារិទ្ធី ឯកទេសពោះវៀន, ក្រពះ និងឫសដូងបាត បានឲ្យដឹងថា ជំងឺមហារីកក្រពះអាចព្យាបាលជា បើស្ថិតនៅដំណាក់កាលដំបូង។ ប៉ុន្តែ បើទុកដល់ដំណាក់កាលធ្ងន់ធ្ងរហើយនោះ មិនអាចព្យាបាលជាទេ គ្រាន់តែអាចព្យាបាលពន្យាប៉ុណ្ណោះ។ ដើម្បីការពារជំងឺមហារីកក្រពះ កុំឱ្យវិវត្តន៍ដល់ដំណាក់កាលធ្ងន់ធ្ងរ វិជ្ជបណ្ឌិតនៃនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជ័យ វិទ្យារិទ្ធី បានបញ្ជាក់ថា អ្នកដែលមានវ័យ៥០ឆ្នាំឡើងទៅគួរតែ មកពិនិត្យក្រពះ ព្រោះក្នុងវ័យនេះ ភាគច្រើនមានដុំសាច់មិនល្អក្នុងក្រពះ ឬពោះវៀន។
«បើយើងឆ្លុះក្រពះក្នុងអាយុ៥០ឆ្នាំ ក្រពះពោះវៀនមិនមានបញ្ហាទេ នោះគេឱ្យ៥ឆ្នាំឆ្លុះក្រពះម្ដង លើកលែងតែប្រើថ្នាំសរសៃ, ថ្នាំក្រពះពោះវៀនក្នុងករណីនេះត្រូវឆ្លុះឡើងវិញ។ អាយុចន្លោះពី៥០ទៅ៧០ឆ្នាំ គាត់ប្រហែលអាចឆ្លុះពី៤-៥ដង ប្រសិនបើ ផុតពីអាយុ៧០ឆ្នាំ គ្មានបញ្ហាអ្វីទេ គេលែងឱ្យគាត់ឆ្លុះហើយ»។ នេះជាការពន្យល់របស់លោកវេជ្ជបណ្ឌិត ជ័យ វិទ្យារិទ្ធី ឯកទេសពោះវៀន ក្រពះ និងឫសដូងបាត ពីមូលហេតុដែលចាំបាច់ត្រូវឆ្លុះក្រពះ។
វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រូបនេះបានបន្ថែមថា ការឆ្លុះក្រពះមិនមែនរកតែដុំសាច់មហារីកតែមួយមុខទេ ប៉ុន្តែជាការឆ្លុះរកគ្រប់បញ្ហាក្រពះ និងពោះវៀន ដូចជាបញ្ហា រលាក, ដុះសាច់ និងដំបៅក្រពះជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com