COVID-19
ជាតិ
ការពន្យារពេល​បើក​សាលារៀន​កាន់តែ​យូរ​អាច​នឹង​ជះឥទ្ធិពល​អវិជ្ជមានរ​យៈ​ពេល​វែង​សម្រាប់​កម្ពុជា​
06, Jun 2020 , 11:14 am        
រូបភាព
ទិដ្ឋភាពនៅ​សាលារៀនមួយក្នុងរាជធានីភ្នំពេញ មុនពេលដែល​រដ្ឋាភិបាល​ប្រកាសផ្អាក​បិទដោយសារកូវីដ១៩។ រូបថត AFP
ទិដ្ឋភាពនៅ​សាលារៀនមួយក្នុងរាជធានីភ្នំពេញ មុនពេលដែល​រដ្ឋាភិបាល​ប្រកាសផ្អាក​បិទដោយសារកូវីដ១៩។ រូបថត AFP
ដោយ៖ តូច សម្បត្តិ 
 
​កាលពី​ពាក់កណ្តាល​ខែមីនា​កន្លង​ទៅ នៅពេលដែល​ការ​រាលដាល​ជំងឺ កូ​វីដ​-១៩ បាន​កើនឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដូចជា​នៅ​ជុំវិញ​ពិភពលោក រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស បិទ​គ្រឹះស្ថាន​អប់រំ បណ្តុះបណ្តាល​សាធារណៈ និង​ឯកជន​ទាំងអស់​នៅ​ទូទាំងប្រទេស​។​



​បន្ទាប់មក​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បានស្នើ​សុំ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ពិចារណា​ពី​លទ្ធភាព​បើក​សាលារៀន​ឡើងវិញ​ក្នុងពេល​ឆាប់ៗ​។ ប៉ុន្តែ​ក្រសួង​បានប្រកាសថា សាលារៀន​អាច​នឹងត្រូវ​បើក​ឡើងវិញ​នៅ​ខែវិច្ឆិកា ដោយ​ការសម្រេច​នេះ​ត្រូវបាន​ឯកភាព​ពី​សំណាក់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ផងដែរ​។​
 
​ចាប់តាំងពី​កើតមាន​ជំងឺ​កូ​វីដ​-១៩  គេ​សង្កេតឃើញ​កម្ពុជា​ប្រឈម​នឹង​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​ជាច្រើន​។ បញ្ហា​នេះ​មិនមែន គ្រាន់តែ​ជា វិបត្តិ​សុខភាព​នោះទេ តែ​វា​ក៏​ជា​វិបត្តិ​សេដ្ឋកិច្ច សង្គម ជាពិសេស​គឺ​ប៉ះពាល់ ខ្លាំង​ទៅលើ វិស័យ​អប់រំ​។ អ្វីដែល​គួរ​ឲ្យ​បារម្ភ​ជាងនេះទៀត​នោះ​គឺ សិស្ស​នៅ​ទីជនបទ​ទំនងជា​រង​ផល ប៉ះពាល់​ខ្លាំង​ជាង​សិស្ស​នៅ​ទីប្រជុំជន​។​
 
​បញ្ហា​ប្រឈម​ចំពោះ​សិស្ស​ភាគច្រើន​ដែល​រស់នៅ​ទីជនបទ  គឺ​មិនមែន​ដោយសារតែ​ពួកគេ​អសមត្ថភាព​ក្នុងការ​ចាប់យក​មេរៀន​ដែល​គ្រូ​បង្ហាត់បង្រៀន​នោះទេ  ប៉ុន្តែ​បញ្ហា​ចម្បង​នោះ​គឺ​ពួកគេ​ពុំ​សូវ​មានចំណេះដឹង   និង​បទពិសោធន៍​ក្នុង​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​។ បើ​យោងតាម​របាយការណ៍រ​បស់​កាសែត​ខ្មែរ​ថា​ម​ស៍​ចេញផ្សាយ​ជា​ភាសា​អង់គ្លេស​ចុះ ថ្ងៃទី​៣១ ខែមីនា សិស្សានុសិស្ស​ពិតជា​មាន​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​បញ្ហា​កង្វះខាត​ឧបករណ៍​បច្ចេកវិទ្យា ដើម្បី​ជួយ​ដល់ ការសិក្សា​ពី​ចម្ងាយ​។ ទន្ទឹមគ្នា​នេះដែរ បញ្ហា​ប្រព័ន្ធ​អ៊ីនធឺណិត​ទៀតសោត ក៏មាន​ភាពរអាក់រអួល និង​មាន ភាពយឺតយ៉ាវ ដែល​រំខាន​ដល់​ការ​ផ្ចង់អារម្មណ៍​តាមដាន​មេរៀន​ដូចគ្នា​។ លើសពី​ទៅទៀត សិស្ស​នៅតាម ទីជនបទ មិន​យល់​ពី​ទម្រង់​នៃ​ការរៀន​អន​ឡាញ​នេះ​តែម្ដង​។ មិនតែប៉ុណ្ណោះ​ពួកគេ​ត្រូវ​ចំណាយ លុយ​ច្រើន ទៅ លើ​ប្រព័ន្ធ​អ៊ីនធឺណិត សម្រាប់​បម្រើ​ដល់​ការសិក្សា​របស់ខ្លួន​ទៀត​។​
 
​កត្តា​ប្រឈម​ទាំងនេះ ក្លាយជា​បន្ទុក​មួយ​សម្រាប់​ឪពុកម្តាយ​របស់​ពួកគេ​ដូចគ្នា​។ ជា​ឪពុកម្តាយ ដែល មានកូន​តូចៗ ជាធម្មតា​គេ​មិនសូវមាន​ពេលវេលា​ធ្វើការ​ងារ​ដូច​ពេលដែល​កូនៗ​ទៅ​រៀន​នៅ​សាលា​នោះ ទេ​។ នេះ​ក៏ដោយ​សារ​ពួកគេ​ចាំបាច់​ត្រូវ​ចំណាយពេល​នៅ​ជាមួយ​កូនៗ  ដើម្បី​ជួយ​សម្របសម្រួល​ត្រួត ពិនិត្យ និង​តាមដាន​កូនៗ របស់​ពួកគាត់​ពេល​កំពុង​រៀន​អន​ឡាញ​នៅផ្ទះ​។ 
 
​ដោយឡែក ចំពោះ​ឪពុកម្តាយ​មួយចំនួន ដែលមាន​កូន​ធំ​បាន​ថ្លែងប្រាប់​វិទ្យុ វី​អូ​ឌី កាលពី​ថ្ងៃទី​១២ ខែឧសភា​ថា ពី​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​កូនៗ​របស់​ពួកគាត់ ដោយហេតុថា​ពួកគេ​អាច​ប្រើប្រាស់ គ្រឿងញៀន ផឹកស៊ី ដើរលេង​ជាមួយ​មិត្តភក្តិ ឬ​អាច​ឈានដល់​ប្រព្រឹត្ត​អំពើ អបាយមុខ​ផ្សេងៗ ក្នុងករណី ដែល​សាលារៀន​នៅតែ​បន្ត​បិទទ្វារ​។​
 
​យ៉ាងណាមិញ​បញ្ហា និង​ភាពចម្រូងចម្រាស​ទាក់ទង​នឹង​ការដាក់​ពិន្ទុ ក៏ដូចជា​លទ្ធផល​សិក្សា​របស់ សិស្ស​ទាំងនេះ អាច​នឹង​កើតមានឡើង​។ ថ្វីដ្បិតតែ​ក្រសួង​អប់រំ​បានបញ្ជាក់​យ៉ាងច្បាស់​ថា វា​នឹងមាន ការវាយតម្លៃ​ត្រឹមត្រូវ រួមទាំង​ការបន្ថែម​ម៉ោង​សិក្សា​សម្រាប់​សិស្ស​ដែល​ត្រូវ​ត្រៀមប្រលង​ថ្នាក់ជាតិ ក្នុងករណី​ដែល​ពួកគេ​ខកខាន មុខវិជ្ជា​ណាមួយ​ក្នុងអំឡុងពេល​រៀន​តាម ប្រព័ន្ធ​អន​ឡាញ​ក៏ដោយ ក៏​សិស្ស​មួយចំនួន​នៅតែ​បារម្ភ​។ បញ្ហា​នោះ​គឺ ក្នុងចំណោម​សិស្ស​ដែល​ប្រលង​ធ្លាក់ ឬ​ទទួលបាន​ពិន្ទុ​តិច ជាពិសេស សិស្ស​ថ្នាក់​ទី ១២ ពួកគេ​អាច​នឹង​ចេញមុខ​ប្រមូល​ផ្ដុំគ្នា​តវ៉ា​លើ​លទ្ធផល​ប្រលង​ដូចដែល​ពួកគេ​ធ្លាប់ធ្វើ កន្លងមក​។ គេ​អាច​យក​លេស​ថា​ការរៀន​អន​ឡាញ​ពុំមាន​ប្រសិទ្ធភាព​។ ជាងនេះទៅទៀត រាល់​ការសម្រេចចិត្ត​ពី​សំណាក់ ក្រសួង​អប់រំ​លើ​លទ្ធផល​នេះ នឹង​ជះឥទ្ធិពល​ដល់​ការសិក្សា និង​ការងារ​ទៅ​ថ្ងៃមុខ​របស់​ពួកគេ​។​
 
​ផ្ទុយទៅវិញ​ប្រសិនបើជា​សាលារៀន​អាច​បើក​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ បញ្ហា​បន្ទាន់​ជាច្រើន​នឹងត្រូវ​បាន​ដោះស្រាយ​។ ប្រាកដ​ណាស់​ថា សិស្ស​ជាច្រើន​ដែល​កំពុង​ជួបប្រទះ​វិសមភាព​ក្នុង​លទ្ធភាព​ប្រើប្រាស់ ប្រព័ន្ធ​ប​ចេ្ច​ក​វិទ្យា នឹង​វិលត្រឡប់​ទៅរក​ស្ថិរភាព និង​ប្រសិទ្ធភាព​នៃ​ការអប់រំ​ឡើងវិញ​។​
 
​មិនតែប៉ុណ្ណោះ ការបើក​សាលារៀន​ឡើងវិញ​នឹង​ជួយ​ដោះស្រាយ​ភាពចម្រូងចម្រាស រវាង​ឪពុកម្តាយ​សិស្ស និង​សាលា​ឯកជន ដែល​កំពុង​ផ្ទុះ​ការតវ៉ា ទាមទារ​សុំ​បញ្ចុះ​ថ្លៃ​សិក្សា​របស់​កូនៗ​ពួកគេ​។ សម្រាប់​សាលា​ឯកជន ការបើក​សាលា​ឡើងវិញ​មានន័យថា វា​ជា​ការជួយ​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​ដូចគ្នា​។ 
 
​គ្រឹះស្ថាន​អប់រំ​និង​បណ្តុះបណ្តាល​ឯកជន​រាប់រយ​នៅក្នុង​ប្រទេស​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​ការ​ក្ស័យធន​។ នេះ​បើ​យោងតាម​សម្តី​របស់ លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ដែល​បាន​បញ្ជាក់ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ កាលពី​ថ្ងៃទី ១៥ ខែមេសា​។ ឪពុកម្តាយ​នឹង​អាច​សម្រេចចិត្ត​ព្យួរ​ការសិក្សា​របស់​កូនៗ​ខ្លួន ជាជាង​បង់ថ្លៃ​សិក្សា​ពេញ​សម្រាប់​ការរៀន​នៅផ្ទះ ដោយ​មិនមាន​កាលវិភាគ និង កិច្ច​តែងការ​បង្រៀន​ច្បាស់លាស់ ហើយ​ឪពុកម្តាយ​ខ្លួនឯង​ទៀត​ត្រូវ​ជួយ​បង្រៀន និង​តាមដាន​គ្រប់ពេល​។​
 
 ប្រសិនបើ​ឪពុកម្តាយ​មិន​បន្ត​បង់ថ្លៃ​សិក្សា​ឲ្យ​កូនៗ​ទេ  ច្បាស់​ណាស់សា​លា​ក៏​មិនមាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​បន្តដំណើរ​ការ​ដែរ ហើយ​ត្រូវ​បង្ខំចិត្ត​បិទទ្វារ  រីឯ​គ្រូបង្រៀន និង​បុគ្គលិក​សាលា​ទាំងអស់​ក៏ត្រូវ​បាត់បង់​ការងារ និង​ប្រាក់ចំណូល​។ នេះ​ក៏​ដោយសារ​រដ្ឋាភិបាល ពុំទាន់​មាន​ផែនការ​ច្បាស់លាស់​ណាមួយ​ក្នុងការ​ឧបត្ថម្ភ​ធន ដល់​ភាគី​ឪពុកម្តាយ​សិស្ស ឬ គ្រូបង្រៀន ដូចដែល​រដ្ឋាភិបាល​ប្រទេស​ដទៃទៀត​បាន​នឹង​កំពុង​អនុវត្ត​។ 
 
 រហូតមកដល់​ពេលនេះ រដ្ឋាភិបាល ក៏ដូចជា​ក្រសួង​អប់រំ បានត្រឹមតែ​អំពាវនាវ​ឱ្យ​ម្ចាស់​ផ្ទះជួល​បញ្ចុះ​ថ្លៃឈ្នួល​ផ្ទះ ឬ​ដី​អគារ​របស់ខ្លួន​ប៉ុណ្ណោះ ដោយហេតុថា​វា​ជា​ក្តីកង្វល់​ដ៏​ធំ​ខាង​ផ្នែក​ហិរញ្ញវត្ថុ សម្រាប់​សាលា​ឯកជន​។​
 
​មួយវិញទៀត ការអះអាង​ពី​ស្ថានភាព​នៃ​ការបិទ​សាលារៀន មិនមែនជា​ជម្រើស​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​ជំរុញ​ឲ្យ​មានការ​រក្សា​គម្លាត​សង្គម​នោះឡើយ ព្រោះថា សិស្សានុសិស្ស​ទាំងនោះ​នៅតែ​ចេញ​ក្រៅ​ផ្ទះ​ជួបជុំគ្នា​នៅតាម​ទីសាធារណៈ​។ បន្ថែម​ពីនេះ បើ​យោងតាម​សេចក្តីណែនាំ​លេខ ២៣ អយក​.​ស​ណន របស់​ក្រសួង​អប់រំ​ចុះ​ថ្ងៃទី ២៤ ខែមេសា   ក្រសួង​អប់រំ​បានស្នើ​ឲ្យ​លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​អប់រំ​ឯទៀត​ចុះ​តាម​ផ្ទះ​នីមួយៗ ដើម្បី​ពន្យល់ និង​និយាយ​ណែនាំ​ឪពុកម្តាយ​សិស្ស​អំពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ​សិក្សា​តាម​អន​ឡាញ ដែល​សកម្មភាព​ទាំងនេះ​ទំនងជា​អាច​ប្រាសចាក​ពី​គោលការណ៍​នៃ​ការរក្សា​គម្លាត​សង្គម​។​
 
​ប្រសិនបើ​រដ្ឋាភិបាល​ក​ម្ពុ​ជា​សម្រេចចិត្ត​បើក​សាលារៀន​ឡើងវិញ​មែន​នោះ ច្បាស់​ណាស់​ថា វា​មិនមែន​មានតែ​កម្ពុជា​នោះទេ ព្រោះ​ប្រទេស​និង​តំបន់​ខ្លះ​នៅ​ជុំវិញ​ពិភពលោក​ខ្លះ​បានចាប់ផ្តើម​ប្រកាស​បើក​សាលារៀន​ជា​បណ្តើរៗ ដោយ​ផ្នែក និង​ទៅតាម​កម្រិត​ថ្នាក់​។  ការសម្រេច​នេះ​ធ្វើឡើង​ដោយ​ផ្អែកលើ​បរិបទ និង​ស្ថានភាព​សេដ្ឋកិច្ច​នៃ​ប្រទេស​របស់​នីមួយៗ​។ ក្នុង​ទាំងនោះ​រួមមាន ចិន ដែលជា​ប្រទេស​ជា​មេរោគ ផ្ទុះឡើង​ដំបូង​, អាល្លឺម៉ង់​, ដា​ណឺ​ម៉ាក​, តៃវ៉ាន់​, ស៊ុយអែត​, អេ​ស្ប៉ា​ញ​, អ៊ីតាលី​, អូទ្រីស​, ន័​រវេ​ស​, បារាំង​, អ៊ីស្រាអែល និង​ជប៉ុន ។​ល​។ 
 
​សាលារៀន​មួយចំនួន​នៅ ប្រទេស​អង់គ្លេស​ក៏​គ្រោង​នឹង​បើក​នៅ​ដើមខែ​មិថុនា​នេះដែរ​។ ចំណែក ឯ​ប្រទេស​នៅ​តំបន់​អាស៊ាន​វិញ ទោះបីជា​អត្រា​ឆ្លង និង​ស្លាប់​នៅតែ​កំពុង​បន្ត​ក្តី ក៏​គម្រោង​ការបើក​សាលា រៀន​ឡើងវិញ​ពី​សំណាក់​រដ្ឋាភិបាល​របស់​ប្រទេស​ទាំងនេះ នៅតែ​បន្ត​អនុវត្ត​។ ប្រទេស​សិង្ហ​បុរី គឺជា​ប្រទេស​ដំបូង​គេ​ដែល​ប្រកាស​បើក​សាលារៀន​របស់ខ្លួន​ដោយ​ផ្នែក​។ 
 
​ដូចគ្នានេះដែរ ប្រទេសជិតខាង​កម្ពុជា​រួមមាន ប្រទេស​វៀតណាម បាន​អនុញ្ញាតិ​ឱ្យ​សិស្ស​ត្រឡប់​ទៅ​សាលារៀន​វិញ​តាំងពី​ថ្ងៃទី ៤ ខែឧសភា ហើយ​ប្រទេស​ឡាវ នៅ​ថ្ងៃទី ១៨ ខែឧសភា​។ ប្រទេស​ខ្លះទៀត​ក៏​គ្រោង​បើក​នៅ​ដើមខែ​កក្កដា និង​សីហា ខាងមុខ​នេះដែរ ក្នុងនោះ​មានដូចជា​ប្រទេស​ថៃ​, មី​យ៉ាន់​ម៉ា​, ព្រុយ​ណេ និង ហ្វីលីពីន​។ សូម្បីតែ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​បាន​រាយការណ៍​អំពី​អត្រា​មរណភាព​ខ្ពស់បំផុត​នៅក្នុង​តំបន់​អាស៊ី​បូព៌ា​ក្រៅពី​ចិន ក៏​នឹង​ចាប់ផ្តើម​បើក​ផ្នែក​ខ្លះ​នៃ​សេដ្ឋកិច្ច រួមទាំង​សាលារៀន​នៅ​ខែមិថុនា​នេះ​ផងដែរ​។ ចំណែកឯ​ក្រុម​គ្រូបង្រៀន​នៅ​ម៉ាឡេស៊ី ក៏បាន​ចាប់ផ្តើម​រៀបចំ​ថ្នាក់រៀន សម្រាប់​ត្រៀម​បើក​សាលារៀន​ឡើងវិញ​កាលពីដើម​ខែឧសភា ខណៈពេលដែល​គេ​កំពុង​រង់ចាំ​កាល​ការកំណត់​កាលបរិច្ឆេទ​ច្បាស់លាស់​ពី​សំណាក់​រដ្ឋាភិបាល​សិន​។​
 
​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​ហាក់ដូចជា​ស្ថិតក្រោម​ការគ្រប់គ្រង​បាន​យ៉ាង​ល្អ បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។ យោងតាម​ក្រសួងសុខាភិបាល​កម្ពុជា គិត​ត្រឹម​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២០ មាន​មនុស្ស​ចំនួន ១២៥ នាក់​ដែល​បានធ្វើ​តេស្ត​វិជ្ជមាន ក្នុងនោះ មាន ១២៣​នាក់ បានជា​សះស្បើយ​ឡើងវិញ នៅសល់តែ ២​នាក់​ប៉ុណ្ណោះ ដែល​កំពុង​ទទួល​ការព្យាបាល​។ អ្វីដែល​សំខាន់ មិនមាន​ករណី​ស្លាប់​នៅក្នុង​ប្រទេស​ឡើយ​។  ដូច្នេះ​សំណួរ​សួរថា​តើ​កម្ពុជា​គួរតែ​បន្ត​បិទទ្វារ​សាលា ឲ្យ​រៀន​តាម​អន​ឡាញ​ទាំងស្រុង​រហូតដល់​ខែវិច្ឆិកា​ឬ​យ៉ាងណា​?
​បើ​យោងតាម​ស្ថានភាព​បច្ចុប្បន្ន ច្បាស់​ណាស់​ថា​កម្ពុជា ពិតជា​ពិបាក​ក្នុង​ការបើក​សាលារៀន​ឲ្យ​ដំណើរការ​ឡើងវិញ​ទាំងស្រុង​នៅ​ទូទាំងប្រទេស ព្រោះថា​កម្ពុជា​នៅមាន​បញ្ហា​ប្រឈម​ជាច្រើន​ក្នុងការ​អនុវត្ត​គោលការណ៍​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​។​
 
​ក្នុងនោះ​រួមមាន ផលធៀប​សិស្ស​-​គ្រូ​នៅ​កម្ពុជា​ដែលមាន​អត្រា​ខ្ពស់​ជាងគេ​ក្នុងចំណោម​ប្រទេស​នៅ​តំបន់​អាស៊ាន ដែល​ពិបាក​ក្នុងការ​រក្សា​គម្លាត​នៅក្នុង​ថ្នាក់រៀន​។ ប៉ុន្តែ​សាលា​ក៏ដូចជា​គ្រូ​នីមួយៗ អាច​កំណត់​កាលវិភាគ និង​ម៉ោង​សិក្សា​ឲ្យ​មាន​ភាពបត់បែន​បាន ដោយ​យោងតាម​បរិបទ​សាលា​រៀងៗ​ខ្លួន​។ លើសពីនេះ​ទី​ទៀត សាលា​នីមួយៗ​ចាំបាច់​ត្រូវ​ផ្តល់​ឧបករណ៍ និង​សម្ភារៈ​ការពារ​ផ្ទាល់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ និង​រក្សា​ទម្លាប់​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ហើយ​ត្រូវតែ​ធានាថា បន្ទប់រៀន​ទាំងអស់​មាន​ខ្យល់​ចេញចូល​បាន គ្រប់គ្រាន់ ដោយ​បើកទ្វារ និង​បង្អួច​អំឡុងពេល​បង្រៀន​។ មួយវិញទៀត​លោកគ្រូ អ្នកគ្រូ​ក៏​អាចអនុវត្ត ការបង្រៀន​នៅ​ទីធ្លា​ខាងក្រៅ​ថ្នាក់ ក្នុង​បរិវេណ​សាលា ដែល​អាចជួយ​ឲ្យ​សិស្ស រក្សា​គម្លាត ពីគ្នា​បាន​។​
​ដូចគ្នានេះដែរ កង្វះ​ទឹកស្អាត និង​សម្ភារៈ​អនាម័យ​នៅតាម​សាលារៀន​សាធារណៈ​នៅតែ​ជា​បញ្ហា​ចោទ ជាពិសេស​នៅតាម​ទីជនបទ និង​តំបន់​ដាច់ស្រយាល​។ ប៉ុន្តែ​រដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​អប់រំ អាច​ប្រើ​ជែ​ល​អនាម័យ និង​អាកុល​បាញ់សំលាប់​មេរោគ តាមរយៈ​ការប្រើប្រាស់​ខ្ទង់ចំណាយ​បម្រុង​របស់​រដ្ឋ​ដែលមាន​ស្រាប់ ឬក៏​ស្វែងរក​ជំនួយ​ឧបត្ថម្ភ​ពី​ដៃគូ​អភិវឌ្ឍ​នានា​។ អ្វីដែល​គួរ​ឲ្យ​កត់សំគាល់​នោះ​គឺថា​កង្វះខាត​ទឹកស្អាត និង​អនាម័យ​នៅតាម​សាលា​ទាំងនេះ គឺជា​ហានិភ័យ​សុខភាព​ដ៏​ធំ​មួយ សម្រាប់​សិស្ស បើទោះបីជា​មិនមាន​ការ​ជំងឺ​រាតត្បាត​នេះ​ក៏ដោយ​។​
 
​យ៉ាងណាមិញ ភាព​ដែល​អាចទៅរួច និង​លទ្ធភាព​ក្នុងការ​អនុវត្ត​បានក​ម្រិ​ត​ណា​នោះ គឺ​ស្ថិតនៅលើ​ដែន​សមត្ថកិច្ច​របស់រ​ដ្ឋា​ភិ​បាល និង​ក្រសួង​អប់រំ​ផ្ទាល់ ប្រសិនបើ​មាន​ជម្រើស​ណាមួយ អាចជួយ​កាត់បន្ថយ​ភាពចម្រូងចម្រាស និង​ក្តី​ព្រួយបារម្ភ រវាង​រដ្ឋាភិបាល និង​សាធារណៈជន​។ ជម្រើស​មួយ ក្នុងចំណោម​ជម្រើស​ដ៏ទៃទៀត ជា​ឧទាហរណ៍​រដ្ឋាភិបាល អាច​អនុញ្ញាត​ឲ្យ​សាលា​ណា ដែល​ធានាបាន​នៅ​ស្តង់ដារ​ថ្នាក់រៀន​សុ​វត្ថ​ភាព បើក​ដំណើរការ​ឡើងវិញ​បាន ជាពិសេស​គ្រឹះស្ថាន​អប់រំ​ឯកជន ដែល​ភាគច្រើន​មាន ចំនួន​សិស្ស​តិច និង​មាន​សម្ភារៈ​អនាម័យ​គ្រប់គ្រាន់​។ ប៉ុន្តែ​ត្រូវមាន​ការកំណត់ និង​តាមដាន​យ៉ាង​តឹងរឹង និង​ត្រឹមត្រូវ​ពី​សំណាក់​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ​។​
 
​ក្នុងអំឡុង​ពេលដែល​សាលារៀន​បន្ត​បិទទ្វារ និង​រៀន​ការ​តាម​អន​ឡាញ ក្រសួង​អប់រំ​ត្រូវ​សិក្សា និង​វាយតម្លៃ​ឲ្យ​បាន​ពី​ប្រសិទ្ធភាព និង​គុណភាព​ក្នុងការ​ដាក់​ឲ្យ​អនុវត្ត​ការសិក្សា​ពី​ចម្ងាយ​នេះ ដោយ​ពិនិត្យមើល​ឡើងវិញ​នៅ​ទម្រង់ ឧបករណ៍ ក៏ដូចជា​វិធីសាស្ត្រ​បង្រៀន និង​រៀន​ដោយ​ទាមទារ​ឲ្យ​មាន​លក្ខណៈ​សមស្រប និង​ជាប់ទាក់ទង​គ្នា​ជា​ប្រព័ន្ធ ដើម្បី​ធានា​ឲ្យ​ការសិក្សា​របស់​សិស្ស​មាន​លទ្ធផល​ល្អប្រសើរ​។ បន្ថែម​ពីនេះ​ទៀត ក្រសួង​អប់រំ​គួរតែមាន​ផែនទី​បង្ហាញផ្លូវ​ក្នុងការ​ដាក់​ឲ្យ​អនុវត្ត​ការសិក្សា​ពី​ចម្ងាយ​នេះ ដោយ​រួមមាន​ទិសដៅ គោលបំណង ស្តង់ដារ និង​ការអភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ​របស់​សិស្ស​ឲ្យ​មាន​ភាពស្របគ្នា​នឹង​គោលនយោបាយ​ថ្នាក់ជាតិ​របស់​ក្រសួង​អប់រំ ក៏ដូចជា​របស់​រាជរ​ដ្ឋា​ភិ​បាល​។​
 
​ខណៈ​ការរីក​រាលដាល​នៃ​ជំងឺ កូ​វីដ​-១៩​នេះ​នៅតែ​បន្ត វិស័យ​អប់រំ​ក៏​គួរតែ​ជា​វិស័យ​អាទិភាព​មួយ​ក្នុង​របៀបវារៈ​របស់រ​ដ្ឋា​ភិ​បាល រួមមាន​ការចំណាយ ការដាក់បញ្ចូល​ក្នុង​ផែនការ និង​ការអនុវត្ត​ផងដែរ​។ ការចូល​ខ្លួន​ធ្វើ​អន្តរាគមន៍​ក្នុង​វិស័យ​អប់រំ​គួរតែ​ចាប់ផ្តើម​នៅ​ឥឡូវនេះ ដើម្បី​កុំ​ឲ្យ​បញ្ហា​រីក​រាលដាល​ធ្ងន់ធ្ងរ​នាពេលខាងមុខ​៕
 
​លោក តូច សម្បត្តិ ជា​អ្នកស្រាវជ្រាវ​វ័យក្មេង​ម្នាក់ របស់​វេទិកា​អនាគត ដែលជា​គ្រឹះស្ថាន​បណ្តុះបណ្ដាល និង​ស្រាវជ្រាវ​ផ្នែក​គោលនយោបាយ ដែលមាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន លោក​កំពុង​ស្រាវជ្រាវ​លើ​ការធ្វើ​វិម​ជ្ឍ​ការ​ប្រព័ន្ធ​អប់រំ​នៅ​ប្រទេស​កម្ពុជា​។​

© រក្សាសិទ្ធិដោយ thmeythmey.com