អន្តរជាតិ
នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​៖ ចិន​មិនអាច​ដណ្តើម​តួនាទី​សន្តិសុខ​ពី​អាមេរិក​នៅ​តំបន់​អាស៊ីអាគ្នេយ៍​បានឡើយ​
06, Jun 2020 , 11:59 am        
រូបភាព
នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លីសៀន ឡុង (ខាងឆ្វេង) ចាប់ដៃជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅក្នុងប្រទេសចិន កាលពីឆ្នាំ២០១៧។ រូបភាព៖ Today Online
នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លីសៀន ឡុង (ខាងឆ្វេង) ចាប់ដៃជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅក្នុងប្រទេសចិន កាលពីឆ្នាំ២០១៧។ រូបភាព៖ Today Online
​ចិន មិនអាច​ដណ្តើមយក​តួនាទី​សន្តិសុខ​ពី​អាមេរិក នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​បានឡើយ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី​សៀន ឡុង នៅក្នុង​អត្ថបទ​វិចារណកថា «The Endangered Asian Century» ដែល​ចុះផ្សាយ​ដោយ​ទស្សនា​វ​ដ្តី Foreign Affairs នៅ​ថ្ងៃទី​៤ ខែមិថុនា​។ ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី​បែបនេះ គឺធ្វើឡើង​ដោយ​ផ្អែកទៅលើ​កម្លាំងយោធា​របស់​អាមេរិក និង​ការពង្រឹង​កម្លាំងយោធារ​បស់​ចិន​។


 
​ក្នុង​បរិបទ​ចម្រូងចម្រាស់រ​វាង​ចិន និង​អាមេរិក ដែលមាន​ចាប់តាំងពី​COVID-19 សង្គ្រាម​ពាណិជ្ជកម្ម និង​ការប្រកួតប្រជែង​នៅក្នុង​ភូមិសាស្ត្រ​នយោបាយ​ជាដើម លោក លី​សៀន ឡុង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី បាន​អះអាងថា ចិន​មិនអាច​ដណ្តើម​តួនាទី​សន្តិសុខ​ពី​អាមេរិក នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​បានឡើយ បើទោះបីជា​ចិន​ព្យាយាម​ពង្រឹង​កម្លាំងយោធា​របស់​ខ្លួន​ក៏ដោយ​។ ការលើកឡើង​របស់លោក លី បែបនេះ គឺ​ផ្អែកទៅលើ​ហេតុផល​ចំនួន​ពីរ គឺ​ទំនាស់​ទឹកដី​រវាង​ចិន ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ការមិនទុកចិត្ត​ចិន ពី​សំណាក់​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​មួយចំនួន​។ 
 
​ក្នុងន័យនេះ លោកនាយក​រដ្ឋមន្ត្រី​បាន​ពន្យល់ថា មិន​ដូច​ទៅនឹង​មហាអំណាច​ចាស់ អាមេរិក ចិន​មានទំនាស់ ជម្លោះទឹកដី និង​ដែនទឹក​ជាមួយ​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ តួយ៉ាង ចិន​មាន​ជម្លោះ​ដែនទឹក​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ជាមួយ​ប្រទេស​មួយចំនួន​ដូចជា វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយ​ណេ​ជាដើម​។ ការណ៍​នេះ ចិន​បាន​ពង្រឹង​កងទ័ពជើងទឹក​យ៉ាងខ្លាំង​នៅក្នុង​តំបន់​ទាមទារ​នេះ​។ 
 
​ខុសពី​ចិន​ដែលជា​មហាអំណាច​ថ្មី​នៅក្នុង​តំបន់ អាមេរិក មិនមាន​ទំនាស់​ ឬជម្លោះដែនដីជាមួយ​ប្រទេស​ណា​ឡើយ​។ ផ្ទុយទៅវិញ អាមេរិក​មាន​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ស្រាប់ និង​មាន​មូលដ្ឋាន​យោធា​ជាច្រើន​នៅក្នុង​តំបន់​នេះ​ដូចជា នៅ​សិង្ហ​បុរី និង​ហ្វីលីពីន​ជាដើម​។ 
 
​ចំណែក​ហេតុផល​មួយទៀត ចិន​មិនអាច​ដណ្តើម​តួនាទី​សន្តិសុខ​នៅក្នុង​តំបន់បាន ដ្បិត​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​នេះ មិន​ទុកចិត្ត​​មហាអំណាចមួយនេះទេ​។  ការអះអាងនេះផ្អែកលើកត្តាជនជាតិភាគតិចចិនក្នុងតំបន់។ លោក​លី បាន​បញ្ជាក់ថា នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ជនជាតិភាគតិច​ចិន​មាន​ច្រើនណាស់ ដែលមាន​ទំនាក់ទំនង​ជាមួយ​ជនជាតិ​ដទៃទៀត​។ ក្នុងន័យនេះ ប្រទេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដឹង​ច្បាស់​ថា បក្ស​កុម្មុយនីស្ត​ចិន មាន​ឥទ្ធិពល​ខ្លាំង​លើ​ជនជាតិភាគតិច​ចិនទាំង​នោះ​។ ទាក់ទិន​នឹង​បញ្ហា​នេះ ប្រទេស​ក្នុង​តំបន់ តែងតែ​ប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​លើ​ជនជាតិ​ចិន​។ ជាលទ្ធផល វា​នឹង​ទប់ស្កាត់​ឥទ្ធិពល​របស់​ចិន​ទាំង​នៅក្នុងពេល​បច្ចុប្បន្ន និង​អនាគត​។ 
 
​ជាក់ស្តែង សិង្ហ​បុរី គឺជា​ប្រទេសមួយ​ដែលមាន​ប្រជាជន​ចម្រុះ​ជាតិ​សាសន៍ និង​មាន​ជនជាតិភាគតិច​ចិន ច្រើន​។ ការណ៍​នេះ ធ្វើ​ឲ្យ​សិង្ហ​បុរី​ប្រុងប្រយ័ត្ន​ណាស់​ចំពោះ ជនជាតិភាគតិច​ចិន​ទាំងនេះ ដើម្បី​បញ្ចៀសការ​ដឹកមុខ​ដោយ​ទីក្រុង​ប៉េកាំង​។ ដោយសារតែ​ហេតុផល​ខាងលើ សិង្ហ​បុរី មិនបាន​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​ទីក្រុង​ប៉េកាំង​ឡើយ រហូតដល់​ឆ្នាំ​១៩៩០​។  ក្រៅពី​លើកឡើង​អំពី​ការដណ្តើម​តួនាទី​សន្តិសុខ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​រវាង​ចិន និង​អាមេរិក លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​វ័យ ៦៨​ឆ្នាំ​រូបនេះ ក៏បាន​លើកឡើង​ពី​ការទាក់ទាញ​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ការកើនឡើង​ពី​ឥទ្ធិពល​របស់​ចិន និង​ការរួមបញ្ចូល​តួអង្គ​ផ្សេងទៀត​មក​ក្នុង​តំបន់​អាស៊ី​ផងដែរ​៕  

Tag:
 សិង្ហ​បុរី​
  ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com