អ្នកជំនាញ កំពុង​ខ្នះខ្នែង​សង្គ្រោះ​កំពែង​ក្រុង​អង្គរធំ ឲ្យ​រឹងមាំ​ឡើងវិញ​
ជាតិ
អ្នកជំនាញ កំពុង​ខ្នះខ្នែង​សង្គ្រោះ​កំពែង​ក្រុង​អង្គរធំ ឲ្យ​រឹងមាំ​ឡើងវិញ​
06, Jun 2020 , 8:59 pm        
រូបភាព
​សៀមរាប​៖ ក្រុង​អង្គរធំ ជា​អតីត​រាជធានី​នៅ​សម័យ​គ្រប់គ្រង​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដែល​ព្រះអង្គ បានធ្វើឱ្យ​រជ្ជកាល​នេះ មាន​ភាព​ខ្លាំងក្លា និង​ក្លាយជា​អាណាចក្រ​មួយ ដ៏​ធំ​នា​សម័យ​នោះ​។ រាជធានី​ក្រុង​អង្គរធំ សាងសង់​ដោយមាន​កំពែង​៤​ជ្រុង កម្ពស់​៧​ម៉ែត្រ​កន្លះ និង​មាន​ខ្លោងទ្វារ​ចំនួន​៥​។ ដោយសារ​អាយុកាល ធ្វើឱ្យ​កំពែង​ដែល​ធ្លាប់តែ​រឹងមាំ ការពារ​ការឈ្លានពាន​ពីស​ត្រូវ​គ្រប់ទិសទី បាន​ដួលរលំ និង​ខូចខាត​ច្រើន​កន្លែង​។ បច្ចុប្បន្ន អ្នកជំនាញ​កំពុង​ជួសជុល ដើម្បី​សង្គ្រោះ​កំពែង​នេះ​ឡើងវិញ ដើម្បី​ជា​កេរ​មរតក​ដ៏​សំខាន់ ទៅ​អ្នកជំនាន់ក្រោយ​។​

 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​យកការណ៍ ដែល​អ្នកនាង អ៊ី​សា រ៉​ហា​នី នឹង​លម្អិត​ជូន​អ្នក​ស្ដាប់​ដូចតទៅ​


 
​ក្រុមមន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជួសជុល​កំពែង​ក្រុង​អង្គរធំ នៅ​ចំណុច​ខាងលិច​ខ្លោងទ្វារ​ទន្លេ​អុំ​។ នេះ​ជា​កិច្ច​ដ៏​សំខាន់​មួយ ក្នុង​កិច្ចការ​អភិរក្ស​សំណង់​ប្រាសាទ​អង្គរ នៃ​រមណីយដ្ឋាន​អង្គរ​។ 
 
​លោក ម៉ៅ សុខ​នី  ប្រធាន​គម្រោង​ជួសជុល​កំពែង​ក្រុង​អង្គរធំ បានឱ្យដឹងថា ក្រុមការងារ​លោក​កំពុង​ជួសជុល​កំពែង​អង្គរធំ នៅ​ចំណុច​ខ្លោងទ្វារ​ទន្លេ​អុំ ដែលមាន​ប្រវែង​សរុប​៣២​ម៉ែត្រ​។ លោក​បន្ថែមថា ការងារ​ជួសជុល​កំពែង​ក្រុង​អង្គរធំ ចាប់ផ្តើម​ដំបូង​នៅ​ឆ្នាំ​២០១៤ ដែល​ដំណាក់កាល​ទី​១ ឆ្នាំ​២០១៤-២០១៦ ជួសជុល​បាន​ប្រវែង​៨៣​ម៉ែត្រ ដំណាក់កាល​ទី​២ នៅ​ខ្លោងទ្វារ​ទន្លេ​អុំ និង​ទី​៣ នៅ​ចំណុច​ខាងកើត​ខ្លោងទ្វារ​ដី​ឆ្នាំង ដែល​សរុប​ទាំងអស់​មាន​ប្រវែង ១៥៥​ម៉ែត្រ​។​


 
​ហានិភ័យ​ធំៗ ដែល​ធ្វើឱ្យ​ជញ្ជាំង​កំពែង​ក្រុង​អង្គរធំ រង​ការខូចខាត មាន​កត្ដា​ធម្មជាតិ អាយុកាល​របស់​ថ្ម​។ រីឯ​ដើមឈើ​ដែល​ដុះ​ជ្រែក​ថ្ម ក៏ដូចជា​ភាព​ពុកផុយ​នៃ​ស្លឹកឈើ ធ្វើឱ្យ​ហូរ​ច្រោះ​តាម​ទឹកភ្លៀង ដែល​ធ្វើឱ្យ​ថ្ម​កំពែង​ងាយ​ដួលរលំ​។ លោក ម៉ៅ សុខ​នី ពន្យល់​ទៀតថា កត្ដា​ទាំងនោះ ធ្វើ​ឱ្យជើង​ជញ្ជាំង ចេះតែ​រលួស​បន្ដិច​ម្ដងៗ ដែល​អាចឱ្យ​ជញ្ជាំង​ទាំងមូល​ខូច​ទ្រង់ទ្រាយ​ដើម ពិសេស​ភាព​ចាស់​ទ្រុឌទ្រោម​របស់​ថ្ម​តែម្ដង​។ ក្រៅពីនេះ នៅ​ឆ្នាំ​២០១១ កម្ពុជា​បាន​ពើបប្រទះ​ព្យុះ​ស៊ូ​ណា​ម៉ិ ដែល​ធ្វើឱ្យមាន​ខ្យល់ និង​ភ្លៀង​ធ្លាក់​ខ្លាំង បណ្ដាលឱ្យ​ជញ្ជាំង​កំពែង​ក្រុង​អង្គរធំ រង​ការខូចខាត​ច្រើន​ផងដែរ​។​


 
​ទាក់ទង​នឹង​ការដ្ឋាន​នៅ​ខ្លោងទ្វារ​ទន្លេ​អុំ​វិញ លោក ម៉ៅ សុខ​នី ពន្យល់ថា ទីតាំង​នេះ ចាំបាច់​ត្រូវ​ទទួល​ការជួសជុល​ឱ្យទាន់​ពេលវេលា ព្រោះ​វា​នៅ​ជិត​ខ្លោងទ្វារ ដែល​អាចមាន​ហានិភ័យ​ដួលរលំ​ថ្ម​ដល់​ខ្លោងទ្វារ​។ តាម​ការបញ្ជាក់​ពី​លោក ម៉ៅ សុខ​នី កំពែង​ក្រុង​អង្គរធំ​ទាំងមូល មាន​ហានិភ័យ​ខ្ពស់ និង​ចំណុច​ខ្លះ អាច​ទាល់​ទ្រ​បណ្ដោះអាសន្ន និង​ទាមទារ​ឱ្យមាន​ការជួសជុល ទាន់ពេលវេលា​។ ចំណុច​ដែល​ដួលរលំ​សរុប ដែល​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​រកឃើញ​កន្លង​មក មាន​ចំនួន​១៨​ទីតាំង ក្នុងនោះ មាន​៧​ទីតាំង​កំពុង​ជួសជុល​។ ក្រុមការងារ​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា នឹង​បន្ត​ដាក់​ផែនការ​ជួសជុល​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ ក្នុងន័យ​សង្គ្រោះ​កំពែង​ក្រុង​អង្គរធំ ឱ្យមាន​ភាពរឹងមាំ​ឡើងវិញ​។​


 
​ជា​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក ដូច្នេះ​ការងារ​អភិរក្ស ជួសជុល​នានា គឺ​ត្រូវ​ឆ្លងកាត់​ការវាយតម្លៃ ត្រួតពិនិត្យ និង​សម្រេច​ដោយ​អ្នកជំនាញការ​ជាតិ និង​អន្ដរជាតិ​។ ចំពោះ​កំពែង​ក្រុង​អង្គរធំ​នេះ ក្រុមបច្ចេកទេស បាន​ចុះ​សិក្សា និង​វាយតម្លៃ ដែល​បាន​ត្រួតពិនិត្យ​យ៉ាង​ត្រឹមត្រូវ ពី​អ្នកជំនាញការ​អាដហុក នៃ​គណៈកម្មាធិការ​អន្ដរជាតិ អាយ​ស៊ី​ស៊ី​-​អង្គរ​។ តាម​ការសិក្សា​កន្លងមក កំពែង​ក្រុង​អង្គរធំ ធ្លាប់​ទទួលបាន​ការជួស​ជុល នៅ​សម័យបុរាណ​ច្រើនដង​រួចហើយ ហើយ​ការអនុវត្ត​ការជួសជុល នាពេល​បច្ចុប្បន្ន ក៏​យក​លំនាំ​ដូច​ការជួសជុល​នៅពេល​បុរាណ​នោះដែរ​។ លោក សុខ​នី បន្ថែម​៖«​ការជួសជុល​នៅ​សម័យ​ដូនតា មាន​របៀប​ខុសៗ​គ្នា តែ​យើង​រក្សា​ទម្រង់​ដើម​។ កន្លែង​ជិតៗ​គ្នា យើង​រក្សា​ទម្រង់​ជួសជុល​ដើម​! ដូច​ការរៀប​ជញ្ជាំង​ថ្មបាយក្រៀម​ដើម្បី​កុំឱ្យ​ទឹក​ជ្រាប​តាម​ជញ្ជាំង​គាត់​យក​ក​ម្ទេ​ក​ថ្មបាយក្រៀម បុក​ជាមួយ​ដីឥដ្ឋ ហើយ​ដាក់​អែប​ជាប់​ជញ្ជាំង​ពី​២០ ទៅ​៣០​សង់ទីម៉ែត្រ ពេល​ទឹកធ្លាក់​មក អត់​ជ្រាប​តាម​ថ្ម​ទេ គេ​ធ្វើ​ប្រយ័ត្ន​ណាស់ ហ្មត់ចត់​...»​។​


 
 
​អ្នកជំនាញ​បានចាត់ទុក​កំពែង​ក្រុង​អង្គរធំ ថា​ជា​កំពែង​ដែល​សំខាន់ ដ្បិត​វា​ជាទី​ក្រុង​ដ៏​ធំ និង​ល្បីល្បាញ នៅ​សម័យ​ស្ដេច​ជ័យ​វរ្ម័នទី​៧​។ កូន​ខ្មែរ ត្រូវ​រក្សា​ទម្រង់​កំពែង​នេះ ឱ្យនៅ​សភាព​ដើម មិនត្រូវ​បាត់បង់​នោះទេ​។ កំពែង​ជា​កន្លែង​សំខាន់ សម្រាប់​ការពារ​ក្រុង​អង្គរធំ វា​មាន​ខ្លោងទ្វារ​ចំនួន​៥ ដែល​ដាក់​តាម​ឈ្មោះ អ្នកថែរក្សា​នៅ​ជំនាន់​នោះ​។ កំពែង​នេះ មាន​កម្ពស់​៧,៥​ម៉ែត្រ បណ្ដោយ​១២​គីឡូម៉ែត្រ និង​មា​នក​សិន្ធុ​ទឹក ទទឹង​១០០​ម៉ែត្រ និង​ជា​ឧបសគ្គ​ដ៏​ធំ សម្រាប់​សត្រូវ​ដែល​ចង់​ឈ្លានពាន​ក្រុង​អង្គរធំ នា​សម័យ​នោះ​៕
 

Tag:
 កំពែង​ក្រុង​អង្គរធំ​
  វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com