COVID-19
ជាតិ
COVID-19៖ កម្ពុជារកឃើញ១ករណីទៀត ដែលជាបុរសខ្មែរ-បារាំងអាយុ៣០​ឆ្នាំ
07, Jun 2020 , 7:15 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាលនាព្រឹក​ថ្ងៃអាទិត្យនេះ បាន​ប្រកាសពី​ការរកឃើញ​ករណីឆ្លងកូវីដ-១៩ មួយករណីទៀត ដោយអ្នកជំងឺជាបុរសខ្មែរ-បារាំងអាយុ៣០​ឆ្នាំ ដែល​បាន​ធ្វើដំណើរពី​បារាំង តាមជើងហោះហើរពីកូរ៉េខាងត្បូងនៅថ្ងៃទី២៤ ខែឧសភា។ គាត់ស្នាក់នៅ​សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។



ក្រសួងសុខាភិបាល បានបញ្ជាក់ពីករណីទី១២៦នេះថា វត្ថុសំណាករបស់អ្នកជំងឺ​ត្រូវបាន​វិភាគឡើង​វិញនៅវិទ្យាស្ថានប៉ាស្ទ័រ ក្នុងអំឡុង​ថ្ងៃទី១៣នៃ​ការធ្វើចត្តាឡីស័ក​នៅផ្ទះ​របស់គាត់ ហើយ​ទទួលបាន​លទ្ធផល​វិជ្ជមាននៅ​ថ្ងៃទី​៦ ខែមិថុនា។ បច្ចុប្បន្នអ្នកជំងឺស្ថិតក្រោម​ការព្យាបាលនៅមន្ទីរពេទ្យខ្មែរ-សូវៀត។

តាមប្រវត្តិធ្វើដំណើរ បុរសខ្មែរបារាំងរូបនេះ ធ្លាប់បានទៅអង់គ្លេស អាល្លឺម៉ង់ បារាំង និង​ឆ្លងកាត់កូរ៉េខាងត្បូង មុនមក​ដល់កម្ពុជា។

បច្ចុប្បន្ន កម្ពុជាមានអ្នកឆ្លងសរុប​១២៦នាក់ ដែល​ក្នុងនោះស្រី៣៩នាក់ និងបុរស​៨៧នាក់។ អ្នកជំងឺ​១២៣នាក់ បានជាសះស្បើយ រីឯករណី៣ចុងក្រោយ ស្ថិតក្រោម​ការព្យាបាល ដែលក្នុងនោះមាន​បុរស​ខ្មែរដែលបានវិល​ត្រឡប់ពីហ្វីលីពីន និងបុរសខ្មែរបារាំង (សម្រាកនៅពេទ្យរុស្ស៊ី) និងបុរសខ្មែរ​ម្នាក់ទៀតដែលកំពុងសម្រាកព្យាបាល​នៅពេទ្យ​ខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ៕



© រក្សាសិទ្ធិដោយ thmeythmey.com