ជាតិ
GEF នឹងផ្តល់ជំនួយដល់សហគមន៍ការពារធម្មជាតិចំនួន៥នៅមណ្ឌលគិរី ពោធិ៍សាត់ និងព្រះវិហារ រូបភាពីក្រសួងបរិស្ថាន
× ភ្នំពេញ៖ មូលនិធិបរិស្ថានសាកល (GEF) នឹងផ្ដល់ជំនួយដល់សហគមន៍តំបន់ការពារធម្មជាតិចំនួន៥ ក្នុងខេត្តចំនួន៣ ដូចជាខេត្តមណ្ឌលគិរី, ខេត្តពោធ៍សាត់ និងខេត្តព្រះវិហារ ហើយជំនួយនោះនឹងផ្ដល់តាមរយៈអង្គការសហប្រជាជាតិ UNDP សម្រាប់អភិវឌ្ឍសហគមន៍។ នេះបើតាមក្រសួងបរិស្ថាន។
តាមរយៈកិច្ចប្រជុំ រវាងនាយកដ្ឋានជីវភាពសហគមន៍ និងគណៈកម្មការវាយតម្លៃថ្នាក់ជាតិ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ GEF នឹងផ្ដល់ជំនួយដល់សហគមន៍តំបន់ការពារធម្មជាតិចំនួន៥ តាមរយៈកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) ដើម្បីអភិវឌ្ឍសហគមន៍ទាំងនោះ។
តំបន់សហគមន៍ចំនួន៥ដែលត្រូវអភិវឌ្ឍ រួមមាន សហគមន៍ការពារធម្មជាតិ ភ្នំណាមលៀ និងមណ្ឌលយ៉ន ក្នុងខេត្តមណ្ឌលគិរី សហគមន៍តំបន់ការពារធម្មជាតិ រាំងខ្វាវ និងភ្នំទំព័រ ក្នុងខេត្តពោធិ៍សាត់ និងសហគមន៍តំបន់ការពារធម្មជាតិ ជាំពេន ក្នុងខេត្តព្រះវិហារ។
ក្នុងចំណោមសហគមន៍ទាំង៥ សហគមន៍ចំនួន២ ដូចជាភ្នំទំព័រ និងជាំពេន នឹងត្រូវបំពេញលក្ខខណ្ឌ ក្នុងការស្នើសុំឯកសារភាពពីក្រសួងបរិស្ថាន លើការអនុញ្ញាតពង្រីកផ្ទៃដីព្រៃសហគមន៍ លើទីតាំងគ្រោងធ្វើទេសចរណ៍ធម្មជាតិផងដែរ៕
Tag:
តំបន់ការពារធម្មជាតិ មណ្ឌលគិរី ពោធិ៍សាត់ ព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com