COVID-19
អន្តរជាតិ
COVID-19៖ អេ​ស្ប៉ា​ញ នឹង​ផាកពិន័យ​លើ​ជន​ទាំងឡាយណា ដែល​មិន​ពាក់​ម៉ាស់​នៅ​សាធារណៈ​
10, Jun 2020 , 11:12 am        
រូបភាព
នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោកPedro Sanchez  ពាក់ម៉ាស់។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោកPedro Sanchez ពាក់ម៉ាស់។ រូបភាព៖ AFP
​អេ​ស្ប៉ា​ញ នឹង​ចាប់បង្ខំ​ឲ្យ​ប្រជាជន​របស់ខ្លួន​ពាក់​ម៉ាស់​នៅក្នុង​ទីសាធារណៈ ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង និង​ការ​រាតត្បាត​ជាថ្មី​នៅក្នុង​ប្រទេស ជាពិសេស​ក្នុងអំឡុងពេល​បើក​ប្រទេស​ឡើងវិញ​។ រាល់​បុគ្គល​ណា ដែល​ល្មើ​សនឹង​បទបញ្ជា​មួយ​នេះ នឹងត្រូវ​ពិន័យ​ជា​ប្រាក់​រហូតដល់​ជាង ១០០​ដុល្លារ​។ រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​បញ្ជាក់​បែបនេះ​នៅ​ថ្ងៃទី​៩ ខែមិថុនា​។

 
​អេ​ស្ប៉ា​ញ បានស្នើ​ឲ្យ​ប្រជាជន​របស់​ពាក់​ម៉ាស់ តាំងពីដើម​ខែឧសភា​មក​ម្លេះ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ COVID-19 នៅក្នុង​ប្រទេស​។ រហូតមកដល់​ថ្ងៃទី​២១ ខែឧសភា អេ​ស្ប៉ា​ញ បាន​បង្ខំ​ឲ្យ​ប្រជាជន​របស់ខ្លួន​ទាំងអស់ ដែលមាន​អាយុ​ចាប់ពី​អាយុ ៦​ឆ្នាំ​ឡើយ ត្រូវតែ​ពាក់​ម៉ាស់​នៅក្នុង​ទីសាធារណៈ ប្រសិនបើ​ប្រជាជន​មិនអាច​រក្សា​គម្លាត​សុវត្ថិភាព​ចម្ងាយ ២​ម៉ែត្រ​បាន​។ ប៉ុន្តែ​វិធាន​មួយ​នេះ​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ មិនបាន​លើកឡើង​ពី​ការពិន័យ​ជា​ប្រាក់​ឡើយ​។ 
 
​ទាក់ទិន​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​អេ​ស្ប៉ា​ញ បាន​អះអាង​សារជាថ្មី​ជុំវិញ​ការចាប់​បង្ខំ​ការពាក់​ម៉ាស់​មួយ​នេះ ខណៈពេល​ជិត​ដល់​ថ្ងៃ​បើក​ប្រទេស​វិញ​នៅ​ថ្ងៃទី​២១ ខែមិថុនា​។ រាល់​ប្រជាជន​ទាំងអស់ ដែល​មិន​ពាក់​ម៉ាស់ នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ប្រមាណ ១១៣​ដុល្លារ ទោះជា​ស្ថិតនៅ​គម្លាត​សុវត្ថិភាព​១,៥​ម៉ែត្រ​ក៏ដោយ​។ 
 
​បើតាម​ការលើកឡើងរ​បស់​រដ្ឋមន្ត្រី​សុខ​ភិ​បាល​លោក Salvador Illa វិធានការ​នេះ​នឹង​បន្ត​រហូត​ដល់ពេល​លើក​ស្ថាន​ភាពអាសន្ន​ចេញពី​ប្រទេស និង​រហូតដល់​អេ​ស្ប៉ា​ញ​អាច​ប្រយុទ្ធ​ឈ្នះ ឬ​មាន​វ៉ាក់សាំង​ការពារ​កូ​រ៉ូ​ណាវី​រុស​។ ប្រសិន​គ្មាន​ការប្រែប្រួល​ទេ បទបញ្ជា​មួយ​នេះ នឹង​ចូល​ជា​ធរមាន​ក្នុង​រយៈ​១០​ថ្ងៃ មុន​អេ​ស្ប៉ា​ញ​លើក​ស្ថាន​ភាពអាសន្ន​ចេញពី​ប្រទេស​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​ការចាប់​បង្ខំ​នេះ នឹង​អនុវត្ត​លើ​អ្នកប្រើប្រាស់​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ និង​អ្នកជិះរថយន្ត​ឯកជន ក៏ត្រូវ​តែ​ពាក់​ម៉ាស់​ដែរ​។ ដើម្បី​អនុវត្ត​បទបញ្ជា​នេះ អេ​ស្ប៉ា​ញ នឹង​ពង្រាយ​កម្លាំង​ប៉ូលិស​ជាច្រើន​នាក់ ដើម្បី​ផាកពិន័យ​ជន​ទាំងឡាយណា ដែល​មិន​គោរព​បទបញ្ជា​។ យ៉ាងណាក៏ដោយ ការពាក់​ម៉ាស់​នេះ មិន​បញ្ចូល​ក្មេង​អាយុ​ចាប់ពី​អាយុ ៣​ឆ្នាំ រហូតដល់ ៥​ឆ្នាំ​ឡើយ​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​៩ ខែមិថុនា អេ​ស្ប៉ា​ញ មាន​ករណី COVID-19 ចំនួន ២៨៩ ០៤៦​ករណី អ្នកស្លាប់​ចំនួន ២៧ ១៣៦​នាក់​៕ 

Tag:
 អេ​ស្ប៉ា​ញ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com