កីឡាជាតិ
ជាតិ
លោក អ៊ួ តារា៖ កីឡាករថ្នាល និងជម្រើសជាតិមិនប្រាកដថា អាចក្លាយជាបេក្ខភាពស៊ីហ្គេមឆ្នាំ២០២៣ លោក អ៊ួ តារា (ឆ្វេង) ពេលផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ
× កីឡាករកីឡាការិនីថ្នាល និងជម្រើសជាតិមិនប្រាកដថាអាចក្លាយជាបេក្ខភាពចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ឡើយ។ ព្រោះសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ចង់ផ្តល់ឱកាសឲ្យកីឡាករកីឡាការិនីមកពីក្លិបសមាគមតាមបណ្តារាជធានីខេត្តដែលមានសមត្ថភាពផ្សេងៗទៀត។ ល្បុក្កតោ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ថ្នាក់ជាប្រភេទកីឡាសក្តានុពល ដែលត្រៀមដាក់ឲ្យប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣។
លោក អ៊ួ តារា អគ្គលេខាធិការនៃសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានអះអាងថា កីឡាករកីឡាការិនីតាមបណ្តាក្លិបសមាគមរាជធានីខេត្ត ដែលពុំទាន់ទទួលបានការប្រមូលផ្តុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ និងថ្នាល សុទ្ធតែមានឱកាសអាចក្លាយជាបេក្ខភាពក្នុងការប្រកួតលក្ខណៈអន្តរជាតិ ពិសេសស៊ីហ្គេមឆ្នាំ២០២៣។ ដ្បិតសហព័ន្ធ ត្រូវការកីឡាករកីឡាការិនីមានទេពកោសល្យ និងសមត្ថភាពជាច្រើនរូបទៀត ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម។
«មិនប្រាកដថា កីឡាករកីឡាការិនីថ្នាល ឬជម្រើសជាតិអាចជាប់ជាបេក្ខភាពទៅស៊ីហ្គេមនោះទេ គឺយើងត្រូវប្រកួតប្រជែងជ្រើសរើសបន្ថែម ដោយសារក្នុងការហ្វឹកហាត់អ្នកខ្លះគាត់មានទេពកោសល្យ ប៉ុន្តែគាត់អត់បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការហ្វឹកហាត់ពេលប្រមូលផ្តុំ។ យើងចង់ផ្តល់ឱកាស ហើយយើងចង់ឃើញ ថាតើអ្នកណាមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីក្លាយជាបេក្ខភាពទៅប្រកួតនៅស៊ីហ្គេម»។ លោក អ៊ួ តារា លើកឡើងដូច្នេះក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗនៅថ្ងៃទី១០ មិថុនា។
កង្វះធនធានកីឡាករជាបញ្ហាមួយ តែអ្វីដែលជាក្តីបារម្ភសម្រាប់សហព័ន្ធ គឺកង្វះធនធានមន្ត្រីបច្ចេកទេសអាជ្ញាកណ្តាលចៅក្រមក្នុងការរៀបចំ និងកាត់ក្តីពេលប្រកួត។ ព្រោះមន្ត្រីអាជ្ញាកណ្តាលចៅក្រមភាគច្រើន ពុំមានបទពិសោធរៀបចំការប្រកួតលក្ខណៈអន្តរជាតិ និងការប្រើប្រាស់ភាសាអង់គ្លេសនៅមានកម្រិត។
លោក អ៊ួ តារា បានបញ្ជាក់យ៉ាងដូច្នេះថា៖«សម្រាប់ធនធានអាជ្ញាកណ្តាលចៅក្រមថ្នាក់ជាតិអត់ចោទជាបញ្ហាទេ យើងមានគ្រប់គ្រាន់ក្នុងការរៀបចំ។ ប៉ុន្តែក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមបញ្ហាប្រឈមរបស់យើង គឺមន្ត្រីយើងគាត់មានសមត្ថភាពអាចធ្វើបាន តែមានបញ្ហាភាសាបរទេស។ សង្កេតឃើញថា មន្ត្រីរបស់យើងប្រមាណពី២០ទៅ៣០ភាគរយអាចប្រើប្រាស់ភាសាទំនាក់ទំនងក្នុងការងារបាន តែ៧០ភាគរយនៅខ្សោយខាងភាសា»។
បើតាមអគ្គលេខាធិការរូបនេះ ការប្រកួតលក្ខណៈអន្តរជាតិត្រូវការមន្ត្រីអាជ្ញាកណ្តាលចៅក្រមពី៣០ទៅ៤០នាក់ ខណៈបច្ចុប្បន្នសហព័ន្ធមានប្រមាណតែ២០រូបតែប៉ុណ្ណោះ។ ដើម្បីដោះស្រាយបញ្ហានេះ សហព័ន្ធ នឹងស្វែងរកកីឡាករកីឡាការិនី ឬគ្រូបង្វឹកខ្មែរនៅក្រៅប្រទេស ដើម្បីបណ្តុះបណ្តាលជំនាញដល់ពួកគេ។ ម្យ៉ាងទៀត គឺស្វែងរកជំនួយពីប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន ដែលត្រៀមបញ្ជូនកីឡាករឲ្យចូលរួមប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា។
សម្រាប់លោក តារា ការធ្វើជាម្ចាស់ផ្ទះការប្រកួតលក្ខណៈអន្តរជាតិលើកដំបូងមិនត្រឹមតែជួយអភិវឌ្ឍន៍សមត្ថភាពកីឡាករកីឡាការិនី និងមន្ត្រីបច្ចេកទេសឲ្យកាន់តែប្រសើរនោះទេ តែវាជាឱកាសក្នុងការផ្សព្វផ្សាយពីគុនល្បុក្កតោឲ្យពិភពលោកស្គាល់កាន់តែច្បាស់លាស់ផងដែរ។ លោករំពឹងថា ល្បុក្កតោនឹងរួមចំណែកជួយឲ្យកម្ពុជារំកិលចំណាត់ថ្នាក់ក្នុងការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣៕
Tag:
គុនល្បុក្កតោ
អ៊ួ តារា
SEA Games 2023
© រក្សាសិទ្ធិដោយ thmeythmey.com