COVID-19
អន្តរជាតិ
EU កំពុង​កៀគរ​ថវិកា​ជិត​៥០០​លាន​ដុល្លារ ដើម្បី​យកមក​ជួយ​កម្ពុជា ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩
11, Jun 2020 , 9:59 pm        
រូបភាព
​ក្រុម​អឺរ៉ុប (Team Europe) កំពុង​កៀគរ​ថវិកា​ចំនួន ៤៤៣ លាន​អឺរ៉ូ (​ប្រមាណ​៤៨៣​លាន​ដុល្លារ​) ដើម្បី​យកមក​ជួយ​កម្ពុជា ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​សហភាព​អឺរ៉ុប​។​


​សហភាព​អឺរ៉ុប បាន​បញ្ជាក់ថា ទឹកប្រាក់​ដែល​កៀគរ​មក​ទាំងនេះ គឺជា​ជំនួយឥតសំណង និង ប្រាក់កម្ចី ដើម្បី​យកមកអនុវត្ត​ការងារ​ជាមួយ​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា កាត់បន្ថយ​ផលប៉ះពាល់​សង្គម សេដ្ឋកិច្ច ដែល​បង្កឡើង​ដោយសារ​ជំងឺ​នេះ​។ ក្រុម​អឺរ៉ុប នឹង​ផ្ដល់​ទាំង​ជំនួយ​ហិរញ្ញវត្ថុ និង​ជំនួយ​បច្ចេកទេស​ ដើម្បី​ជួយ​កម្ពុជា ឆ្លើយតប​ទៅនឹង​តម្រូវការ​ចំពោះមុខ និង​ការពារ​ក្រុម​ដែល​ងាយ​រងគ្រោះ​ជាងគេ​នៅក្នុង​បរិបទ​ជំងឺ​កូ​វីដ​-១៩​។​
 
​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី Carmen Moreno បានបញ្ជាក់ថា ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺកូវីដ-១៩នេះ គឺទាមទារ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ និង​សាមគ្គីភាពគ្នា​។ លោកស្រី Carmen Moreno មានប្រសាសន៍ថា​៖ «​ ក្រុម​អឺរ៉ុប​រួមគ្នា​ឈរ​ជាមួយ​កម្ពុជា​ក្នុង​ពេលវេលា​ដ៏​សែនពិបាក​នេះ​។ យើង​ត្រូវធ្វើ​ការងារ​រួមគ្នា ដើម្បី​ធានាឱ្យមាន​ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ប្រកបដោយ​ចីរភាព និង​រឹងមាំ ក៏ដូចជា ជួយ​កាត់បន្ថយ​ផលប៉ះពាល់​ដែល​ការ​រាតត្បាត​ជា​សកល​នេះ​បង្ក​លើ​ជីវិត​មនុស្ស ការងារ និង​ជីវភាព​រស់នៅ​របស់​ពួកគេ​។ ដើម្បី​សម្រេច​គោលដៅ​នេះ យើង​ប្រើប្រាស់​ធនធាន​របស់​យើង​រួមគ្នា និង​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​នានា ជាមួយនឹង​រដ្ឋាភិបាល ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​ជាស​កល​នេះ​»​។​
 
​ជំនួយ​គាំទ្រ​របស់​ដៃគូ​អឺរ៉ុប ដែល​ផ្ដល់​ដល់​ប្រទេស​កម្ពុជា គឺ​ផ្ដោតលើ​អាទិភាព​សំខាន់ៗ​ចំនួន​បី ស្របតាម​ផែនការ​គោល​ស្ដីពី​ការឆ្លើយតប​ចំពោះ​ជំងឺ​កូ​វីដ​-១៩ របស់​កម្ពុជា រួមមាន វិស័យ​សុខាភិបាល​,​មុខរបរ​ចិញ្ចឹមជីវិត និង​សន្តិសុខ​ស្បៀង និង​ការស្ដារ​ខឿនសេដ្ឋកិច្ច និង​ការបង្កើត​ការងារ​។​
 
​បើតាម​សហភាព​អឺរ៉ុប ទឹកប្រាក់​ចំនួន ៤៤៣ លាន​អឺរ៉ូ (​ស្មើនឹង ៤៨៣ លាន​ដុល្លារ ឬ ១.៩៩០ ប៊ី​លាន​រៀល​)​នេះ នឹង​អាចឱ្យ​កម្ពុជា ដោះស្រាយ​បញ្ហា​ពលរដ្ឋ សេដ្ឋកិច្ច និង​សង្គម ទាំង​ក្នុងអំឡុងពេល​វិបត្តិ​កូ​វីដ​-១៩ និង​ក្រោយ​វិបត្តិ​នេះ​រលត់​ទៅ​។​
 
​គិត​ត្រឹម​ថ្ងៃទី​១០ មិថុនា​នេះ កម្ពុជា​បាន​រកឃើញ​ករណី កូ​វីដ​-១៩ សរុប ១២៦​នាក់ និង​បាន​ព្យាបាល​ជាសះស្បើយ​អស់​១២៥​នាក់​ហើយ​។ នៅសល់​អ្នកជំងឺ​តែ​ម្នាក់ទៀត​ប៉ុណ្ណោះ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ អ្នកជំងឺ​ចុងក្រោយ​នេះ គឺជា​បុរស​ខ្មែរ​ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ហ្វីលីពីន​៕
 

Tag:
 COVID-19
  EU
© រក្សាសិទ្ធិដោយ thmeythmey.com