អន្តរជាតិ
លោក ត្រាំ អនុញ្ញាត​ឲ្យ​ដាក់ទណ្ឌកម្ម​លើ ICC ជុំវិញ​ការស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​
12, Jun 2020 , 8:19 pm        
រូបភាព
ដោយ:
លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១១ ខែមិថុនា​បានអនុញ្ញាត​ឲ្យ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ការធ្វើដំណើរ​លើ​បុគ្គលិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​(ICC) រូប​ណា ដែល​ពាក់ព័ន្ធ​ទៅនឹង​ការស៊ើបអង្កេត​ទៅលើ​ការសង្ស័យ​ស្តីពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​ប្រព្រឹត្តឡើង​ដោយ​កងកម្លាំង​អាមេរិក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។

 
​ការដាក់ទណ្ឌកម្ម​ទៅលើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូ​ឡង់​នេះ ធ្វើឡើង​តាមរយៈ​បញ្ជា​ប្រតិបត្តិ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​។ ក្រោម​បញ្ជា​ប្រតិបត្តិ​នេះ បុគ្គល​រូប​ណា​ដែល​ដែល​ចូលរួម​ដោយផ្ទាល់​ក្នុង​កិច្ច​ខំប្រឹងប្រែង​របស់ ICC ក្នុង​ស៊ើបអង្កេត ចាប់ខ្លួន ឃុំ និង​កាត់ទោស​ទាហាន​អាមេរិក​ដោយ​គ្មាន​ការយល់ព្រម​ពី​អាមេរិក ឬ​មានបំណង​ក្នុង​ការធ្វើ​ដូចគ្នា​ទៅលើ​សម្ព័ន្ធមិត្ត​អាមេរិក ដោយ​ពុំមាន​ការយល់ព្រម​ពី​ប្រទេស​ទាំ​ាំ​ង​នោះ ក៏ត្រូវ​ទទួល​ទណ្ឌកម្ម​សេដ្ឋកិច្ច ឬ​មិន​អនុញ្ញាត​ឲ្យ​ជាន់​ទឹកដី​អាមេរិក​។​
 
«​យើង​មិនអាច និង​មិន​ឈរ​អោបដៃ​ឲ្យ​ប្រជាជន​យើង​រង​ការ​គំរាម​កដោយ​តុលាការ​ដែល​មិន​ខ្វល់​ពី​យុត្តិធម៌​ឡើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ម៉ៃ ប៉ុ​ម​ប៉េ​អូ ប្រមុខ​ការបរទេស​អា​មេ​រិ​ក​។ លោក ប៉ុ​ម​ប៉េ​អូ ក៏​លើកឡើង​ផងដែរ​ពី​អំពើពុករលួយ​របស់រ​ដ្ឋ​អាជ្ញា ICC និង​ការអនុវត្ត​មិន​ត្រឹមត្រូវ​របស់​តុលាការ​នេះ​។​
 
​ការបើកផ្លូវ​ដល់​ការដាក់ទណ្ឌកម្ម​នេះ ធ្វើឡើង​បន្ទាប់ពី​ការិយាល័យ​រដ្ឋអាជ្ញា​នៃ​តុលាការ​នេះ ចង់​ស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​គេ​សង្ស័យថា អាច​នឹង​កើតមានឡើង​ពី​អំឡុង​ឆ្នាំ​២០០៣​ដល់​ឆ្នាំ​២០១៤ ក្នុង​ជម្លោះ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ករណី​សង្ស័យ​រួមមាន​ការសម្លាប់​រង្គាល​លើ​ជន​ស៊ីវិល​ដោយ​ពួក​តា​លី​បង់ ការសង្ស័យ​ទៅលើ​ការធ្វើ​ទារុណកម្ម និង​រំលោភ​ផ្លូវភេទ​ដោយ​អាជ្ញាធរ​អា​ហ្វ​ហ្គា​នី​ស្ថាន កងកម្លាំង​អាមេរិក និង CIA ផងដែរ​។ 
 
ICC សម្រេច​ចាប់ផ្តើម​ការស៊ើបអង្កេត ក្រោយ​ការពិនិត្យ​បឋម​ដោយ​រដ្ឋអាជ្ញា​នៅ​ឆ្នាំ​២០១៧ និង​យល់ព្រម​ដោយ​ឧទ្ធរណ៍ នៅ​ឆ្នាំ​២០១៩ ដោយ​ការិយាល័យ​រដ្ឋអាជ្ញា​ររ​ក​ឃើញថា មាន មូលដ្ឋាន​សម​ហេតុផល​ក្នុងការ​ជឿថា ឧក្រិដ្ឋកម្ម​សង្គ្រាម​ត្រូវបាន​ប្រព្រឹត្ត ហើយ​តុលាការ​មាន​យុត្ត​ធិ​កា​រលើ​រឿងនេះ​។ ខណៈ​អាមេរិក​មិនមែនជា​សមាជិក​នៃ​តុលាការ​នេះ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​សមាជិក​នៃ​តុលាការ​នេះ​។​
 
​ក្រោយ​ការសម្រេច​ដាក់ទណ្ឌកម្ម​នេះ​ភ្លាម ប្រតិកម្ម​ធ្លាក់​មកជា​បន្តបន្ទាប់ ដោយ​ជាដំបូង​គឺ​មកពី ICC ខ្លួនឯង​ផ្ទាល់​តែម្តង​។ តាមរយៈ​សេចក្តី​ថ្លែង​ការ​របស់ខ្លួន ICC បាន​លើកឡើងថា​៖« នេះ​គឺជា​ការវាយប្រហារ និង​ចាត់ទុកថា​ជាការ​អូសបន្លាយ និង​ប៉ុនប៉ង​ដែល​មិនអាច​ទទួលយកបាន​ក្នុងការ​ជ្រែ​ត​ជ្រែក​ក្នុង​នីតិរដ្ឋ​(​អន្តរជាតិ​) និង​នីតិវិធី​របស់​តុលាការ​។​» 
 
​ចំណែកឯ​ហូ​ឡង់​វិញ លោក Stef Blok រដ្ឋមន្ត្រីការបរទេស បា​នស​សេរ​ក្នុង​បណ្តាញ​សង្គម Twitter ថា វិធានការ​របស់​អាមេរិក​មាន​លក្ខណៈ​រំខាន​ខ្លាំង​។ លោក​បន្ថែមទៀតថា ហូ​ឡង់​អំពាវនាវ​ឲ្យ​អាមេរិក​កុំ​ដាក់ទណ្ឌកម្ម​បុគ្គលិក​ICC​។ ឯ​លោក Josep Borrell តំណាង​ជាន់ខ្ពស់​សម្រាប់​កិច្ចការបរទេស​សហភាព​អឺរ៉ុប បាន​ហៅ​បញ្ជា​ប្រតិបត្តិ​របស់លោក ត្រាំ ថា​ជា​រឿង​ដែល​គួរ​ឲ្យ​បារម្ភ​ខ្លាំង​។ រីឯ​លោក Stephane Dujarric អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​និយាយថា ជា​រឿង​ដែល​ធ្វើ​ឲ្យ​បារម្ភ​។ 
 
​សូមបញ្ជាក់ថា ICC ចាប់​ផ្តើ​ប្រតិបត្តិការ​នៅ​ឆ្នាំ​២០០២ ក្រោយ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម​ស្តីពី​តុលាការ​នេះ​ចូល​ជា​ធរមាន​។ ICC មាន​យុត្ត​ធិ​កា​រលើ​បទល្មើស​ព្រហ្មទណ្ឌ​អន្តរជាតិ​ចំនួន​៤ គឺ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ប្រឆាំង​មនុស្សជាតិ សង្គ្រាម និង​ឈ្លានពាន​។ បច្ចុប្បន្ន ICC មាន​រដ្ឋ​ជា​សមាជិក​ចំនួន​១២៣៕

© រក្សាសិទ្ធិដោយ thmeythmey.com