ស្ថានប័នក្រៅរដ្ឋាភិបាល៣០ រួមមាន អង្គការសង្គមស៊ីវិល សហជីព និង សហគមន៍ បានធ្វើសេចក្តីថ្លែងការណ៍រួមគ្នា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការព្រួយបារម្ភរបស់ពួកគេ លើការបន្តចាប់ខ្លួនសកម្មជននយោបាយ ជាពិសេសអតីតសមាជិកគណបក្សសង្គ្រោះជាតិ ក្នុងស្រុក។
អង្គការសង្គមស៊ីវិល លើកឡើងថា ក្នុងស្ថានភាពបច្ចុប្បន្ន ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល កំពុងប្រឈមនឹងជំងឺកូវីដ-១៩ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ចរន្តសេដ្ឋកិច្ច សង្គមកិច្ច ទីផ្សារការងារ និង ភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ។ ដោយហេតុផលនេះ អង្គការសង្គមស៊ីវិល បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច តុលាការ និង ស្ថាប័នពាក់ព័ន្ធ បញ្ឈប់ការយាយី និងបញ្ឈប់បន្តចាប់ខ្លួនអតីតសមាជិកគណបក្សប្រឆាំង ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀត ដែលគ្រាន់តែពួកគេសម្តែងមតិដោយសន្តិវិធី។
តាមរយៈសេចក្តីថ្លែងការណ៍ អង្គការសង្គមស៊ីវិល បញ្ចេញមតិរួមគ្នាដូច្នេះថា៖«ជាការពិតណាស់ ការបន្តចាប់និងឃុំខ្លួនសកម្មជនទាំងនោះ មិនមែនជាជម្រើសដ៏ល្អក្នុងការដោះស្រាយបញ្ហានោះទេ ផ្ទុយទៅវិញ រឹតតែធ្វើឲ្យប្រទេសជាតិជួបវិបត្តិកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ព្រមទាំងធ្វើឲ្យសង្គមជាតិទាំងមូល បែកបាក់កាន់តែខ្លាំងឡើងៗទៅវិញ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ មើលឃើញថា អង្គការសង្គមស៊ីវិលទាំងនោះ ហាក់មានចេតនាការពារក្រុមណាមួយជាក់លាក់។ លោក ចង់សំដៅថា អង្គការសង្គមស៊ីវិល មានចេតនាការពារសកម្មជនឬមន្ត្រីនៃអតីតគណបក្សប្រឆាំង។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា វិធានការរបស់អាជ្ញាធរ គឺអនុវត្តលើមនុស្សទូទៅ មិនមែនតែក្រុមដោលដៅណាមួយឡើយ។ លោក សង្កត់ធ្ងន់ថា៖«បានន័យថា អ្នកណាក៏ដោយ ឲ្យតែបំពាន់ច្បាប់ ល្មើសច្បាប់ ត្រូវទទួសខុសត្រូវតាមផ្លូវច្បាប់»។
សំឡេងរបស់លោក ជិន ម៉ាលីន
មិនត្រឹមតែស្នើឲ្យបញ្ឈប់ការចាប់ខ្លួនទេ តែអង្គការសង្គមស៊ីវិល នៅសុំឲ្យដោះលែងអ្នកជាប់ឃុំក្នុងរឿងនយោបាយថែមទៀត និង សុំឲ្យអាជ្ញាធរ គោរពសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ និង សេរីភាពបញ្ចេញមតិ។
ជាមួយគ្នានេះ ពួកគេ ឆ្លៀតស្នើសុំជាថ្មី ឲ្យអ្នកនយោបាយគណបក្សកាន់អំណាច និងអ្នកនយោបាយអតីតគណបក្សប្រឆាំង ត្រឡប់មករកការចរចា ដើម្បីរកដំណោះស្រាយនយោបាយរួមគ្នា ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ និង ការគោរពតាមរដ្ឋធម្មនុញ្ញ ហើយតម្កល់ផលប្រយោជន៍ជាតិជាធំ។
អង្គការសង្គមស៊ីវិល សរសេរក្នុងសេចក្តីថ្លែងការណ៍ថា ថ្មីៗនេះ សមត្ថកិច្ច បានបន្តចាប់ និងឃុំខ្លួនអតីតសមាជិកគណបក្សប្រឆាំងជាបន្តបន្ទាប់ ដោយចោទពីបទ រួមគំនិតក្បត់ (ជាតិ) បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ និង បទញុះញង់ឲ្យយោធាមិនស្តាប់បង្គាប់។ ពួកគេ ចាត់ទុកថា ការចោទប្រកាន់នេះ ថាជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិធ្វើនយោបាយរបស់ប្រជាពលរដ្ឋ ដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញកម្ពុជា សេចក្តីប្រកាសជាសកលស្តីពី សិទ្ធិមនុស្ស រួមទាំងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និង សិទ្ធិនយោបាយ ដែលកម្ពុជាជារដ្ឋហត្ថលេខី។
អង្គការសង្គមស៊ីវិល ដែលចេញសេចក្តីថ្លែងការណ៍រួមនោះ មានដូចជា អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC) សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធមនុស្ស លីកាដូ (LICADHO) គណ:កម្មការឃ្លាំមើលការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL) និង មជ្ឈមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារកម្ពុជា (CCPCR) ជាដើម៕