ពីនេះ ពីនោះ
សុខភាព
ដឹង​ទេ​? ក្រោម​ក្លៀក​ខ្មៅ អាចមកពី​ទម្លាប់​ទាំងនេះ​
13, Jun 2020 , 6:59 pm        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​ទម្លាប់​មួយចំនួន​អាច​បណ្ដាលឱ្យ​ស្បែក​ក្រោម​ក្លៀក​ប្រែជា​ខ្មៅ​។ ហើយ​បញ្ហា​ក្លៀក​ខ្មៅ​អាច​នាំឱ្យ​អ្នក​បាត់បង់​ទំនុកចិត្ត​លើស​ខ្លួនឯង​និង​មាន​អារម្មណ៍​ខ្មាសអៀន​មិន​ហ៊ាន​ពាក់អាវ​ដៃខ្លី ឬ​វាល​ក្លៀក​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​អ្នក​គួរ​ផ្លាស់ប្ដូរ​ដើម្បី​ចៀសផុត​បញ្ហា​ក្លៀក​ខ្មៅ ៖

 
១. ការ​ស្លៀកពាក់​សម្លៀកបំពាក់​រឹប​តឹង​ជាប់​ជាប្រចាំ​
 
​ទម្លាប់​នេះ​អាច​បណ្ដាលឱ្យ​ស្បែក​ក្រោម​ក្លៀក​ប្រែជា​ខ្មៅ​បាន​ដោយសារ​កកិត​ជាប់​និង​បង្ក​ការ​រលាក​ដល់​ស្បែក​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ចៀសវាង​ការ​ស្លៀក​សម្លៀកបំពាក់​រឹប​តឹងៗ​ជាប្រចាំ​។​
 
២. មិន​ព្រម​សម្រក​ទម្ងន់​ដែល​លើស​ចេញ​ខ្លះ​
 
​ភាពធាត់​ជ្រុល ឬ​លើស​ទម្ងន់​ក៏​អាច​បង្ក​ការ​កកិត​នៃ​ស្បែក​ដែលជា​ហេតុ​បណ្ដាលឱ្យ​ស្បែក​ក្រោម​ក្លៀក​ប្រែជា​ខ្មៅ​។ លើសពីនេះទៅទៀត​ភាពធាត់​ជ្រុល​ក៏បង្ក​បញ្ហា​អតុល្យភាព​អ័រម៉ូន​ដែលជា​អ្វីមួយ​អាច​បណ្ដាលឱ្យ​ផ្នែក​ខ្លះ​នៃ​រាងកាយ​រួមបញ្ចូល​ទាំង​ក្រោម​ក្លៀក​ប្រែជា​ខ្មៅ​។ ការធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​និង​មាន​របប​អាហារ​សុខភាព​ល្អ​ជួយ​ឱ្យ​អ្នក​រក្សាបាន​នូវ​ទម្ងន់​ត្រឹមត្រូវ​ប្រសើរ​មួយ​ដែល​មិន​ត្រឹមតែ​ល្អ​ចំពោះ​ស្បែក​ក្រោម​ក្លៀក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ គឺ​សុខភាព​រាងកាយ​ទាំងមូល​តែម្ដង​។​
 
៣. មិន​ខាត់​សម្អាត​ស្បែក​ក្រោម​ក្លៀក​ឱ្យបាន​ទៀងទាត់​
 
​ក្រោម​ក្លៀក គឺជា​ផ្នែក​មួយ​នៃ​រាងកាយ​ដែល​ងាយ​នឹង​ប្រមូលផ្ដុំ​នូវ​កោសិកា​ស្បែក​ងាប់ៗ​។ ជា​លទ្ធផល​ស្បែក​ក្រោម​ក្លៀក​អាច​នឹង​មើលទៅ​ឃើញ​ខ្មៅ​ដោយសារ​ការប្រមូលផ្ដុំ​នៃ​កោសិកា​ស្បែក​ងាប់ៗ​។ ហើយ​អ្វីដែល​អ្នក​ចាំបាច់​ត្រូវធ្វើ​ដើម្បី​កម្ចាត់​កោសិកា​ស្បែក​ងាប់ៗ គឺ​ខាត់​សម្អាត​ស្បែក​។ ចូរ​ជ្រើសរើស​ប្រើប្រាស់​ផលិតផល​ខាត់​ស្បែក​ដែលមាន​កម្រិត​ស្រាល ហើយ​មាន​ផ្ទុក lactic acid ឱ្យបាន​យ៉ាងហោចណាស់ ២ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៤. ប្រើប្រាស់​ផលិតផល​កម្ចាត់​ក្លិន​ក្លៀក​ដែលមាន​កម្រិត​ខ្លាំង​
 
​ការប្រើប្រាស់​រ៉ូ​លអន​លាប​ក្លៀក​ក្រោយពេល​ងូតទឹក​រួច​ពិតជា​អាចជួយ​ផ្ដល់​ក្លិន​ល្អប្រសើរ​ដល់​ក្លៀក​របស់​អ្នក​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ផលិតផល​កម្ចាត់​ក្លិន​ក្លៀក​មិនល្អ​ដែល​ធ្វើឡើង​ពី​វត្ថុធាតុដើម​ដែលមាន​កម្រិត​ខ្លាំង​អាច​បង្កបញ្ហា​ដល់​ស្បែក​ដែល​បណ្ដាលឱ្យ​ក្រោម​ក្លៀក​មាន​ពណ៌​ស្រអាប់​ខ្មៅ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ជ្រើសរើស​រ៉ូ​លអន​លាប​ក្លៀក​ដែលមាន​កម្រិត​ស្រាល​។​
 
៥. ការ​ដុស​សម្អាត​ក្លៀក​ជាមួយ​សាប៊ូដុំ​ដែល​បណ្ដាលឱ្យ​ស្ងួត​ស្បែក​
 
​ផលិតផល​សាប៊ូ​មួយចំនួន​ត្រូវបាន​ធ្វើឡើង​ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​កម្រិត​ខ្លាំង​ដែល​អាច​បណ្ដាលឱ្យ​ស្បែក​ក្រោម​ក្លៀក​ប្រែជា​ស្ងួត​ខ្លាំង ហើយ​មើលទៅ​ខ្មៅ​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​ជ្រើស​សាប៊ូ​ដុស​ខ្លួន​ប្រភេទ​ស្រាល​។​
 
៦. គ្មាន​របប​អាហារ​សុខភាព​ល្អ​
 
​អ្វីដែល​អ្នកទទួល​ទាន​ក៏​ជះឥទ្ធិពល​ផ្ទាល់​លើ​ស្បែក​ក្រោម​ក្លៀក​គួរឱ្យកត់សម្គាល់​ផងដែរ​។ ប្រសិនបើ​អ្នកមាន​ទម្លាប់​ទទួលទាន​អាហារ​សម្បូរ​ខ្លាញ់​និង​ជាតិ​ស្ករ​នោះ​ស្បែក​គ្រប់ផ្នែក​នៃ​រាងកាយ​នឹង​ប្រែជា​គ្មាន​សុខភាព​ល្អ ហើយ​គ្រើម​។ ការ​មាន​ស្បែក​ប្រភេទ​នេះ​ក្រោម​ក្លៀក​អាច​បណ្ដាលឱ្យ​ក្លៀក​មើលទៅ​ខ្មៅ ព្រមទាំង​ងាយ​នឹង​ជួបប្រទះ​បញ្ហា​ឡើង​រោល​កន្ទួល​ថែមទៀត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com