COVID-19
កីឡាជាតិ
ជាតិ
លោក នូ ចំរើន រំពឹង​ការ​ជិះ​កង់​រំលឹក​ខួប​ដំណើរ​ឆ្ពោះទៅ​ផ្តួលរំលំ​របប​ប៉ុលពត ជួយ​បំផុស​កីឡា​ទោចក្រយាន​
14, Jun 2020 , 1:25 pm        
រូបភាព
លោក នូ ចំរើន អគ្ឡលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន(អាវខៀវ) និងសកម្មភាពជិះក្នុងព្រឹត្តិការណ៍ថ្មើរជើងប្រវត្តិសាស្ត្រនៅឧត្តរមានជ័យ
លោក នូ ចំរើន អគ្ឡលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន(អាវខៀវ) និងសកម្មភាពជិះក្នុងព្រឹត្តិការណ៍ថ្មើរជើងប្រវត្តិសាស្ត្រនៅឧត្តរមានជ័យ
ដោយ:
​លោក នូ ចំរើន អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បានបង្ហាញ​ជំនឿ​ចិត្ត​ខ្ពស់​ចំពោះ​ព្រឹត្តិការណ៍​ជិះ​កង់ ដើម្បី​អបអរ​ខួប​លើក​ទី​៤៣​នៃ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត ក្នុង​ការជួយ​ផ្សព្វផ្សាយ​ពី​កីឡា​ទោចក្រយាន​។ ព្រឹត្តិការណ៍​នេះ ត្រូវ​ចេញដំណើរ​ពី​វិមាន​ឈ្នះ​ឈ្នះ​ទៅ​បញ្ចប់​នៅ​ខេត្ត​ត្បូងឃ្មុំ​តាម​បណ្តោយ​ផ្លូវ​ដែល​សម្តេច ហ៊ុន សែន ធ្វើដំណើរ​ទៅសុំ​ជំនួយ​ពី​វៀតណាម ដើម្បី​ផ្តួលរំលំ​របប​ប៉ុលពត​។   

 
​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​ក្រោម​កិច្ចសហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នឹង​រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​មួយ​នៅ​ថ្ងៃទី​១៩ មិថុនា ឆ្នាំ​២០២០ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៤៣​នៃ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។ ការផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ក៏​ស្ថិតក្នុង​គោលបំណង​នៃ​កម្មវិធី​នេះដែរ​។ 
 
​បើតាម​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​ព្រឹត្តិការណ៍​ជិះ​កង់​លក្ខណៈ​មហាជន​នេះ​ត្រូវ​ចេញដំណើរ​នៅ​វិមាន​ឈ្នះ​ឈ្នះ​ក្នុង​រាជធានី​ភ្នំពេញ​រួច​ទៅ​បញ្ចប់​នៅ​ខេត្ត​ត្បួ​ង​។ ទោះបី​យ៉ាងនេះ​ក្តី កីឡាករ​មិនមែន​ជិះ​កង់​ពី​ភ្នំពេញ​រហូតដល់​ខេត្ត​ត្បូងឃ្មុំ​នោះទេ ដោយ​បែង​ចែកជា​ពីរ​ដំណាក់កាល​។ ដំណាក់កាល​ទី​១​ធ្វើ​ឡើងលើ​ចម្ងាយ​ផ្លូវ​ជាង​២០​គីឡូម៉ែត្រ​ដោយ​ចេញពី​វិមាន​ឈ្នះ​ឈ្នះ​ទៅ​បញ្ចប់​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ត្រើយ​ស្លា​ស្មាច់​កណ្តាល​។​
 
​បន្ទាប់​កីឡាករ​ទាំងអស់​ត្រូវ​បន្តដំណើរ​ដោយ​រថយន្តក្រុង​ឆ្ពោះទៅ​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​។ ក្រោយ​ទទួលទាន​អាហារ​ថ្ងៃត្រង់​រួច​កីឡាករ​ទាំងអស់​ត្រូវ​ចេញពី​រង្វង់​ក្នុងស្រុក​មេមត់​ឆ្ពោះទៅ​ភូមិ​កោះ​ថ្ម តាម​បណ្តោយ​ផ្លូវ​ដែល​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សៃ​ន ធ្វើដំណើរ​ទៅ​វៀតណាម ដើម្បី​រក​ជំនួយ​មក​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត ដែលមាន​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​។​
 
​ទោះបី​ការ​ជិះ​កង់​នេះ​មិនមាន​ការប្រកួតប្រជែង​ដណ្តើមយក​ចំណាត់ថ្នាក់​ក៏ដោយ លោក នូ ចំរើន រំពឹងថា ព្រឹត្តិការណ៍​នេះ​នឹង​ជួយ​បំផុស​ចលនា​កីឡា​ទោចក្រយាន​ឲ្យ​មហាជន និង​យុវជន​ចូលរួម​លេង​កាន់តែច្រើន​។ លោក​ក៏​ស​ង្ឃឹ​ង​ដែរ​ថា ការ​ជិះ​កង់​នេះ​នឹង​ជួយ​ស្តារ​ប្រជាប្រិយភាព​កីឡា​ទោចក្រយាន​ឲ្យ​មាន​ភាពល្អប្រសើរ​ឡើងវិញ ក្រោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។  
 
«​យើង​រៀបចំ​កម្មវិធី​នេះ​ឡើង គឺ​ដើម្បី​រំលឹក​ខួប​លើក​ទី​៤៣​នៃ​ដំណើរ​ឆ្ពោះទៅ​ផ្តួលរំលំ​របស់​ប៉ុលពត ព្រោះ​ផ្លូវ​ដែល​យើង​ត្រូវ​ជិះ​ជា​ផ្លូវ​ដែល​សម្តេចនាយក​រដ្ឋមន្ត្រី​ធ្វើដំណើរ​ទៅ​វៀតណាម ដើម្បី​រក​ជំនួយ​មក​ផ្តួលរំលំ​របប​ប៉ុលពត​។ ម្យ៉ាងទៀត ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​ផ្សព្វផ្សាយ​ពី​កីឡា​ទោចក្រយាន ក្រោយ​ស្ថានភាព​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ មាន​ភាព​ធូរស្បើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​។ នេះ​ជាការ​លើកឡើង​របស់លោក នូ ចំរើន​។ 
 
​សម្រាប់​ការចុះឈ្មោះ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ គ្មាន​ការបង់ប្រាក់​នោះទេ ហើយ​អ្នក​ចង់​ចូលរួម​អាច​ចុះឈ្មោះ​ជាមួយ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ដែលមាន​ទីតាំង​ស្ថិតនៅ​ជាន់​ទី​២​ក្នុង​អគារ​ស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​។ ការចុះឈ្មោះ​ធ្វើឡើង​រហូតដល់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២០​។ ព្រឹត្តិការណ៍​នេះ​អនុញ្ញាត​ឲ្យ​មាន​អ្នកចូលរួម​តែ​១២០​នាក់​តែប៉ុណ្ណោះ ព្រោះ​សហព័ន្ធ​ចង់​អនុវត្ត​វិធានការ​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​របស់​ក្រសួងសុខាភិបាល​ឲ្យ​មាន​ប្រសិទ្ធិភាព​៕ 

Tag:
 ត្បូងឃ្មុំ​
  ទោចក្រយាន​
  នូ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com