ជាតិ
បទសម្ភាសន៍
ការសម្ដែង​ល្ខោនខោល​ទ្រង់ទ្រាយ​ធំ នៅតែ​បន្តធ្វើ ទោះ​ប្រមូល​ថវិកា​មិនបាន​គ្រប់​ចំនួន​
15, Jun 2020 , 9:29 am        
រូបភាព
​ភ្នំពេញ​៖ មូលនិធិ​១០០០​រៀល ដើម្បី​ល្ខោនខោល​ខ្មែរ ដែល​ផ្ដួចផ្ដើមឡើង​ដោយ​សាលា​សិល្បៈ​ហ្វូណន តាំងពី​ដើមឆ្នាំ​២០១៩ រហូតមកដល់​ខែមិថុនា​ឆ្នាំ​២០២០​នេះ ទើបតែ​ប្រមូលបាន​ប្រាក់​១៥​ភាគរយ​ប៉ុណ្ណោះ គឺ​ប្រមាណ​ជា​៦០​លាន​រៀល ក្នុង​ខ្ទង់ចំណាយ​ដែល​គ្រោង​រហូតដល់​ទៅ​១៤០០​លាន​រៀល​ឯណោះ​។ ទោះជា​យ៉ាងណា លោក ស៊ុប ស័​ក្ខ​រា នាយក​សាលា​សិល្បៈ​ហ្វូណន ថា គម្រោង​សម្ដែង​នៅតែ​បន្ត បើទោះបីជា​ប្រា​ក់មូ​និ​ធិ​មិន​គ្រប់​ក្ដី​។​




​តាមពិតទៅ ការសម្ដែង​ល្ខោនខោល​ដែលមាន​សិល្បករ​ចូលរួម​ប្រមាណ​ជា​២០០​នាក់ គ្រោង​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២៨ និង​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខ ប៉ុន្តែ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ព្រឹត្តិការណ៍​សម្ដែង​ល្ខោនខោល​ខ្មែរ​ដ៏​ធំ​មួយ​នេះ  ត្រូវ​លើក​ពេល​ដោយ​មិន​កំណត់​វេលា​ច្បាស់លាស់​។ 
 
​តទៅ​នេះ​សូម​លោកអ្នក​អញ្ជើញ​ស្ដាប់​បទ​សម្ភាស ដែលមាន​ខ្លឹមសារ​ទាំងស្រុង រវាង​កញ្ញា ប៉ូ សា​គុន និង​លោក ស៊ុប ស័​ក្ខ​រា នាយក​សាលា​សិល្បៈ​ហ្វូណន ដោយ​មេត្រីភាព​៖ 




 
​លោក ស៊ុប ស័​ក្ខ​រា នាយក​សាលា​សិល្បៈ​ហ្វូណន និង​ជា​ស្ថាបនិក​មូលនិធិ​១០០០​រៀល ដើម្បី​ល្ខោនខោល​ខ្មែរ នៅតែ​ប្រកាន់​ជំហរ​រៀបចំ​ការសម្ដែង បើទោះបីជា​ប្រាក់​មូលនិធិ​ប្រមូល​មិនបាន​គ្រប់​ចំនួន​ក៏ដោយ​។ ទោះជា​យ៉ាងណា ដើម្បី​ដោះស្រាយ​ការចំណាយ​ផ្សេងៗ ការសម្ដែង​អាច​កាត់​ឈុត​មិនសូវ​សំខាន់​ចោល​ខ្លះ​។ បន្ថែម​ពី​នោះ គម្រោង​ដែល​នឹង​បើក​ឱ្យ​ទស្សនិកជន ចូល​ទស្សនា​ទស្សនីយភាព ដោយ​មិន​គិត​ថ្ងៃ អាច​ប្រែ​ទៅជា​លក់​សំបុត្រ​វិញ​។ 
 



​លោក ស៊ុប ស័​ក្ខ​រា បញ្ជាក់បន្ថែម​៖«​ប្រសិនបើ​ប្រាក់​យើង​មិន​គ្រប់គ្រាន់ ទីតាំង​សម្ដែង​យើង​ក៏ត្រូវ​ផ្លាស់ប្ដូរ​ដែរ​។ យើង​គ្រោង​ទីតាំង​សម្រាប់​អ្នកមើល​រាប់ម៉ឺន​នាក់ មក​នៅត្រឹម​ពាន់​នាក់​វិញ​។ ឥឡូវនេះ​យើង​មិនទាន់​កំណត់​ថ្ងៃ​សម្ដែង​ឱ្យបាន​ច្បាស់លាស់​ទេ ព្រោះ​យើង​រង់​ចាំមើល​ស្ថានការណ៍​កូ​វីដ​១៩​សិន​»​។​
 
​ជា​ក្ដី​បំណង​ទៅ​ថ្ងៃ​អនាគត ប្រធាន​សាលា​សិល្បៈ​ហ្វូណន លោក ស៊ុប ស័​ក្ខ​រា ចង់​រៀបចំ​ការសម្ដែង​សិល្បៈ​បុរាណ​ឱ្យ​កាន់តែ​ធំ​ជាង​នេះ​ជា​បន្តបន្ទាប់​ទៀត​។ បន្ថែម​ពី​នោះ ការបណ្ដុះបណ្ដាល​ដល់​អ្ន​ក​ជំនាន់​ក្រោយ នឹងត្រូវ​បង្កើន​ឡើង​។ អ្វីដែល​សំខាន់​ទៀត​នោះ​គឺ វិចិត្រសាល​តូច​មួយ​នឹងត្រូវ​បង្កើតឡើង សម្រាប់​តាំង​សម្ភារ​សិល្បៈ​ដែល​សម្ដែង​ល្ខោនខោល​ដ៏​ធំ​ខាងលើ​នោះ​៕
 
 
 

Tag:
 ល្ខោនខោល​
  សិល្បៈ​
  វប្បធម៌​
  ស៊ុប ស័​ក្ខ​រា​
© រក្សាសិទ្ធិដោយ thmeythmey.com