ជាតិ
សង្គមជាតិ
រដ្ឋបាលភ្នំពេញ គ្រោងកសាងស្ពានអាកាសថ្មើរជើង២៥កន្លែងទៀត
15, Jun 2020 , 1:39 pm        
រូបភាព
ស្ពានអាកាសថ្មើរជើងនៅផ្សារដើមគរ​ គ្រោងដាក់ឲ្យដំណើរនៅពេលខាងមុខឆាប់ៗ (រូបពីក្រសួងព័ត៌មាន)
ស្ពានអាកាសថ្មើរជើងនៅផ្សារដើមគរ​ គ្រោងដាក់ឲ្យដំណើរនៅពេលខាងមុខឆាប់ៗ (រូបពីក្រសួងព័ត៌មាន)
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្តល់ព័ត៌មានថា រដ្ឋបាលរបស់លោក នឹងកសាងស្ពានអាកាសថ្មើជើង២៥កន្លែងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ ហើយក៏ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែរ។



លោក ឃួង ស្រេង ផ្តល់ព័ត៌មានពីគម្រោងកសាងស្ពានអាកាសថ្មើរជើងទាំង២៥នេះ ក្នុងឱកាសដែលលោកចុះទៅពិនិត្យការរដ្ឋានស្ថាបនាស្ពានអាកាសថ្មើរជើងផ្សារដើមគរ នៅពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ហើយត្រូវបានដកស្រង់យកទៅចុះផ្សាយដោយក្រសួងព័ត៌មាន។

លោក បន្តថា កំណើតប្រជាជនក្នុងរាជធានីភ្នំពេញ បានកើនឡើងជាលំដាប់។ លោក បន្ថែមថា ទាំងប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍ និងប្រជាពលរដ្ឋ ដែលមកពីបណ្តាខេត្តនានា ដើម្បីធ្វើការនិងរកស៊ី ក្នុងរាជធានីភ្នំពេញ សរុបមានជាង៣លាននាក់ហើយ។

ក្រសួងព័ត៌មាន បានសរសេរពីប្រសាសន៍របស់លោកអភិបាលរាជធានីថា ដោយមើលឃើញពីកំណើនយានយន្តនិង ប្រជាជននេះហើយ ទើបតម្រូវឲ្យរដ្ឋបាលរបស់លោក បង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទាំងការកសាងផ្លូវ លូ ស្ពានអាកាស ផ្លូវក្រោមដី-លើដី និងស្ពានអាកាសថ្មើជើង ជាដើម ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍។

បច្ចុប្បន្ន រាជធានីភ្នំពេញ មានស្ពានអាកាសថ្មើរជើង៥កន្លែងហើយ រួមមាន នៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ មាន២ នៅតំបន់ភ្លើងស្តុបនាងគង្ហីង មាន១ នៅមុខផ្សារដើមគរ មាន១ និង នៅមុខសាលាបឋមសិក្សាសន្ធរម៉ុក មាន១។

ស្ពានអាកាសថ្មើរជើង នៅផ្សារដើមគរ និងស្ពានអាកាសថ្មើរជើង នៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុក កសាងជិតរួចហើយ និងគ្រោងដាក់ឲ្យដំណើរការនៅពេលខាងមុខឆាប់ៗនេះ។

ចំពោះស្ពានអាកាសថ្មើរជើង២៥កន្លែងទៀត មិនទាន់មានព័ត៌មានឡើយថា នឹងត្រូវកសាងនៅទីតាំងណាខ្លះ ហើយនឹងចាប់ផ្តើមកសាងនៅពេលណា៕

Tag:
 ស្ពានអាកាសថ្មើរជើង
© រក្សាសិទ្ធិដោយ thmeythmey.com