ពីនេះ ពីនោះ
សុខភាព
ចេះតែ​គេង​ស្រមុក​មែន​ទេ​? អាចមកពី​កត្តា​ទាំងនេះ​
17, Jun 2020 , 6:59 am        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​អាកា​រៈ​ស្រមុក​អាច​បណ្ដាលមកពី​អ្វីខ្លះ​? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​កត្តា​ទូទៅ​បំផុត​មួយចំនួន​ដែល​បង្ក​អាកា​រៈគេង​ស្រមុក ៖

១. គេង​ផ្ងារ​
 
​ប្រសិនបើ​អ្នក​គេង​ផ្ងារ​រាបស្មើ​លើ​គ្រែ​នោះ​អាកា​រៈ​ស្រមុក​ងាយ​នឹង​កើតឡើង​ណាស់​។ នេះ​ក៏​ព្រោះតែ​នៅពេល​គេង​ផ្ងារ អណ្ដាត​របស់​អ្នកនឹង​ធ្លាក់ចូល​ទៅក្នុង​បំពង់ក​។ ចូរ​សាកល្បង​គេង​ផ្អៀង ឬ​បែរ​ទៅ​ម្ខាង​! ក៏​ព្រោះ​ការ​គេង​បែបនេះ​ជួយ​ឱ្យ​បំពង់ក​មិនត្រូវ​បាន​រាំងស្ទះ​ដោយ​គល់​នៃ​អណ្ដាត​និង​ក្រអូមមាត់​។​
 
២. ការជក់បារី​
 
​ធ្លាប់​ដឹង​ទេ​ថា​ទម្លាប់​នៃ​ការជក់បារី​ក៏​អាច​បណ្ដាលឱ្យ​អ្នក​គេង​ស្រមុក​? អ្នក​ជក់បារី​កាន់តែច្រើន​ដើម​ប៉ុណ្ណា​ក្នុង​មួយថ្ងៃ សម្លេង​ស្រមុក​ក៏​នឹង​លឺ​ខ្លាំង​តាម​នោះដែរ​! ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​ផ្ដាច់​បារី​។​
 
៣. មាន​ផ្ទៃពោះ​
 
​អាកា​រៈ​ស្រមុក​ក៏​កើតឡើង​ជាធម្មតា​កំឡុងពេល​មាន​ផ្ទៃពោះ​ផងដែរ​។ នេះ​ក៏​ព្រោះ​តែមួយ​ក្នុងចំណោម​ភាពប្រែប្រួល​ផ្សេងទៀត​ដែល​ការ​មាន​ផ្ទៃពោះ​នាំមក គឺ​ការឡើង​ក្រាស់​នៃ​ជាលិកា​បំពង់ក​។​
 
៤. កើន​ទម្ងន់​
 
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​ស្ត្រី​មាន​ផ្ទៃពោះ​ងាយ​នឹង​កើន​ទម្ងន់​ជាង​មុន ហើយ​នេះ​ក៏​ជា​កត្តា​មួយ​បណ្ដាលឱ្យ​ពួកគេ​គេង​ស្រមុក​នៅពេល​យប់​។ ទោះជា​យ៉ាងណា​មិនមែន​ទាល់តែ​ការ​កើន​ទម្ងន់​កំឡុងពេល​មាន​ផ្ទៃពោះ​ទើប​ធ្វើឱ្យ​អ្នក​ស្រមុក​នោះទេ​! ក៏​ព្រោះតែ​មិន​ថា​ដោយសារ​មូលហេតុ​អ្វី​ក៏ដោយ ក៏​ការ​កើន​ទម្ងន់​អាច​បណ្ដាលឱ្យ​អាកា​រៈ​ស្រមុក​កើតឡើង​បានដែរ​។ ទម្ងន់​ដែល​លើស​អាច​បណ្ដាលឱ្យ​ផ្លូវដង្ហើម​រួម​តូច ហើយ​អ្នក​ងាយ​នឹង​ស្រមុក​ណាស់​ពិសេស​ពេល​គេង​ផ្ងារ​។​
 
៥. ចូលដល់​វ័យចាស់​
 
​ក្រៅពី​ងាយ​នឹង​ឈឺសន្លាក់ មើល​លែង​សូវ​ច្បាស់ ហើយ​ឡើង​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែក​ហើយ​នោះ ភាព​ចាស់​តាម​វ័យ​ក៏​អាច​បង្ក​អាកា​រៈ​ស្រមុក​ផងដែរ​។ វេជ្ជបណ្ឌិត​ជាច្រើន​និយាយថា​ភាព​ចាស់​តាម​វ័យ​អាច​បណ្ដាលឱ្យ​អណ្ដាត ក៏ដូចជា​សាច់ដុំ​ក្នុង​បំពង់ក​ខ្សោយ​ជាង​មុន ហើយ​សម្រាក​ច្រើន​ជ្រុល​កំឡុងពេល​អ្នក​គេង​។ ជា​លទ្ធផល​អាកា​រៈ​ស្រមុក​ក៏​កើតមានឡើង​។​
 
​ប្រយ័ត្ន​! ក្នុងករណី​ខ្លះ​អាកា​រៈ​ស្រមុក​អាច​លេចឡើង​ដោយសារ​បញ្ហា​សុខភាព​ណាមួយ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ប្រសិនបើ​អាកា​រៈ​ស្រមុក​របស់​អ្នកផ្ដល់​ការរំខាន​ខ្លាំង​ដល់​អ្នក​និង​ជុំវិញខ្លួន ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រ​ពេទ្យ​ជំនាញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com