សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា រៀបចំការប្រកួតពានរង្វាន់ពីរក្នុងពេលតែមួយ ដើម្បីចម្រាញ់រកកីឡាករជើងខ្លាំងត្រៀមប្រមូលផ្តុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ។ ការតេស្តសមត្ថភាពកីឡាករក្រោយផ្អាកការហ្វឹកហាត់អស់រយៈពេលជាច្រើនខែ ដោយសារកូវីដ-១៩ ក៏ជាគោលបំណងមួយផងដែរ។ ម្ចាស់ជ័យលាភីក្នុងការប្រកួតនេះ នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តទ្វេដង។
ជាការប្រកួតជើងឯកថ្នាក់ជាតិ និងដណ្តើមពានរង្វាន់សម្តេច ស ខេង ក៏ពិតមែន តែវាជាការប្រកួតដើម្បីចម្រាញ់រកធនធានស៊ីហ្គេមឆ្នាំ២០២៣ និងតំណាងឲ្យកម្ពុជាក្នុងការប្រកួតអន្តរជាតិផ្សេងៗ។ បើតាមលោក ជា សែនវិស្សុត អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ម្ចាស់ជ័យលាភីក្នុងការប្រកួតនេះនឹងទទួលបានកៅអីប្រមូលផ្តុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗអគ្គលេខាធិការរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖«ម្ចាស់ជ័យលាភីនឹងទទួលបានឱកាសក្លាយជាកីឡាករជម្រើសជាតិ។ ជាគោលការណ៍ ការប្រកួតជើងឯកថ្នាក់ជាតិយើងចម្រាញ់យកកីឡាករ ដែលមានសមិទ្ធផលល្អ យើងមិនអាចយកកីឡាករខ្សោយ ឬប្រកួតចាញ់គេឲ្យជាប់ជម្រើសជាតិ ក៏អត់បានដែរ»។
អគ្គលេខាធិការរូបនេះ សង្កត់ធ្ងន់ថា ផ្ទុយទៅវិញបើកីឡាករមានអាយុលើសពី៣២ឆ្នាំ តែរូបគេទទួលបានជ័យលាភី គឺមិនទទួលបានឱកាសប្រមូលផ្តុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិឡើយ។ ព្រោះជាគោលការណ៍ ក្រសួងអប់រំយុវជននិងកីឡាមិនអនុញ្ញាតឲ្យកីឡាករមានអាយុលើស៣២ឆ្នាំជាប់ជម្រើសជាតិនោះទេ។ តែយ៉ាងណា កីឡាករលើសអាយុទាំងនោះនឹងទទួលបានការប្រមូលផ្តុំហ្វឹកហាត់ធម្មតា ក្រោមការឧបត្ថម្ភផ្ទាល់ពីសហព័ន្ធ។
សម្រាប់លោក ជា សែនវិស្សុត ការប្រកួតនេះ ក៏ដើម្បីចម្រាញ់រកជើងខ្លាំងសម្រាប់ត្រៀមការប្រកួតអន្តរជាតិផងដែរ ជាពិសេសការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ដែលសហព័ន្ធគ្រោងរៀបចំនៅចុងឆ្នាំ២០២០នេះ។ ប៉ុន្តែការធ្វើម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ីគ្នេយ៍លើកដំបូងអាចដំណើរការទៅបាន គឺអាស្រ័យលើស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ ម្យ៉ាងទៀតការប្រកួតនេះ គឺដើម្បីធ្វើតេស្តសមត្ថភាព ក៏ដូចជាស្វែងរកចំណុចខ្សោយរបស់កីឡាករ ដើម្បីអភិវឌ្ឍន៍ឲ្យកាន់តែប្រសើរផងដែរ។
ក្រៅពីឱកាសជាប់ជម្រើសជាតិ ម្ចាស់ជ័យលាភីក្នុងការប្រកួតនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តទ្វេដង។ បើតាមលោកឧត្តមសេនីយ៍ឯកជា ប៊ុនហេង អនុប្រធានទី១នៃសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា អ្នកទទួលបានចំណាត់ថ្នាក់លេខ១នឹងទទួលបាន៨០ម៉ឺនរៀល, លេខ២បាន៦០ម៉ឺនរៀល និងលេខ៣បាន៤០ម៉ឺនរៀល។ ខណៈគោលការណ៍របស់ក្រសួងអប់រំលេខ១បាន៣០ម៉ឺនរៀល, លេខ២បាន២០ម៉ឺនរៀល និងលេខ៣បាន១០ម៉ឺនរៀល។
លោក ជា សែនវិស្សុត បានបញ្ជាក់ថា កីឡាករកីឡាការិនី ដែលចូលរួមប្រកួតក្នុងពានរង្វាន់ទាំងពីរនេះ សុទ្ធសឹងមានសមត្ថភាពខ្ពស់ ក្រោមការចម្រាញ់ពីក្លិបសមាគមនីមួយៗ។ ការប្រកួតដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥-១៩ មិថុនា នេះ មានកីឡាករចំនួន៦៩នាក់(ស្រី២៤នាក់)មកពី៦ក្លិប-សមាគមចូលរួម។ ចំនួននេះ មានការថយចុះបើធៀបនឹងឆ្នាំមុន ដែលមានជាង១៣០នាក់ចូលរួម។
បើតាមអគ្គលេខាធិការរូបនេះការថយចុះនេះដោយសារសហព័ន្ធកាត់បន្ថយវិញ្ញាសារនិងដកចេញកម្រិតអាយុមួយចំនួន។ ម្យ៉ាងទៀត សហព័ន្ធគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ដែលកំណត់មិនឲ្យមានកីឡាករនិងអាជ្ញាកណ្តាលចៅក្រមលើសពី១០០នាក់ ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
ជាក់ស្តែងមុនអនុញ្ញាតឲ្យកីឡាករកីឡាការិនីចូលទីលានប្រកួត សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាតម្រូវឲ្យកីឡាករ និងមន្ត្រីទាំងអស់លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល និងវាស់ក្តៅជាមុន។ ក្នុងករណីមានកីឡាករ ឬមន្ត្រីមានកម្តៅ ឬអាការគួរឲ្យសង្ស័យ សហព័ន្ធមិនអនុញ្ញាតឲ្យចូលទីលានប្រកួតឡើយ៕