សិល្បៈអន្តរជាតិ
អន្តរជាតិ
Vera Lynn តារាចម្រៀង​អង់គ្លេស​ដ៏​ល្បី​នា​សង្គ្រាមលោកលើកទី​២​ស្លាប់​ក្នុង​អាយុ​១០៣​ឆ្នាំ​
18, Jun 2020 , 4:55 pm        
រូបភាព
ដោយ: ថ្មីៗ
លោកស្រី Vera Lynn ឬ Dame Vera Lynn តារាចម្រៀង​ដ៏​ល្បីល្បាញ​របស់​អង់គ្លេស​នា​សម័យកាល​សង្គ្រាមលោកលើកទី​២ បានទទួល​មរណភាព​ក្នុង​អាយុ​១០៣​ឆ្នាំ នា​ថ្ងៃទី​១៨ ខែមិថុនា នៅ​ក្រុង Ditchling, East Susex​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន ITV ។



Dame Vera Lynn ដែលមាន​រហស្សនាម​ថា «The Forces Sweetheart» ជា​អតីត​អ្នកចម្រៀង​ដ៏​ជោគជ័យ​ម្នាក់​របស់​អង់គ្លេស កាលពី​អំឡុង​សង្គ្រាមលោកលើកទីពីរ ក្រៅពី​ការប្រគំ​តន្ត្រី​ក្នុងស្រុក គាត់​ក៏បាន​ទៅ​ច្រៀង​លើកទឹកចិត្ត​កងទ័ព​នៅ​អេ​ហ្ស៊ី​ប ឥណ្ឌា និង​ភូមា ផងដែរ​។​

​ក្រោយ​សង្គ្រាម Vera Lynn នៅតែ​រក្សា​ភាពល្បីល្បាញ​តាម​វិទ្យុ និង​ទូរទស្សន៍​នៅ​អង់គ្លេស និង​សហរដ្ឋអាមេរិក ដោយមាន​បទ​ជាច្រើន​ដែល​ទទួល​ការគាំទ្រ​ខ្ពស់​ដូចជា "Auf Wiederseh'n, Sweetheart" "My Son, My Son", "I Love This Land» ជាដើម​។​



បទ​ដ៏​ល្បីល្បាញ របស់ Vera Lynn គឺ​បទ «We’ll Meet Again» កាលពី​ឆ្នាំ​១៩៤២ ដោយ​បទ​នេះ ត្រូវបាន​លើកយក​ទៅ​បកស្រាយ​នា​ពិធី​ធំៗ​នៅ​អង់គ្លេស​។ គាត់​បាន​ចូល​និវត្ត​កាលពី​ឆ្នាំ​១៩៩៥​នៅ​អាយុ​៧៨​ឆ្នាំ បន្ទាប់ពី​ការប្រគំ​តន្ត្រី​នៅ​វិមាន Buckingham​។​

​ស្វាមី​របស់គាត់​គឺ​តន្ត្រីករ​ដ៏​ល្បីល្បាញ​លោក Harry Lewis ដែល​បានទទួល​មរណភាព​កាលពី​ឆ្នាំ​១៩៩៨​។ គាត់​មានកូន​តែ​ម្នាក់​គត់ គឺ​អ្នកស្រី Lewis-Jones ដែល​បានកើត​នៅ​ឆ្នាំ​១៩៤៦​។ អ្នកស្រី Vera Lynn ធ្លាប់បាន​អះអាងថា គាត់​សម្រេចយក​កូន​តែ​ម្នាក់ ដោយសារ​គាត់​មិនសូវមាន​ពេលវេលា​ថែទាំ​កូន ដោយសារ​ជាប់​ចុះ​ប្រគំ​តន្ត្រី​៕



© រក្សាសិទ្ធិដោយ thmeythmey.com