ភ្នំពេញ៖ លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) បង្ហាញការព្រួយបារម្ភពីការតវ៉ាជាលក្ខណៈទ្រង់ទ្រាយធំ បើសិនជារដ្ឋាភិបាលគ្មានដំណោះស្រាយណាមួយឲ្យសមស្របនិងទាន់ពេលវាលា ដល់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬជនងាយរងគ្រោះនោះទេ ។ តែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា រដ្ឋាភិបាលនឹងព្យាយាមដោះស្រាយបញ្ហាលំបាករបស់ពលរដ្ឋ។
ថ្មីៗនេះ កម្មករក្នុងវិស័យកម្សាន្ត សំណង់ និងកាស៊ីណូ មានការតវ៉ាជាបន្តបន្ទាប់ ដើម្បីឲ្យរដ្ឋាភិបាលជួយឧបត្ថម្ភដល់ពួកគេ ដែលកំពុងជួបបញ្ហាជីវភាពខ្វះខាត។ នេះបើតាមអះអាងរបស់លោក មឿន តុលា សង្កត់ធ្ងន់ថា ចំណាត់ការរបស់រដ្ឋាភិបាលកន្លងមក មិនសូវមានប្រសិទ្ធភាពឡើយ ក្នុងការជួយដល់ជនងាយរងគ្រោះក្នុងអំឡុងពេលរីករាលដាលកូវីដ-១៩នេះ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក មឿន តុលា លើកឡើងថា កូវីដ-១៩ ជាវិបត្តិសកល បានប៉ះពាល់ដល់មនុស្សគ្រប់គ្នា។ ប៉ុន្តែលោកសង្កេតឃើញថា អ្នកឆាប់ទទួលរងហានិភ័យជាគេ គឺអ្នកមានចំណូលទាប ដែលបណ្ដាលឲ្យពួកគាត់ធា្លក់ទៅក្រោមបន្ទាត់ក្រីក្រ។ លោក មឿន តុលា សង្កត់ធ្ងន់ថា ពលរដ្ឋនៅខាងវិស័យផ្សេងៗកាន់តែច្រើន នឹងអាចចេញតវ៉ានិងទាមទារឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាជីវភាពពួកគេ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្សរូបនេះ បានបញ្ជាក់ថា៖ «បើសិនគ្មានការឆ្លើយតបឲ្យច្បាស់លាស់ឬត្រឹមត្រូវពីខាងរដ្ឋទេ វាធ្វើឲ្យអ្នកដែរទទួលរងគ្រោះ រងផលប៉ះពាល់ទាំងអស់ហ្នឹង គឺចង់ឬមិនចង់ ត្រូវតែសំណូមពរឬលើកជាសំណើរទៅដល់រដ្ឋហើយ។ ព្រោះស្ថានភាពចំណូលគាត់បង់ពន្ធចូលរដ្ឋដែរ អ្វីដែរខ្ញុំបារម្ភខ្ញុំបារម្ភខ្លាច នឹងអាចមានការតវ៉ានិងការទាមទារពីខាងវិស័យផ្សេងៗទៀត ក្រៅពីវិស័យប៉ុន្មាន ដែលបានដាក់ញត្តិទាមទារទៅក្រសួងកន្លងមក»។
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឆ្លើយតបថា រដ្ឋាភិបាលបានខិតខំជួយដោះស្រាយបញ្ហាពលរដ្ឋ ជាពិសេសជនងាយរងគ្រោះ ដោយផ្ទាល់និងបន្ទាន់ជាបណ្ដើរៗហើយ ទោះវាមិនទាន់ល្អ១០០ភាគរយក្តី។
«យើងបានធ្វើហើយ ដូចជាបុគ្គលិកកម្មករ ដែលគាត់បានទទួលផលពីការដោះស្រាយ គឺគាត់បានទទួលបណ្ដើរៗហើយ នូវប្រាក់បៀវត្សមួយផ្នែកជាមួយនិងនិយោជក ដែលគាត់ត្រូវមានកាតព្វកិច្ចត្រូវជួយដែរហ្នឹង គឺយើងបានធ្វើហើយ។ ឥឡូវចុងខែនេះទៀត រាជរដ្ឋាភិបាលនឹងជួយប្រជាជនក្រក្រីដែលយើងបានស្រង់ស្ថិតិមកហើយនេះ»។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច។
លោក មឿន តុលា ក៏មើលឃើញថា រដ្ឋាភិបាលក៏បានប្រឹងប្រែងដែរ ក្នុងការជួយដល់អ្នកបាត់បង់ការងារ ,ការទប់មិនឲ្យតម្លៃសាំងឡើងខ្ពស់ និងការបន្ធូរបន្ថយមួយចំនួនដល់វិស័យដែលរងគ្រោះក្នុងអំឡុងពេលកូវីដ-១៩។ ប៉ុន្តែការប្រឹងប្រែងនេះ វាមិនទាន់គ្រប់គ្រាន់នៅឡើយ។
ជាក់ស្ដែងក្រុមកម្មករសេវាកម្មកម្សាន្តប្រមាណ៣០នាក់ ,កម្មករសំណង់នៅខណ្ឌទួលគោក និងឫស្សីកែវ៧០នាក់(តវ៉ារឿងថៅកែមិនបើកប្រាក់)និងបុគ្គលិកណាហ្គា វើលដ៍ (Naga World)ជាង២ពាន់នាក់ ក្នុងចំណោមបុគ្គលិកសរុបនៃផ្នែកកាស៊ីណូប្រមាណ៣ពាន់នាក់ ចាប់តាំងពីថ្ងៃទី១០ ដល់១៧ មិថុនាមក បានតវ៉ា និងដាក់ញ្ញតិទៅរដ្ឋាភិបាល ឱ្យជួយអន្តរាគមន៍ឧបត្ថម្ភថវិកា និងបញ្ចុះថ្លៃផ្ទះជួល និងទឹកភ្លើងជាដើម ។
បើតាមលិខិតឆ្លើយតបរបស់រដ្ឋមន្រី្តក្រសួងការងារ លោក អ៊ិត សំហេង កាលពីថ្ងៃទី១៥ មិថុនា បានលើកឡើងពីគោលការណ៍របស់រដ្ឋាភិបាល ក្នុងការជួយដល់ពលរដ្ឋក្រីក្រ តាមកម្មវិធីជំនួយសង្គម និងជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩។ បើតាមលោក អ៊ិត សំហេង កម្មវិធីជំនួយសង្គមនេះ មានកញ្ចប់ជំនួយ «កម្មវិធីសាច់ប្រាក់ពលកម្ម» ដែលមានទំហំថវិកា១០០លានដុល្លារ ដើម្បីបង្កើតសមិទ្ធផលសង្គម-សេដ្ឋកិច្ច តាមរយៈការអនុវត្តគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តតូចៗនៅតាមមូលដ្ឋាន។ បន្ថែមពីនេះ រដ្ឋាភិបាលកំពុងគិតគូរកម្មវិធីជំនួយសង្គមឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងរងគ្រោះដោយជំងឺកូវីដ-១៩។
តែយ៉ាងណាលោក មឿន តុលា យល់ឃើញថា ការឆ្លើយតបរបស់ក្រសួងការងារ ហាក់ដូចជាមិនមានភាពច្បាស់លាស់ ដែលធ្វើឱ្យក្រុមអ្នកទាមទារ មិនអាចស្ងប់ចិត្តឡើយ ។ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្សរូបនេះ បង្ហាញក្តីព្រួយបារម្ភថា៖ «កាលណាផលប៉ះពាល់កាន់តែអូសបន្លាយទៅៗ មនុស្សមានបញ្ហារឿងក្រពះនេះឯង បើមានបញ្ហាក្រពះហើយ ចង់មិនចង់ អត់ចាំបាច់អ្នកណានិយាយអីទេ ត្រូវតែរកមធ្យោបាយ។ ឥឡូវយើងមើលឃើញសម្រាប់ហើយពលករដែលត្រឡប់មកពីថៃកន្លងមក ក៏មានអ្នកព្យាយាមឆ្លងដែនដោយខុសច្បាប់ទៅថៃ ហើយថៃក៏ខំបិទ។ អ៊ីចឹងវាអត់មានជម្រើស ដូច្នេះហើយវាធ្វើឲ្យខ្ញុំបារម្ភ អាចនឹងមានការតវ៉ាជាទ្រង់ទ្រាយធំ ដើម្បីឲ្យរដ្ឋាភិបាលលោកមានយន្តការណ៍ច្បាស់លាស់ ក្នុងការជួយឧបត្តម្ភដល់ពួកគាត់»។
រដ្ឋាភិបាលគួរតែកាត់បន្ថយការចំណាយរបស់ពលរដ្ឋ ដូចជាទឹក ភ្លើង, ពន្យាពេលសងបំណុលធនាគារ និងឧបត្ថម្ភថវិកាមួយចំនួនដល់អ្នកគ្មានការងារធ្វើ។ លើសពីនេះ រដ្ឋាភិបាលគួរតែចេញកញ្ចប់ថវិកាជួយដល់វិស័យអាជីវកម្មខ្នាតតូចនិងមធ្យោម ដើម្បីឲ្យអាជីវកម្មបន្តទៅមុខបាន ដោយសារអ្នកធ្វើអាជីវកម្មប្រភេទនេះ មានដើមទន់និងប្រភពចំណូលតិចតួច។ នេះបើតាមការលើកឡើងរបស់លោក មឿន តុលា៕