ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! បញ្ហា​ទាំងនេះ​នឹង​កើតឡើង បើ​អ្នក​ជំនួស​ទឹកជា​មួយ​ភេសជ្ជៈ​ផ្អែម ឬ​ភេសជ្ជៈ​កំប៉ុង​
19, Jun 2020 , 8:59 pm        
រូបភាព
​ភេសជ្ជៈ​កំប៉ុង​កំពុង​ទទួលបាន​ការពេញនិយម​ជាខ្លាំង ទោះជា​យ៉ាងណា​ភេសជ្ជៈ​នេះ​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជាច្រើន​។ ផលប៉ះពាល់​នៃ​ការ​ទទួលទាន​ភេសជ្ជៈ​កំប៉ុង​មាន​ជាតិ​ស្ករ​ខ្ពស់ ឬ​សូ​ដា​ចំពោះ​រាងកាយ គឺ​ឆាប់រហ័ស និង​គួរឱ្យ​ព្រួយបារម្ភ​ណាស់​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គ្រោះថ្នាក់​នៃ​ការ​ទទួលទាន​ភេសជ្ជៈ​កំប៉ុង​ជាប្រចាំ​ជំនួស​ទឹក​ធម្មតា ៖

 
១. អ្នក​នឹងមាន​ជំងឺ​ពុក​ធ្មេញ​
 
​សូ​ដា ឬ​ភេសជ្ជៈ​ផ្អែម​ភាគច្រើន​មាន​ផ្ទុក​ជាតិ​ពណ៌​សិប្បនិម្មិត​ដែល​អាច​ប្រឡាក់​ជាប់​លើ​ធ្មេញ​។ ប្រសិនបើ​អ្នកទទួល​ទាន​តែ​ភេសជ្ជៈ​សូ​ដា​ច្រើនជាង​ទឹក ឬ​ជំនួស​ទឹក នោះ​ស្នាម​ញ​ញឺ​ម​របស់​អ្នកនឹង​ត្រូវបាន​បំផ្លាញ​ដោយសារ​ស្ថានភាព​ធ្មេញ​មិនល្អ​ជាក់​ជាមិនខាន​។ ម្យ៉ាងវិញទៀត​ការទទួល​ទាន​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ អាស៊ីត​ផូស្វ័​រិ​ក និង​ស៊ី​ទ្រិ​ក​អាស៊ីត​ដូចជា​សូ​ដា​ជំនួស​ទឹក​ក៏បង្ក​គ្រោះថ្នាក់​ដល់​កាចា​ធ្មេញ​ផងដែរ​។ ជា​លទ្ធផល​ហានិភ័យ​នៃ​ជំងឺ​ពុក​ធ្មេញ​នឹង​កើនឡើង​។​
 
២. ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​
 
​ក្រៅពី​មាន​ផ្ទុក​សម្បូរ​ជាតិ​ស្ករ​ខ្ពស់​ហើយ​នោះ ភេសជ្ជៈ​ប្រភេទ​នេះ​ក៏មាន​ផ្ទុក អាស៊ីត​ផូ​ស្វ​រិ​ក​និង​គ្រឿងផ្សំ​បន្ថែម​រសជាតិ​ផ្សេងទៀត​ដែល​មិនល្អ​ចំពោះ​សុខភាព​ឆ្អឹង​ផងដែរ​។ អាស៊ីត​ផូ​ស្វ​រិ​ក​អាច​រារាំង​សមត្ថភាព​នៃ​ការ​ស្រូប​យកជាតិ​កាល់ស្យូម​គួរឱ្យ​បារម្ភ​។ ម្យ៉ាងវិញទៀត​សូ​ដា ឬ​ភេសជ្ជៈ​កំប៉ុង​មួយចំនួនទៀត​សុទ្ធ​តែមាន​ផ្ទុក​នូវ​ជាតិ​កាហ្វេ​អ៊ី​ន ដូច្នេះហើយ​ទើប​ការ​ទទួលទាន​ភេសជ្ជៈ​ប្រភេទ​នេះ​ច្រើន ក៏​រួមចំណែក​លើកកម្ពស់​ការ​បាត់បង់​ម៉ាស​នៃ​ឆ្អឹង​ធ្វើឱ្យ​ឆ្អឹង​ចុះខ្សោយ​និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​នាពេល​អនាគត​ផងដែរ​។​
 
៣. ធាត់​ជ្រុល ឬ​លើស​ទម្ងន់​
 
​នេះ​ក៏​ព្រោះតែ​ភេសជ្ជៈ​សូ​ដា​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​! ដូច្នេះ​អ្នក​ប្រាកដជា​អាច​នឹង​ជួបប្រទះ​បញ្ហា​ធាត់​ជ្រុល ឬ​លើស​ទម្ងន់​ប្រសិនបើ​មាន​ទម្លាប់​ទទួលទាន​ភេសជ្ជៈ​សូ​ដា​ច្រើនជាង​ទឹក ឬ​ជំនួស​ទឹកតែ​ម្ដង​។ នេះ​មិនមែន​មានន័យថា​អ្នក​គួរ​ជ្រើសរើស​ទទួលទាន​ភេសជ្ជៈ​កំប៉ុង​គ្មាន​ជាតិ​ស្ករ​ជាប្រចាំ​ជំនួស​វិញ​នោះទេ​! ក៏​ព្រោះ​ជាតិ​ផ្អែម​សិប្បនិម្មិត​អាច​បណ្ដាលឱ្យ​អ្នក​ធាត់​បាន​ដូច​ស្ករ​ធម្មតា​ដែរ​។​
 
៤. ហានិភ័យ​នៃ​ជំងឺ​បេះដូង​
 
​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បានបង្ហាញ​អោយដឹងថា​ការទទួល​ទាន​ភេសជ្ជៈ​ផ្អែម ឬ​ភេសជ្ជៈ​សូ​ដា​ហួសប្រមាណ ឬ​ជាប្រចាំ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ស​សៃ​ឈាម​បេះដូង​គួរឱ្យកត់សម្គាល់​។ ការទទួល​ទាន​ជាតិ​ស្ករ​ច្រើនពេក​ក៏​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ​ទៀត រួមបញ្ចូល​ទាំង​ជំងឺផ្លូវចិត្ត ជំងឺ​ទឹកនោមផ្អែម បញ្ហា​ខ្លាញ់​រុំ​ថ្លើម សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​បញ្ហា​លើស​កូ​ឡេ​ស្តេ​រ៉ូ​ល​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ព្យាយាម​ទទួលទាន​ទឹក​ផ្លែឈើ​ស្រស់ៗ​ជំនួស​វិញ​
 
៥. ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​
 
​ប្រសិនបើ​អ្នកទទួល​ទាន​ភេសជ្ជៈ​សូ​ដា ឬ​ភេសជ្ជៈ​ផ្អែម​ជំនួស​ទឹក នោះ​អ្នក​ប្រាកដជា​ចៀស​មិន​ផុតពី​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ឡើយ​។ ភេសជ្ជៈ​កំប៉ុង​ភាគច្រើន​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​គួរឱ្យ​ព្រួយបារម្ភ​។ ចំពោះ​ភេសជ្ជៈ​កំប៉ុង​គ្មាន​ជាតិ​ស្ករ​វិញ​ក៏​ដូចគ្នា​! មួយ​ក្នុងចំណោម​មូលហេតុ​ចម្បង​ដែល​មនុស្ស​ភាគច្រើន​ជ្រើសរើស​ភេសជ្ជៈ​កំប៉ុង​គ្មាន​ជាតិ​ស្ករ​ជំនួស​ភេសជ្ជៈ​កំប៉ុង​ធម្មតា​ដោយសារ​គិតថា​អាច​ចៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​។ ជាក់ស្ដែង​តាមពិតទៅ​ការ​ទទួលទាន​ភេសជ្ជៈ​កំប៉ុង​គ្មាន​ជាតិ​ស្ករ​ជាប្រចាំ​មិនយូរ​មិនឆាប់​នៅតែ​បង្ក​ជំងឺ​ទឹកនោមផ្អែម​ដដែល​ដោយ​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ ភេសជ្ជៈ​គ្មាន​ផ្ទុក​ជាតិ​ស្ករ​បណ្ដាលឱ្យមាន​ភាព​ធ​ន់​នឹង​អាំង​ស៊ុយ​លីន​ដែលជា​ដើមហេតុ​ដំបូង​នៃ​ជំងឺ​ទឹកនោមផ្អែម​។ ជាតិ​ផ្អែម​សិប្បនិម្មិត​អាច​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​គួរឱ្យកត់សម្គាល់​។ ជាតិ​ផ្អែម​សិប្បនិម្មិត​ក៏​ជះឥទ្ធិពល​លើ​សុខភាព​ពោះវៀន​ដែល​នឹង​បង្ក​ផលប៉ះពាល់​ដល់​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com