ជាតិ
កម្ពុជា​គ្រោង​បង្កើត​ច្បាប់​បញ្ជាក់​សុវត្ថិភាព​ពី​ការ​នាំចូល​បន្លែ​-​ផ្លែឈើ
19, Jun 2020 , 10:59 pm        
រូបភាព
រថយន្ត​ជាច្រើន​គ្រឿង បាន​ដឹក​បន្លែ និង​ផ្លែឈើ ចេញពី​វៀតណាម ចូល​កម្ពុជា តាម​ច្រកព្រំដែន​អន្តរជាតិ​ជ្រៃ​ធំ ខេត្តកណ្តាល កាលពី​ថ្ងៃទី​១២​មិថុនា ឆ្នាំ​២០២០​។ រូបថត​៖ ទំព័រ​ហ្វេ​ស​ប៊ុ​ក ព័ត៌មាន​ខេត្តកណ្តាល ។​
រថយន្ត​ជាច្រើន​គ្រឿង បាន​ដឹក​បន្លែ និង​ផ្លែឈើ ចេញពី​វៀតណាម ចូល​កម្ពុជា តាម​ច្រកព្រំដែន​អន្តរជាតិ​ជ្រៃ​ធំ ខេត្តកណ្តាល កាលពី​ថ្ងៃទី​១២​មិថុនា ឆ្នាំ​២០២០​។ រូបថត​៖ ទំព័រ​ហ្វេ​ស​ប៊ុ​ក ព័ត៌មាន​ខេត្តកណ្តាល ។​
​ភ្នំពេញ​៖ កម្ពុជា​គ្រោង​រៀបចំ​បទដ្ឋាន​គតិយុត្តិ ឬ​ច្បាប់​បញ្ជាក់​សុវត្ថិភាព ក្នុងការ​អនុញ្ញាតឱ្យ​នាំចូល​បន្លែ និង​ផ្លែឈើ​ពី​បរទេស ពិសេស​ប្រទេសជិតខាង​។ នេះ​ជាការ​លើកឡើង​របស់ លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ។

 
​បើតាម​លោក ងិន ឆាយ យន្តការ​ក្នុងការ​ទប់ស្កាត់​ការ​នាំចូល​បន្លែ ផ្លែឈើ ដែល​សង្ស័យ​មាន​ផ្ទុក​សារធាតុ​គីមី​ពុល គឺត្រូវធ្វើ​ឡើងជា​ជំហានៗ ដោយមាន​ទាំង​យន្តការ​បន្ទាន់ យន្តការ​រយៈពេល​មធ្យ​ម និង​យន្តការ​រយៈពេល​វែង​។ លោក បញ្ជាក់ថា តាមរយៈ​ច្បាប់​នេះ បន្លែ​-​ផ្លែឈើ​មុននឹង​នាំ​ចូលដល់​ទឹកដី​កម្ពុជា ត្រូវមាន​លិខិតបញ្ជាក់​គុណភាព អនាម័យ  និង​សុវត្ថិភាព​។  
 
​អគ្គនាយក​កសិកម្មរ​បស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រូបនេះ បាន​ពន្យល់ថា ក្រសួងកសិកម្ម​បានស្នើ​ទៅ​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ ដែលមាន​មន្ត្រី​គយ ប្រចាំការ​នៅតាម​ច្រកព្រំដែន​នីមួយៗ ឱ្យជួយ​ពិនិត្យ និង​រឹតបន្តឹង​រាល់​ការ​នាំចូល​បន្លែ​-​ផ្លែឈើ ដែល​សង្ស័យ​មាន​សារធាតុ​គីមី​ពុល​។​
 
​ដោយឡែក វិធាន​បន្ទាប់ ឬ​វិធាន​រយៈពេល​មធ្យម​រប​ស់​ក្រសួងកសិកម្ម​នោះ គឺ​នឹង​រៀបចំ​បទដ្ឋាន​គតិយុត្តិ​ដែលមាន​ច្បាប់​ការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ ដោយ​បានចែង​ក្នុង​លក្ខខណ្ឌ​ថា គ្រប់ភាគី​ដែល​នាំ​ផលិតផល​កសិកម្ម​នាំ​ចូលមក​កម្ពុជា គឺ​ត្រូវបាន​លិខិតបញ្ជាក់​(​អនាម័យ និង​សុវត្ថិភាព​) ដូចដែល​កម្ពុជា​នាំចេញ​កសិផល​ទៅ​ប្រទេស​ដទៃ​ដែរ​។ នេះ​បើតាម​លោក ងិន ឆាយ ។​
 
​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​៖«​សក្កា​នុព​ល​នា​ចេញ​កសិផល​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ​ដែលមាន​ទាក់ទង​នឹង​ភូតគាម​អនាម័យ​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៧​មិថុនា ឆ្នាំ​២០២០ លោក ងិន ឆាយ បាន​អះអាង​ដូច្នេះ​៖«​ការនាំ​បន្លែ​-​ផ្លែឈើ​ចូល​កម្ពុជា ត្រូវ​ឱ្យមាន​លិខិតបញ្ជាក់​ភូតគាម​អនាម័យ​មក ឱ្យមាន​លិខិត​បញ្ជាក់ថា សារធាតុ​[​នៅក្នុង​បន្លែ​-​ផ្លែឈើ​]​ទាំងនោះ​មាន​សុវត្ថិភាព ដែល​បញ្ជាក់​ដោយ​អង្គភាព​មាន​សមត្ថកិច្ច​នៃ​ប្រទេស​នាំចូល​ទាំងនោះ​»​។ 
 
​កាលពី​ថ្ងៃទី​១២ ឧសភា ឆ្នាំ​២០២០ ក្រសួងមហាផ្ទៃ​បាន​បង្គាប់​ឱ្យ​រដ្ឋបាលខេត្ត​ជាប់​ព្រំដែន និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ប្រចាំ​នៅតាម​ច្រកព្រំដែន​ទាំងអស់ ត្រូវ​ពង្រឹង​ការត្រួតពិនិត្យ​និង​ទប់ស្កាត់​ការនាំ​ចូល​បន្លែ និង​ផ្លែឈើ​មាន​ជាតិគីមី​ពុល និង​ទំនិញ​ខូចគុណភាព ដោយ​សំដៅ​ដល់​ការការពារ​អាយុជីវិត និង​សុខភាព​ពលរដ្ឋ​។ 
 
​ក្រោយ​មានការ​បង្គាប់​ពី​ខាង​ក្រសួងមហាផ្ទៃ​បាន​រយៈពេល​មួយខែ​មក ពោល​នៅ​ថ្ងៃទី​១២ មិថុនា អាជ្ញាធរ បាន​រកឃើញ​បន្លែ​៦​មុខ ដែលមាន​ទម្ងន់​ប្រមាណ​៥​តោន នាំចូល​ពី​វៀតណាម តាម​ច្រក​ជ្រៃ​ធំ ក្នុង​ខេត្តកណ្តាល គឺមាន​ផ្ទុក​កាកសំណល់​សម្លាប់​សត្វល្អិត ឬ​សារធាតុ​ថ្នាំពុល​គីមីកសិកម្ម ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​។ បន្លែ​ទាំង​៦​ប្រភេទ​ដែលមាន​ផ្ទុក​កាកសំណល់​គីមី​នោះ មាន​ស្ពៃបូកគោ ផ្កា​ខាត់ណា ពោត​បារាំង ក្រូចឆ្មារ​តូច (​សម្រាប់ធ្វើ​តែ​ជ្រក់​) ផ្លែ​ល្ពៅ និង​ផ្កា​គូឆាយ​។ 
 
​ចំពោះ​ការបង្កើត​ច្បាប់ និង​យន្តការ​ត្រួតពិនិត្យ​គុណភាព​បន្លែ​-​ផ្លែ និង​មានការ​បញ្ជាក់​គុណភាព សុវត្ថិភាព​ដែលមាន​ជា​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ​ពី​ការ​នាំចូល គឺជា​ការល្អប្រសើរ​ក្នុងការ​លើកកម្ពស់​សុខ​ភាព​របស់​រដ្ឋ​ក្នុងស្រុក​។ នេះ​ជាការ​គាំទ្រ​របស់លោក ថេ​ង សាវឿន  ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា ដោយបាន​ស្នើ​បន្ថែម​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​មន្ត្រី​ប្រចាំ​នៅតាម​ច្រកព្រំដែន ត្រូវបង្កើត​ការត្រួតពិនិត្យ  ដើម្បី​បញ្ចៀស​ឬ​ទប់ស្កាត់​ការនាំ​បន្លែ​ផ្លែ​-​ឈើ មាន​ជាតិគីមី​ពុល​ចូល​កម្ពុជា ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​
 
​ជាមួយនឹង​គ្នា​នេះ លោក ថេ​ង សាវឿន  ក៏បាន​ស្នើឱ្យ​មន្ត្រី​ពាក់ព័ន្ធ ពិសេស​អ្នកជំនាញ​កសិកម្ម ត្រូវ​ចុះ​ណែនាំ និង​អប់រំ​ដល់​អ្នក​ដាំ និង​អ្នកប្រើប្រាស់​ដាំ​ពុល​គីមីកសិកម្ម នៅក្នុង​ស្រុក ឱ្យបាន​កាន់​ទូលាយ​ផងដែរ​។ កម្ពុជា មានច្បាប់​ស្តីពី​ការគ្រប់គ្រង​ដែល​ទាក់ទង​នឹង​ការនាំ​ចូល​ជី​និង​ថ្នាំពុល​គីមីកសិកម្ម តាំង​ឆ្នាំ​២០០៨​មក​។ បើតាម​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា រូបនេះ  បច្ចុប្បន្ន​កម្ពុជា​ក៏ត្រូវ​មានច្បាប់​ត្រួតពិនិត្យ និង​អនុវត្ត​ឱ្យបាន​តឹងរឹង​បំផុត ចំពោះ​ក្រុមហ៊ុន ឬ​អ្នកវិនិយោគ​ទាំងឡាយណា ដែល​រកស៊ី​លើ​ការចែក​ចាយ​ជី​និង​ថ្នាំ​គីមីកសិកម្ម​នៅ​កម្ពុជា  ដើម្បី​ធានាបាន​នូវ​គុណភាព និង​សុវត្ថិភាព​នៃ​ផលិតផល​កសិកម្ម​នីមួយៗ ពិសេស​បន្លែ និង​ផ្លែឈើ​។​
 
​លោក ថេ​ង សាវឿន បាន​និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey) តាម​ទូរ​សព្ទ នា​ថ្ងៃ​ព្រឹក​ថ្ងៃទី​១៩​មិថុនា ដូច្នេះ​៖ «​ប្រសិនបើ​យើង​ទប់ស្កាត់​តែ​ខាងក្រៅ​[​ការ​នាំចូល​បន្លែ​-​ផ្លែឈើ​មាន​ផ្ទុក​កាកសំណល់​គីមី​] ប៉ុន្តែ​ខាងក្នុង​យើង​នៅតែ​បើក​ឱ្យមាន​ការប្រើប្រាស់​ជី​និង​ថ្នាំពុល​គីមីកសិកម្ម​ដោយ​គ្មាន​ស្តង់ដារ ឬ​គុណភាព​នោះ​។ ខ្ញុំ​គិតថា​វា ក៏​នៅតែ​ជា​បញ្ហា​សម្រាប់​សុខភាព​ពលរដ្ឋ​ក្នុងស្រុក​ដដែល​»​។​
 
អត្ថបទទាក់ទង



  លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​កំពុង​ថ្លែង​នៅ​ក្នុ​សន្និសីទ​សារព័ត៌មាន ស្តីពី​៖«​សក្កា​នុព​ល​នា​ចេញ​កសិផល​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ​ដែលមាន​ទាក់ទង​នឹង​ភូតគាម​អនាម័យ​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៧​មិថុនា ឆ្នាំ​២០២០​។ 

​ក្រសួងកសិកម្ម​បាន​សិក្សា​និង​ប៉ានស្មាន ពី​តម្រូវការ​ប្រើប្រាស់​បន្លែរ​បស់​ពលរដ្ឋ​ក្នុងស្រុក​ប្រចាំឆ្នាំ​២០២០ មាន​ជាង​១០៤​ម៉ឺន​តោន ខណៈ​កម្ពុជា​មានលទ្ធភាព​អាច​ផ្គង់​ផ្គង់​បាន​ជិត​៧២​ម៉ឺន​តោន (៦៩​ភាគរយ​)  ដែលមាន​៣៣​ម៉ឺន​តោន (៣២​ភាគរយ​)​ទៀត ត្រូវ​នាំចូល​ពីរ​បរទេស​។ យោងតាម​របាយការណ៍​នេះ បើ​គិត​ជាប្រចាំ​ថ្ងៃ​វិញ កម្ពុ​ជាមាន​តម្រូវ​បន្លែ​ចំនួន​២,៨៦៥​តោន តែ​លទ្ធភាព​ផ្គត់ផ្គង់​បន្លែ​ក្នុងស្រុក​បាន​ត្រឹម​១,៩៦២​តោន​ប៉ុណ្ណោះ​។ ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​បន្លែ​ក្នុងស្រុក​នេះ កម្ពុជា​ត្រូវ​នាំចូល​បន្លែ​ពី​បរទេស​ជាង​៩០០​តោន​ទៀត​ក្នុង​មួយថ្ងៃ​៕
 
 

Tag:
 បន្លែ​-​ផ្លែឈើ​
  កាកសំណល់​គីមី​ពុល​
© រក្សាសិទ្ធិដោយ thmeythmey.com