COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋមន្ត្រី​សុខាភិបាល​ស៊ីម​បា​វ៉េ ត្រូវ​ចាប់ខ្លួន​រឿង​ពុករលួយ​ទិញ​សម្ភារ​ពេទ្យ​៦០​លាន​ដុល្លារ​
20, Jun 2020 , 10:25 am        
រូបភាព
ដោយ:
​ប៉ូលិស​បាន​ចាប់​ឃាត់ខ្លួន​រដ្ឋមន្ត្រី​សុខាភិបាល​ស៊ីម​បា​វ៉េ លោក Obadiah Moyo នៅ​ថ្ងៃទី​១៩ ខែមិថុនា ក្រោម​បទ​ចោទ​ប្រព្រឹត្ត​អំពើពុករលួយ​លើ​ការចុះ​កង់​ត្រា​ទិញ​បរិក្ខារ​ពេទ្យ​ទំហំ​ទឹកប្រាក់​ជិត​៦០​លាន​ដុល្លារ​។ កាសែត​ក្នុងស្រុក​ស៊ីម​បា​វ៉េ​មួយ ឈ្មោះថា Daily News ចុះផ្សាយ​បែបនេះ ដោយ​ដកស្រង់​ចុះផ្សាយ​ដោយ Reuters ។​

 
​បន្ថែម​ពី​កាសែត​ខាងលើ បណ្ដាញ​ព័ត៌មាន​ស៊ីម​បា​វ៉េ និង​អាហ្វ្រិក​ខាងត្បូង​ដទៃទៀត ក៏បាន​រាយការណ៍​ពី​ការចាប់ខ្លួន​នេះ​ផងដែរ​។ យ៉ាងណាមិញ ទីភ្នាក់ងារ​ព័ត៌មាន Reuters ពុំទាន់​អាច​សុំ​ការបញ្ជាក់​ពី​ចាប់ខ្លួន​នេះ​ពី​សំណាក់​អាជ្ញាធរ​ក្រុង​ហា​រ៉ា​រ៉េ​បាន​នោះឡើយ​។ 
 
​រឿងហេតុ​រហូតដល់​ថ្នាក់​ចាប់ខ្លួន​ប្រមុខ​សុខាភិបាល​ស៊ីម​បា​វ៉េ កើតឡើង​ក្រោយពី​អ្នកតំណាង​ចែកចាយ​ក្នុងស្រុក​របស់​ក្រុមហ៊ុន​លក់​ថ្នាំពេទ្យ​អន្តរជាតិ​មួយ ឈ្មោះថា Drax International លោក Delish Nguwaya ត្រូវបាន​ចាប់ខ្លួន​កាលពី​សប្តាហ៍​មុន ពាក់ព័ន្ធ​នឹង​កុងត្រា​តម្លៃ​រាប់លាន​ដុល្លារ​នេះ​។ ក្រុមហ៊ុន​អន្តរជាតិ​នេះ​គឺជា​អ្នកផ្គត់ផ្គង់​បរិក្ខារ​ពេទ្យ​ដល់​រដ្ឋាភិបាល​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ស៊ីម​បា​វ៉េ​។ 
 
​ចាប់ពីពេលនោះ​មក ប្រធានាធិបតី Emmerson Mnangagwa ដែល​បាន​កាន់តំណែង​បន្ត​ពី​អតីត​មេដឹកនាំ​ផ្ដាច់ការ Robert Mugabe ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​២០១៧ បានសម្រេច​លុបចោល​កិច្ចព្រមព្រៀង​ទិញ​សម្ភារ​ពេទ្យ​នេះ​វិញ​។ 
 
​សូមបញ្ជាក់ថា បន្ថែម​ពីលើ​ជំងឺ COVID-19 ដែល​ចម្លង​មនុស្ស​ជិត​៥០០​នាក់ និង​ស្លាប់​៤​នាក់ ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក ស៊ីម​បា​វ៉េ កំពុង​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច​អាក្រក់​បំផុត​ក្នុងពេល​ជាង​១០​ឆ្នាំ​ចុងក្រោយ ហើយ​នេះ​កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​ឆេះ​កំហឹង​កាន់តែខ្លាំង​រឿង​ពុករលួយ​ស៊ី​រូង​ក្នុង​របស់​រដ្ឋាភិបាល​នេះ​៕ 
 
 
 

Tag:
 ស៊ីម​បា​វ៉េ​
  ក្រសួងសុខាភិបាល​
  Obadiah Moyo
© រក្សាសិទ្ធិដោយ thmeythmey.com