ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
កម្ពុជា ក៏មាន​ប្រភេទ​កេសរ​កូ​ល ធំជាងគេ​លើ​ពិភពលោក​ដែរ​
20, Jun 2020 , 10:59 am        
រូបភាព
​សៀមរាប​៖ កម្ពុជា មាន​ប្រភេទ​កេសរ​កូ​ល ដែល​ធំជាងគេ​បង្អស់​លើ​ពិភពលោក  ដែលមាន​ឈ្មោះថា​ព្រះទ្រហឹង​ជា​ភាសា​ខ្មែរ ឬ​Grammatophyllum Speciosum ជា​ឈ្មោះ​វិទ្យាសាស្ត្រ​។  នេះ​បើតាម លោក សុខ វិ​ជ្ចា អ្នកបច្ចេកទេស​នៅ មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន​។ តាម​អ្នកជំនាញ ព្រះទ្រហឹង​មាន​ដើម​ប្រវែង​៣​ម៉ែត្រ ហើយ​មាន​ទង​ប្រវែង​២​ម៉ែត្រ ជាមួយនឹង​ផ្កា​រាប់សិប​ក្នុង​មួយទងៗ​។ ព្រះទ្រហឹង​មាន​វត្តមាន នៅក្នុង​សួន​កេសរ​កូ​ល​ព្រៃ នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន ក្នុង​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប និង​ស្រុក​ថ្មបាំង​ខេត្តកោះកុង​។




​ប្រភេទ​កេសរ​កូ​ល ឬ​អ័​រ​គី​ដេ ធំជាងគេ​នៅលើ​ពិភពលោក កំពុងមាន​វត្ត​មាននៅ​ក្នុងប្រទេស​កម្ពុជា​។ ប្រភេទ​កេសរ​កូ​ល​នោះ មានឈ្មោះ​ជា​ភាសា​ខ្មែរ​ថា ព្រះទ្រហឹង​ឬ​ហៅ​តាម​ឈ្មោះ​វិទ្យាសាស្ត្រ​ថា Grammatophyllum Speciosum​។ នេះ​បើតាម​លោក សុខ វិ​ជ្ចា អ្នកបច្ចេកទេស​នៅ​សួន​កេសរ​កូ​ល​ព្រៃ នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន ដែល​បាន​អះអាង​នៅក្នុង​កិច្ច​សម្ភាស​ជាមួយ Thmeythmey25​។ 
 
​លោក សុខ វិ​ជ្ចា ពន្យល់ថា​៖«​មូលហេតុ​ដែល​យើង​អាច​ដឹងថា កេសរ​កូ​ល​នេះ ជា​កេសរ​កូ​ល​ដែល​ធំជាងគេ ដោយសារ​យើង​បាន​សិក្សា​ស្រាវជ្រាវ ក៏ដូចជា​មាន​អ្នកវិទ្យាសាស្ត្រ​មកពី​ក្រៅប្រទេស​ដែល​បាន​ស្រាវជ្រាវ​មុន​យើង​ទៅហើយ​។ ដូច្នេះ​យើង​មាន​ឯកសារយោង​បន្ត​ពី​គាត់​»​។​
  
​បើតាម​អ្នកជំនាញ​រូបនេះ កេសរ​កូ​ល​ប្រភេទ​នេះ អាចមាន​អាយុ​រាប់រយឆ្នាំ ព្រោះ​ដើម​ដ៏​រឹងមាំ​របស់​វា ដែល​អាចមាន​ប្រវែង​ប្រមាណ​៣​ម៉ែត្រ​។ កេសរ​កូ​ល ព្រះទ្រហឹង​មាន​ទង​ផ្កា​ដ៏​វែង​ដែរ គឺ​ប្រវែង​ដល់​ទៅ​២​ម៉ែត្រ និង​រាប់សិប​ផ្កា​ក្នុង​មួយទងៗ​។ នេះ​បើតាម​ការរៀប​រាប់រប​ស់លោក សុខ វិ​ជ្ចា ដែល​បន្តទៀតថា ព្រះទ្រហឹង​ចេញ​ផ្កា​រៀងរាល់​២​ទៅ​៤​ឆ្នាំ​ម្ដង​។ តាម​លោក វិ​ជ្ចា ពលរដ្ឋ​ខ្មែរ​ក៏មាន​ជំនឿ​ដែរ​ថា កេសរ​កូ​ល​ទ្រហឹង​ជា​រុក្ខជាតិ​ដ៏​ស័​ក្ត​សិទ្ធ ដែល​គេ​ប្រើ​សម្រាប់​ស្ដោះ​លើ​ទារក​ដែល​ទើបនឹង​កើត ដើម្បី​ការពារ​ពី​អ្វីដែល​មើលមិនឃើញ​នៅតាម​តំបន់​ព្រៃភ្នំ​ជាដើម​។ ក្រៅពី​ខេត្តសៀមរាប កេសរ​កូ​ល​ព្រះទ្រហឹង​ក៏មាន​វត្ត​មាននៅ​ស្រុក​ថ្មបាំង ខេត្តកោះកុង​ដែរ​៕






Tag:
 ​ទេសចរណ៍​
  កេសរ​កូ​ល​
  ព្រះទ្រហឹង​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com