កីឡាជាតិ
ជាតិ
ល្បុក្កតោ​ជម្រើសជាតិ​ថ្នាល មាន​ស្នាមញញឹម​ឡើងវិញ ក្រោយ​ហ្វឹកហាត់​ដោយ​គ្មាន​បច្ចេកទេស​ជាច្រើន​ខែ ព្រោះ​កូ​វីដ​-១៩
20, Jun 2020 , 11:39 am        
រូបភាព
ដោយ: ថ្មីៗ
ដោយ​៖ ប៉ូ សុភា 
 
​ភ្នំពេញ​៖ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា បានប្រកាស​ប្រមូលផ្ដុំ​កីឡាករ​ថ្នាល​ជម្រើសជាតិ​ឡើងវិញ កាលពី​ថ្ងៃទី​១ មិថុនា​។ ការប្រកាស​នេះ បានធ្វើឱ្យ​យុវជន​ល្បុក្កតោ មាន​ស្នាមញញឹម​ឡើងវិញ ក្រោយ​ហ្វឹកហាត់​ដោយ​គ្មាន​បច្ចេកទេស​គ្រប់គ្រាន់ នៅក្នុង​ផ្ទះ​ខ្លួនឯង​ជាច្រើន​ខែ ដោយសារ​បញ្ហា​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​

 
​មាន​សម្បុរ​ខ្មៅ​ស្រអែម និង​មាឌតូច​ល្អិត យុវជន ទី​ប្រាក់ ពន្លឺ ជា​កីឡាករ​ល្បុក្កតោ​ជម្រើសជាតិ​ថ្នាល​ម្នាក់ បានបង្ហាញ​អារម្មណ៍​សប្បាយចិត្ត លាយឡំ​នឹង​ក្តីបារម្ភ ក្រោយពី​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា បានប្រកាស​ប្រមូលផ្ដុំ​កីឡាករ​ថ្នាល​ជម្រើសជាតិ​ឡើងវិញ​។ យុវជន ពន្លឺ ព្រួយបារម្ភ​ពី​សមត្ថភាព​របស់​រូប​គេ ដែល​មិន​អាចធ្វើ​បានល្អ​ដូច​មុន​។ នោះ​ក៏​ព្រោះតែ ពន្លឺ ហាត់​នៅផ្ទះ​តែម្នាក់ឯង​មិនមាន​ដៃគូ​,​គ្មាន​ឧបករណ៍​គ្រប់គ្រាន់ និង​គ្មាន​គ្រូបង្ហាត់​បង្រៀន​ដោយផ្ទាល់​ឡើយ រយៈពេល​ជាង​៤​ខែ​មកនេះ​។ 
  
កីឡាករល្បុក្កតោ ទីប្រាក់ ពន្លឺ បង្ហាញក្បាច់គុន (កណ្ដាល) 

​កីឡាករ​មកពី​ខេត្តស្វាយរៀង​រូបនេះ ក៏​ទទួលស្គាល់ថា សមត្ថភាព​ខ្លួន មានការ​អន់ថយ ពោលគឺ​កម្លាំង មិនសូវមាន​សន្ទុះ ដែល​ភាសា​បច្ចេកទេស​ហៅថា «​ស៊ូ​ស​» ដូច​កាលពីមុន​ឡើយ​។ មាន​វ័យ​១៦​ឆ្នាំ​ល្បុក្កតោ​ជម្រើសជាតិ​ថ្នាល​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​ថា​៖«​យើង​នៅផ្ទះ​កន្លែង​វា​តូច អត់​សូវ​មាន​កន្លែង​ហាត់ គិតថា​អត់​សូវ​ល្អ​ប៉ុន្នា​ន​ទេ ធ្លាក់​ស៊ូ​ស​ជាង​មុន ដោយសារ​អត់​មាន​គ្រូបង្វឹក​មក​បង្ហាត់​ដូច​មុន អត់​សូវ​បាន​ហាត់​គ្រប់គ្រាន់ និង​កន្លែង​រត់​អត់​សូវ​មាន​ទេ ។​ពេល​ចូលចាប់​ផ្តើម​ហាត់​វិញ មាន​អារម្មណ៍​ថា ឡើង​ស៊ូ​ស សមត្ថភាព​កើន​ជាង​មុន​ដោយសា​គ្រូ​គាត់​បង្ហាត់​ដិតដល់ …​។​
 
​ងាក​មក​កីឡាករ ព្រុំ​ពេញ វិសាល ឯណេះ​វិញ ក៏​ធ្លាក់​ទម្រង់​ក្បាច់គុន​ខ្លាំង​ដែរ​។ នៅពេល​បញ្ចេញ​ស្នៀត និង​ក្បាច់​នោះ វិសាល ហាក់​មាន​អារម្មណ៍​ដឹងខ្លួន​ឯង​ថា មិនសូវ​រហ័សរហួន​ដូច​មុន ព្រោះតែ​ខ្វះ​បច្ចេកទេស និង​ការណែនាំ​ពី​គ្រូ​។ វិសាល ដែល​បាន​ហ្វឹកហាត់​ខ្លួនឯង តាមរយៈ​ការមើល​វីដេអូ​ចាស់ៗ ដែល​លោកគ្រូ​ខ្លួន​បានបង្ហាញ​នោះ បាន​និយាយ​ដូច្នេះ​ថា​៖«​ពេលដែល​មក​ប្រមូល​ផ្តុំគ្នា​វិញ យើង​មាន​អារម្មណ៍​ថា កើន​ស៊ូ​ស​ជាង​មុន និង​បច្ចេកទេស​ច្រើន​»​។​
 
​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា បានប្រកាស​ប្រមូលផ្ដុំ​កីឡាករ​ថ្នាល​ជម្រើសជាតិ​ឡើងវិញ កាលពី​ថ្ងៃទី​១ មិថុនា ក្រោយពី​សហព័ន្ធ​តម្រូវឱ្យ​កីឡាករ​ហ្វឹកហាត់​នៅផ្ទះ ដោយ​ខ្លួនឯង​ជាច្រើន​ខែ ព្រោះតែ​បញ្ហា​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​
  
កីឡាករល្បុក្កតោ ព្រុំ ពេញវិសា បង្ហាញក្បាច់គុន (ឈស្លៀកខោខៀវ) 

​អគ្គលេខាធិកា​សហ​ព័​ន្ឋ​កីឡា​ល្បុក្កតោ លោក អ៊ួ តារា បាន​សង្កេតឃើញថា កីឡាករ​-​កីឡាការិនី​ដែល​វិល​ត្រឡប់មក​ហ្វឹកហាត់​ជុំគ្នា​វិញ​នេះ ហាក់​មិនមាន​សញ្ញា​ណាមួយ​គួរ​ឲ្យ​កត់សម្គាល់​នោះទេ ដោយសារ​ពួកគេ​បាន​អនុវត្តតាម​គោលការណ៍​អនាម័យ​របស់​ក្រសួងសុខាភិបាល និង​សំណើ​របស់​សហព័ន្ធ ដែល​សុំឱ្យ​ពួកគេ ហ្វឹកហាត់​តាម​អន​ឡាញ​នៅផ្ទះ ។​
 
​សម្រាប់​ការប្រមូលផ្ដុំ​ហ្វឹកហាត់​វិញ​នេះ សហព័ន្ធ​កីឡា​ល្បុក្កតោ​នឹង​រៀបចំ​យុទ្ធសាស្ត្រ និង​ផែនការ​ហ្វឹកហាត់ ដល់​កីឡាករ​-​កីឡាការិនី​ដោយ​តម្រូវឱ្យ​ពួកគេ​ក្តោប​ឡើងវិញ នូវ​ការប្រមូល​កម្លាំង​កាយសម្បទា និង​សមត្ថភាព ដើម្បី​ឱ្យមាន​សន្ទុះ​ដូច​កាលពីមុន​សិន មុន​ឈានទៅ​អនុវត្ត​ជំហាន​បន្ទាប់​។​
 
​អគ្គលេខាធិកា​សហ​ព័​ន្ឋ​កីឡា​ល្បុក្កតោ លោក អ៊ួ តារា បានបញ្ជាក់​ដូច្នេះ​ថា​៖«​ពេល​ហ្វឹកហាត់​នៅផ្ទះ និង​តាម​អន​ឡាញ​នោះ មិនបាន​ទទួលលទ្ធផល​ល្អ​ដូចជា​ការហ្វឹកហាត់​ជា​ក្រុម មាន​គ្រូបង្វឹក​នោះទេ ។​ចំពោះ​ការហ្វឹកហាត់​ដំបូង​នេះ ខាង​គ្រូ​គាត់​មាន​ផែនការ​ពង្រឹង​លើ​សមត្ថភាព ក្នុងការ​ហ្វឹកហាត់​រប​ស់​កីឡាករ កីឡាការិនី​។​ជំហាន​ទីមួយ​គឺ​ត្រូវផ្តោត​ទៅលើ​កម្លាំង ដោយសារ​កីឡាករ កីឡាការិនី​គាត់​បាន​ឈប់សម្រាក​មួយរយៈ​នៅផ្ទះ ដូច្នេះ​កម្លាំង​របស់គាត់​បាន​ធ្លាក់ចុះ ហើយ​យើង​ត្រូវការ​ផ្តោតទៅលើ កម្លាំង​របស់គាត់​ឡើងវិញ ដើម្បី​ឲ្យ​ប្រហាក់ប្រហែល​ទៅនឹង​សមត្ថភាព​ដែល​គាត់​មាន​កាលពីមុន​។​បន្ទាប់មក​ទើប​យើង​ពង្រឹង​ទៅលើ​បច្ចេកទេស​ជា​ក្រោយ​»​។​
  
លោក អ៊ួ តារា អគ្គលេខាធិការនៃសហព័ន្ធកីឡាល្បុក្កតោកម្ពុជា

​លោក អ៊ួ តារា ក៏​ស្នើឱ្យ​កីឡាករ​-​កីឡាការិនី​កុំ​បាន​ទឹកចិត្ត ហើយ​ត្រូវ​ត្រៀមខ្លួន​ហ្វឹកហាត់ ដើម្បី​បង្កើន​សមត្ថភាព​ឡើងវិញ​។​«​ខណៈពេល​នេះ គឺ​ពិតជា​មិនសូវ​ងាយស្រួល​ប៉ុន្មាន​ទេ ដូច្នេះ​ទាមទារ​ឲ្យ​មានការ​តាំងចិត្ត​ខ្ពស់ កុំ​មាន​ការបាក់​ទឹកចិត្ត​ដោយសារ​បញ្ហា​នូវ​ចំពោះមុខ និង​បន្ត​ខិតខំ​ប្រឹងប្រែង​កុំ​បោះបង់​លុះដល់​ស្ថានការណ៍​ប្រសើរ​ឡើងវិញ ពួកគាត់​នឹង​អាច​ត្រឡប់​ទៅ​ហ្វឹកហាត់​នៅ​កីឡាដ្ឋាន​ដូចដើម​»​។ នេះ​ជាការ​លើកឡើង​របស់​អគ្គ​លេខាធិកា​សហ​ព័​ន្ឋ​កីឡា​ល្បុក្កតោ​។​
 
​ទាំង​កីឡា​ករទី​ប្រាក់ ពន្លឺ , ព្រុំ​ពេញ វិសាល និង យ៉ង់ ម៉េង​លី សុទ្ធតែ​អះអាងថា ខ្លួន​នឹង​យកចិត្តទុកដាក់​ប្រឹង​ហ្វឹកហាត់​ក្បាច់ និង​អនុវត្តតាម​ការណែនាំរ​បស់​គ្រូបង្វឹក ដើម្បី​បង្កើន​សមត្ថភាព ត្រៀមខ្លួន​ទៅ​ប្រកួត​នៅក្នុង​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ទៀតផង​៕
 
 
 
 

Tag:
 COVID-19
  ល្បុក្កតោ
© រក្សាសិទ្ធិដោយ thmeythmey.com