ជាតិ
ពីនេះ ពីនោះ
បង្កើត​ជំនួញ​ស្រួល​ទេ តែ​ធ្វើ​ឲ្យ​វា​ដំណើរការ និង​ឲ្យ​មាន​និរន្តរភាព គឺជា​ការ​ប្រឈម​បំផុត​!
20, Jun 2020 , 12:19 pm        
រូបភាព
ដោយ: ថ្មីៗ
​រឿង​កូ​វីដ​-១៩​ចេះតែ​រសាត់​ឆ្ងាយ​ពី​អារម្មណ៍​របស់​ក្លើ សុធីរ និង​សំណាង បន្តិច​ម្តងៗ​ហើយ​។ នៅពេលនេះ មិត្តភក្តិ​ទាំងពីរ​បាន​លើកយក​ប្រធានបទ​សង្គម​ផ្សេងៗ​មក​ជជែក​វិញ​ម្តង​។ នៅថ្ងៃនេះ សុធីរ និង​សំណាង លើកយក​ប្រធានបទ​ជំនួញ​មក​ជជែក​គ្នា​លេង​។


​សំណាង​៖ អា សុធីរ​! ឥឡូវនេះ អញ​ឃើញ​មនុស្សម្នា​ស្ទើរ​គ្រប់គ្នា​ចង់​ក្លាយទៅជា​សហគ្រិន ឬ​អ្នកជំនួញ ហេតុ​អី​ទៅ​? 
 
​សុធីរ​៖ អានេះ​គ្រាន់តែ​គេ​ចង់​ហ្នឹង ក៏​ទើសក្បាល​វា​ដែរ​! ចំណង់ ឬ​បំណងប្រាថ្នា​វា​ល្អ​ហើយ​! 
 
​សំណាង​៖ ចុះ​អញ​មាន​ថា​អី អា​រឿង​ចង់ ឬ​ការប៉ង​ក្នុង​ការធ្វើ​អ្វីមួយ​នោះ​។ អញ​គ្រាន់តែ​ចង់ដឹងថា ហេតុអ្វី​បានជា​នៅពេលនេះ គេ​នាំគ្នា​ចង់​ក្លាយជា​សហគ្រិន​តើ​? 
 
​សុធីរ​៖ អើ​! ប្រហែលជា​មនុស្ស​ម្នាក់ៗ​មានគំនិត​ច្នៃប្រឌិត​កាន់តែច្រើន ចំណេះដឹង​កាន់តែច្រើន ទុន​កាន់តែច្រើន ឱកាស​កាន់តែច្រើន ដូច្នេះហើយ បានជា​ពួកគេ​ចង់​ធ្វើ​នេះ ឬ​ធ្វើ​នោះ​ហ្នឹង​ណា៎​! គំនិត​បង្កើត​ថ្មី គឺ​ល្អ​តើ​! ម្យ៉ាងទៀត ប្រហែលជា​មនុស្ស​ម្នាក់ៗ​មិន​ចង់ស៊ី​ឈ្នួល​គេ​ហ្នឹង​ណា៎​។ 
 
​សំណាង​៖ បើ​មិន​ចង់ស៊ី​​ឈ្នួល​គេ ហើយ​ទៅ​បង្កើត​ខ្លួនឯង វា​ល្អ​ឬទេ​?  
 
​សុធី​៖ អ្ហែង​សួរ​អញ​អ៊ីចឹង អញ​ពិបាក​ឆ្លើយ​ណាស់ណា៎​! 
 
​សំណាង​៖ ឆ្លើយ​តាម​គំនិត​អ្ហែង​មក ខុសត្រូវ អញ​មិន​ថា​អី ថា​វ៉ាន់​ទេ​! 
 
​សុធី​៖ ថា​ល្អ​ក៏បាន ថា​អាក្រក់​ក៏បាន​។ ល្អ នៅត្រង់ថា វា​គឺជា​ការសាកល្បង​អ្វីដែល​ថ្មី​នៅក្នុង​ជីវិត​។ បើ​បរាជ័យ គេ​ក៏បាន​បទពិសោធន៍​បរា​ជ័យ​ក្នុង​ជីវិត​មកវិញ​ដែរ ហើយ​បើ​ជោគជ័យ គេ​ក៏បាន​លុយ​ដាក់​ក្នុង​ហោប៉ៅ​ទៅ​។ 
 
​សំណាង​៖ ចុះ​ចំណុច​អាក្រក់​នោះ វា​ស្អី​ទៅវិញ​? 
 
​សុធីរ​៖ ចំណុច​អាក្រក់ គឺថា តួលេខ​មួយចំនួន​នៅលើ​ពិភពលោក​បានបង្ហាញ​ថា ជំនួញ​តែ​១០​ភាគរយ​ប៉ុណ្ណោះ​ដែល​ដំណើរ​ល្អ ក្រោយពី​ការបង្កើត រីឯ​៩០​ភាគរយ​ទៀត ដួល​បះជើង​។ ម្យ៉ាងទៀត អ្វីដែល​អ្នកជំនួញ ឬ​សហគ្រិន​ត្រូវ​ចង់ចាំ គឺថា ការបង្កើត​ជំនួញ គឺ​ស្រួល​ទេ ពោល គឺ​ឲ្យ​តែមាន​ទុន​ភ្លាម គេ​អាច​បង្កើតបាន​ភ្លាម​។ ប៉ុន្តែ អ្វីដែល​លំបាក គឺ​ធ្វើ​ឲ្យ​ជំនួញ​នោះ​ដំណើរការ​, ចំណេញ​លុយ និង​ឲ្យ​មាន​និរន្តរភាព​ក្នុង​រយៈពេល​យូរ​។ 
 
​សំណាង​៖ អ៊ីចឹង​តើ​គេ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​ឲ្យ​ចំណេញ​លុយ និង​មាន​និរន្តរភាព​? 
 
​សុធីរ​៖ ត្រង់ចំណុច​នេះ អ្នកជំនួញ ឬ​សហគ្រិន​ត្រូវ​សួរ​ខ្លួនឯង​ថា តើ​ពួកគេ​មានការ​តាំងចិត្ត​ក្នុង​ជំនួញ​ក្នុង​កម្រិតណា​? ចូរ​ចងចាំ​ថា ធ្វើជា​ថៅកែ ពួកគេ​ត្រូវ​ធ្វើការ​ពី​ជាង​១០​ម៉ោង​ទៅ​២០​ម៉ោង​ក្នុង​មួយថ្ងៃ បើ​ធ្វើជា​បុគ្គលិក​ធ្វើការ​តែ​៨​ម៉ោង ឬ​តិចជាង​នេះ​។ ថៅកែ ត្រូវ​គិត​ទាំង​ការគ្រប់គ្រង និង​ការ​រកលុយ​ឲ្យ​ចំណេញ​ដើម្បី​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក​។ ដូច្នេះ​, សម្រាប់​សហគ្រិន​ថ្មី​, នៅលើ​វិថី​ជំនួញ​នេះ វា​គឺជា​វិញ្ញាសា​ដ៏​លំបាក​បំផុត​! 

© រក្សាសិទ្ធិដោយ thmeythmey.com