COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Liverpool បាន​ត្រឹម​ស្មើ Everton សម្រាប់​ជំនួប​ដំបូង​ក្រោយ​ត្រឡប់​ចូល​លី​គ​វិញ​
22, Jun 2020 , 11:59 am        
រូបភាព
Liverpool ក្រុម​កំពុង​នាំមុខ​ក្នុង​តារាង Premier League ប្រកួត​ស្មើ​ជាមួយ Everton ខណៈ Chelsea ឈ្នះ Aston Villa សម្រាប់​ជំនួប​ដំបូង​ក្នុងការ​វិលត្រឡប់​ចូល​ប្រកួត​លី​គ ក្រោយ​ផ្អាក​ជាង​៣​ខែ​ដោយសារ COVID-19​។​


​ក្នុងការ​ជួបគ្នា​នៅ​កីឡដ្ឋាន Goodison Park នា​ថ្ងៃទី​២១ ខែមិថុនា ម្ចាស់ផ្ទះ Everton បានបង្ហាញ​ទម្រង់​លេង​ល្អ​ជាង​ក្រុម​ភ្ញៀវ ដោយ​គ្រប់គ្រង​បាល់​ច្រើនជាង​ដល់​ទៅ ៧០-៣០​។ បើ​ត្រឹមតែ​គ្របគ្រង​បាល់​បាន​ច្រើន​ឡើយ ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ​លោក Carlo Ancelotti បាន​បង្កើត​ឱកាស​ក្នុងការ​សម្រេច​ទី ប៉ុន្តែ​ត្រូវ​អ្នកចាំទី Alisson Becker តែងតែ​សង្គ្រោះបាន​ផងដែរ​។​
 
​សម្រាប់​ជំនួប​ដំបូង​របស់​ហង្ស​ក្រហម​ក្នុង​ការប្រកួត​លី​គ​កំពូល​សប្តាហ៍​ទី​៣០​នេះ លោក Jurgen Klopp បាន​កោតសរសើរ Becker ក្នុង​ការជួយ​ក្រុម​ដើម្បី​ទទួលបាន​១​ពិន្ទុ​បន្ថែម​នេះ​។ Liverpool បាន​កើន​ដល់​៨៣​ពិន្ទុ នាំមុខ​ក្រុម​លំដាប់ថ្នាក់​ទី​២ Manchester City ចំនួន​២៣​ពិន្ទុ ប៉ុន្តែ Man City នៅសល់​មួយ​ប្រកួត​ក្នុង​ដៃ​។​


 
Everton ឈរ​លេខ​រៀង​ទី​១២​ដដែល ដោយ​រកបាន​៣៨​ពិន្ទុ​ពី​ការប្រកួត​៣០​លើក ស្របពេល​ក្រុម​ដែល​ចំណាយ​លើ​កីឡាករ​ថ្លៃៗ​មួយ​នេះ មាន​គោលដៅ​ចម្បង​ដើម្បី​ដណ្តើម​កៅអី​លេង​ក្នុង​ក្របខណ្ឌ​អឺរ៉ុប​រដូវ​កាល​ក្រោយ​។​
 
​ដោយឡែក Chelsea វិញ ក្នុង​ប្រកួត​ដំបូង​នេះ​ពួកគេ​បាន​យកឈ្នះ Aston Villa ដោយ​ការ​វាយបក​ក្នុង​លទ្ធផល ២-១​។ ជ័យជម្នះ​នេះ បានធ្វើ​ឲ្យ​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ​លោក Frank Lampard កាន់តែ​កក់ក្តៅ​សម្រាប់​តំណែង​ក្នុង Top 4 ដើម្បី​ទទួលបាន​កៅអី Champions League រដូវ​កាល​ក្រោយ​។​
 
៣០​ប្រកួត តោ​ខៀវ​រកបាន​៥១​ពិន្ទុ ឈរ​នៅ​លេខ​រៀង​ទី​៤​ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស ដោយ​នាំ​មុន Manchester United ដែល​នៅ​លេខ​៥​ចំនួន​៥​ពិន្ទុ​។ Man Utd, Wolves, Sheffeld United និង Tottenham Hotspur សុទ្ធតែជា​ក្រុម​ត្រូវ​ប្រជែង​យក​តំណែង Top 4 រៀងៗ​ខ្លួន​។​
 
Aston Villa ដែល​បន្ត​បរាជ័យ​២​ប្រកួត​កន្លងមក មិនអាច​គេចផុត​ពី​តំបន់​ត្រូវ​កាត់ចោល​ឡើយ​។ Aston រកបាន​២៦​ពិន្ទុ ឈរ​ចំណាត់ថ្នាក់​ទី​១៩ ខណៈ AFC Bournemouth លេខ​១៨ មាន​២៧​ពិន្ទុ ហើយ Norwich City នៅ​បាត​តារាង​មាន​២១​ពិន្ទុ​៕

Tag:
 Premier League
  Liverpool
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com