COVID-19
ជាតិ
ថៃ មិនទាន់យល់ព្រមឲ្យបើកច្រកប៉ោយប៉ែតឡើយ
23, Jun 2020 , 1:03 pm        
រូបភាព
កិច្ចប្រជុំរវាងអាជ្ញាធរខេត្តបន្ទាយមានជ័យនិងអាជ្ញាធរខេត្តស្រះកែវ តាមរយៈ Video Conference (រូបពីលោក អ៊ុំ រាត្រី)
កិច្ចប្រជុំរវាងអាជ្ញាធរខេត្តបន្ទាយមានជ័យនិងអាជ្ញាធរខេត្តស្រះកែវ តាមរយៈ Video Conference (រូបពីលោក អ៊ុំ រាត្រី)
ដោយ: ថ្មីៗ
ភាគីថៃ មិនយល់ស្របនឹងសំណើរបស់ភាគីកម្ពុជាឡើយ ដែលសុំបើកច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលឹកឡើងវិញក្នុងពេលនេះ។ នេះបើតាមព័ត៌មាន ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។



នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោក អ៊ុំ រាត្រី បានពិភាក្សាជាមួយលោក   Woraphan Suwannun អភិបាលខេត្តស្រះកែវប្រទេសថៃ តាមរយៈការតភ្ជាប់វីដេអូ (Video Conference)។ កិច្ចប្រជុំរវាងភាគីទាំងពីរ មិនទាន់សម្រេចឡើយថា ច្រកប៉ោយប៉ែត-ខ្លងលឹក នឹងត្រូវបើកវិញនៅពេលណា។

លោក អ៊ុំ រាត្រី សរសេរលើទំព័រហ្វេសប៊ុកថា ប្រជាពលរដ្ឋខ្មែរ ដែលចេញមកពីថៃ គឺមានការសម្របសម្រួលពីភាគីថៃ ដោយឲ្យបន្តចេញតាមច្រកអូរបីជាន់ដដែល តែចំពោះការអនុញ្ញាតឲ្យប្រជាជនខ្មែរ ចូលទៅថៃវិញនៅពេលណានោះ មិនទាន់កំណត់នៅឡើយទេ ដោយរង់ចាំការជូនដំណឹងពីរដ្ឋាភិបាលថៃ។

យ៉ាងណា អភិបាលខេត្តនៃប្រទេសពីរ បានឯកភាពគ្នា ឲ្យមានការដឹកទំនិញចេញ-ចូលទៅផ្សាររុងក្លឿប្រទេសថៃ តែត្រូវឆ្លងកាត់ការពិនិត្យសុខភាព។ ភាគីទាំងពីរ កំណត់ទៀតថា រយៈពេល នៃការចូលទៅផ្សារនោះ គឺចាប់ពីម៉ោង៨ ដល់ម៉ោង១០ ព្រឹក ត្រូវចូលឲ្យអស់  ហើយនៅម៉ោង១ថ្ងៃ ត្រូវចេញពីទឹកដីថៃវិញ។

ក្រោយស្ថានភាពជំងឺកូវីដ-១៩ ហាក់ធូរស្រាល ថៃ បានអនុញ្ញាតឲ្យប្រជាជន ធ្វើដំណើរជាធម្មតាឡើងវិញ ក្នុងផ្ទៃប្រទេស តែនៅតែបន្តបិទប្រទេស ដោយមិនទាន់បើកឲ្យមានចេញចូលឡោះយ។ គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ថៃ មានអ្នកឆ្លងជំងឺកូវីដ-១៩ ៣១៥៦នាក់ ជាសះស្បើយ៣០២៣នាក់ និង ស្លាប់៥៨នាក់។

ចំណែក កម្ពុជានិងវៀតណាម បានសម្រេចបើកច្រកឲ្យប្រជាពលរដ្ឋ ចេញចូលវិញហើយ តែត្រូវធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលនៃប្រទេសពីរ។ មកដល់ថ្ងៃទី២៣ ខែមិថុនា វៀតណាម មានអ្នកឆ្លងជំងឺកូវីដ-១៩ ៣៤៩នាក់ ជាសះស្បើយ៣២៨នាក់ ដោយមិនមានអ្នកស្លាប់។

នៅកម្ពុជាវិញ មានអ្នកឆ្លងជំងឺកូវីដ-១៩ ១៣០នាក់ ជាសះស្បើយ១២៨នាក់ ដោយគ្មានអ្នកស្លាប់ (គិតត្រឹមថ្ងៃទី២៣ ខែមិថុនា)៕

© រក្សាសិទ្ធិដោយ thmeythmey.com