COVID-19
អន្តរជាតិ
កូរ៉េខាងត្បូង​មាន COVID-19 ៤៦​ករណី​ថែម ខណៈ​អាជ្ញាធរ​សុខ​ភិ​បាល​ថា រលក​ទី​២​មាន​តាំងពី​ខែឧសភា​
23, Jun 2020 , 11:29 pm        
រូបភាព
ប្រជាជនកូរ៉េខាងត្បូង ដើរឆ្លងផ្លូវ ដោយមានពាក់ម៉ាស់ត្រឹមត្រូវ។ រូបភាព៖ AFP
ប្រជាជនកូរ៉េខាងត្បូង ដើរឆ្លងផ្លូវ ដោយមានពាក់ម៉ាស់ត្រឹមត្រូវ។ រូបភាព៖ AFP
​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២៣ ខែមិថុនា បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង COVID-19 ថ្មី​ចំនួន ៤៦​ករណី បន្ទាប់ពី​អាជ្ញាធរ​សុខាភិបាល​អះអាងថា រលក​ឆ្លង​ទី​២ បាន​កើតឡើង​តាំងពី​ខែឧសភា​។ ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​សរុប​នៅ​កូរ៉េខាងត្បូង​មាន​ចំនួន ១២៤៨៤​ករណី ខណៈ​អ្នក​ស្លាប់មាន​ចំនួន ២៨១​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ១០៩០៨​នាក់​។


​តាម​សន្និសីទកាសែត​នៅ​ថ្ងៃទី​២២ ខែមិថុនា ប្រធាន​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺឆ្លង លោកស្រី Jeong Eun-kyeong បាន​អះអាងថា​៖ «​នៅក្នុង​តំបន់​ទីក្រុង យើង​ជឿថា រលក​ទី​១​នៃ COVID-19 គឺ​ចាប់ផ្តើម​ពី​ខែមីនា ដល់​មេសា ក៏ដូចជា​ពី​ខែកុម្ភៈ ដល់​ខែមីនា​។ ពេល​បន្ទាប់ យើង​ឃើញថា​រលក​ទី​ពីរ ដែល​កើតឡើង​ក្នុង​ខែឧសភា កំពុងតែបន្ត​»​។ 
 
​នៅក្នុង​ខែឧសភា​កន្លងទៅ កូរ៉េខាងត្បូង​មាន​ថ្ងៃ​ឈប់សម្រាក និង​ករណី​ឆ្លង COVID-19 នៅ​តំបន់​ពហុវប្បធម៌ Itaewon ដែល​ធ្វើ​ឲ្យ​កូរ៉េខាងត្បូង នៅតែមាន​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​នៅក្នុង​ប្រទេស​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​នៅ​ដំណាច់​ខែកុម្ភៈ កូរ៉េខាងត្បូង មាន​ករណី​ឆ្លង​ច្រើនជាង ៩០០​ករណី​ឯណោះ​ក្នុង​ថ្ងៃ ដែល​ចំនួន​នេះ គឺជា​តួលេខ​ដ៏​ច្រើនជាងគេ​នៅក្រៅ​ប្រទេស​ចិន​។​
 
​ក្នុង​សន្និសីទ​ដដែល លោកស្រី​ប្រធាន​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺឆ្លង បាន​អះអាងថា កូរ៉េខាងត្បូង ធ្លាប់បាន​វាយតម្លៃថា រលក​ទី​២ នៃ​COVID-19 អាច​នឹង​កើតឡើង​នៅក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ (​ចុងខែ​កញ្ញា​ដល់​ចុងខែ​ធ្នូ​) ឬ​រដូវរងា (​ចុងខែ​ធ្នូ ដល់​ចុងខែ​មីនា​)​។ ផ្ទុយទៅវិញ​ការវាយតម្លៃ​ទាំងនោះ គឺ​ខុសពី​ការរំពឹងទុក​។ 
 
​បន្ទាប់ពី​ការលើកឡើង​របស់​ប្រធាន​នាយកដ្ឋាន​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺឆ្លង កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២៣ ខែមិថុនា បាន​រាយការណ៍​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៤៩​ករណី​។ ក្នុងចំណោម​នោះ ៣០​ករណី គឺ​ត្រលប់​មកពី​បរទេស​។ 
 
​ទាក់ទិន​បញ្ហា​ការកើនឡើង​ករណី​ឆ្លង​នេះ  នាពេល​កន្លងមក អភិបាលក្រុង​សេ​អ៊ូ​ល លោក Park Won-soon ធ្លាប់បាន​ព្រមាន​ថា ទីក្រុង​សេ​អ៊ូ​ល អាច​រឹតត្បិត​សារជាថ្មី និង​រក្សា​គម្លាត​សុវត្ថិភាព ប្រសិនបើ​ករណី​ឆ្លង​ថ្មី​នៅក្នុង​ទីក្រុង​កើនឡើង​ដល់ ៣០​ករណី ក្នុង​រយៈ​៣​ថ្ងៃ​ជាប់​គ្នា​។ យ៉ាងណាក៏ដោយ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចេ​អ៊ី​ន បានបង្ហាញ​ការ​ជឿជាក់ថា កូ​រ៉ូ​ណាវី​រុស នៅតែ​ស្ថិតក្រោម​ការគ្រប់គ្រង​។ 
 
​សូមបញ្ជាក់ថា ចាប់តាំងពី​ថ្ងៃទី​២៧ ខែឧសភា ដល់​ថ្ងៃទី​២៣ ខែមិថុនា កូរ៉េខាងត្បូង រាយការណ៍​ថា មាន​ករណី​ឆ្លង​លើសពី ៣០​ករណី​ក្នុង​មួយថ្ងៃ​។ ក្នុង​រយៈពេល​នេះ កូរ៉េខាងត្បូង​មានតែ ២​ថ្ងៃ​ប៉ុណ្ណោះ ដែលមាន​ករណី​ឆ្លង​ក្រោម ៣០​ករណី​ក្នុង​មួយថ្ងៃ ៕ 

Tag:
 កូរ៉េខាងត្បូង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com