សង្គមអន្តរជាតិ​
អន្តរជាតិ
លោក មូ​ន ចេ​អ៊ី​ន​៖ មុន​បង្រួបបង្រួម​គ្នា កូរ៉េ​ទាំងពីរ​អាចធ្វើ​ជា​អ្នកជិតខាង​ល្អ​ជាមុនសិន​
26, Jun 2020 , 11:37 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​២៥ ខែកក្កដា បានស្នើ​ទៅកាន់​កូរ៉េខាងជើង​ឲ្យ​ចូលរួម​ជាមួយ​កូរ៉េខាងត្បូង​ដើម្បី​បញ្ចប់​ជា​ផ្លូវការ​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​។ ថ្លែង​នាឱកាស​រំឭក​ខួប​៧០​ឆ្នាំ​នៃ​ការផ្ទុះ​សង្គ្រាម​ដ៏​មហន្តរាយ​នេះ លោក មូ​ន ចង់​ឲ្យ​ឧបទ្វីប​កូរ៉េ​មាន​សន្តិភាព​សិន មុននឹង​ឈានដល់​ការបង្រួបបង្រួម​កូរ៉េ​ទាំងពីរ​ដែលជា​គោលដៅ​ចម្បង​។ យ៉ាងណាមិញ លោក មូ​ន ក៏​ឆ្លៀត​ព្រមាន​ព្យុងយ៉ាង​ដែរ​ថា សេ​អ៊ូ​ល​មាន​សមត្ថភាព​កម្ទេច​កា​រ​គំរាម​ទាំងអស់​។​

 
​សង្គ្រាម​ឧបទ្វីប​កូរ៉េ​ដែល​ផ្ទុះឡើង​នៅ​ឆ្នាំ​១៩៥០ ដល់​ឆ្នាំ​១៩៥៣ បញ្ចប់​ទៅដោយ​ការចុះ​យុទ្ធសន្តិភាព ដែល​ការណ៍​នេះ​បន្សល់ទុក​នូវ​ដុំថ្ម​ដ៏​ធំ​មួយ​សម្រាប់​អ្នក​ជំនាន់​ក្នុង​ការចរចា​ដើម្បី​ឈានទៅរក​ការបញ្ចប់​សង្គ្រាម​ជា​ផ្លូវការ​។ ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​២៥ ខែកក្កដា បាន​ទទូច​ជាថ្មីទៀត​ទៅកាន់​កូរ៉េខាងជើង​ឲ្យ​ងាក​មក​ចរចា​ដើម្បី​បញ្ចប់​ជម្លោះ​ចំណាស់​៧០​ឆ្នាំ​មួយ​នេះ​។​
 
​នា​ពិធី​រំឭក​ខួប​ផ្ទុះ​សង្គ្រាម​នេះ លោក មូ​ន អះអាងថា ការ​រំឭក​ពី​សង្គ្រាម​នេះ មិនអាច​ធ្វើ​ដោយ​ពិតប្រាកដ​ឡើយ ព្រោះ​សង្គ្រាម​មិនទាន់​បញ្ចប់​ជា​ផ្លូវការ​។ លោក ចង់​សំដៅ​ដល់​ការផ្អាក​ការប្រយុទ្ធ​គ្នា​ដោយ​ការចុះហត្ថលេខា​លើ​យុទ្ធសន្តិភាព មិនមែនជា​សន្ធិសញ្ញា​ប​ញ្ច​ប់​សង្គ្រាម ដែល​នេះ​មានន័យថា ជា​លក្ខណៈ​បច្ចេកទេស សង្គ្រាម​មួយ​នេះ​មិនទាន់​ចប់​នៅឡើយ​។ លោក មូ​ន សង្ឃឹមថា កូរ៉េខាងជើង នឹងមាន​ការសម្រេចចិត្ត​ដ៏​គត់មត់​ក្នុង​ការរក​សន្តិភាព​។​
 
​សម្រាប់​មេដឹកនាំ​ា​កូរ៉េខាងត្បូង​រូបនេះ មុននឹង​និយាយ​ដល់​ការបង្រួបបង្រួម កូរ៉េ​ទាំងពីរ​ត្រូវមាន​សន្តិភាព​ជាមុនសិន ហើយ​ក្រោយ​មាន​សន្តិភាព​យូរអង្វែង ទើប​អាច​រក​ផ្លូវ​ដល់​ការបង្រួបបង្រួម​។ លោក មូ​ន បញ្ជាក់ថា ការប្រកួតប្រជែង​រវាង​កូរ៉េ​ទាំងពីរ​លើ​របប​នយោបាយ និង​សេដ្ឋកិច្ច បានបញ្ចប់​ជា​យូរ​មក​។ លោក​បាន​លើក​ពី​ទំហំ​សេដ្ឋកិច្ច​កូរ៉េខាងត្បូង​ដែល​ធំ​ជាង​កូរ៉េខាងជើង​៥០​ដង និង​ទំហំ​ពាណិជ្ជកម្ម​ដែល​ធំ​ជាង​ដល់​ទៅ​៤០០​ដង​ឯណោះ​។​
 
«​យើង​បាន​សន្តិភាព និង​មានបំណង​រស់នៅ​ជាមួយគ្នា​ដោយ​ល្អប្រសើរ​។ យើង​នឹង​បន្ត​រក​ផ្លូវ​ដែល​ផ្ដល់​ប្រយោជន៍​សម្រាប់​កូរ៉េ​ទាំងពីរ​តាមរយៈ​សន្តិភាព​។ មុន​និយាយ​ដល់​កា​រប​ង្រូ​ប​បង្រួម​គ្នា ខ្ញុំ​សង្ឃឹមថា យើង​អាច​ក្លាយជា​អ្នកជិតខាង​ល្អ​ជាមុនសិន​។​» នេះ​ជាការ​លើកឡើង​របស់់លោក មូ​ន ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​
 
​ទោះ​កូរ៉េខាងត្បូង​ចង់បាន​សន្តិភាព​មែនពិត លោក មូ​ន ប្រកាស​ដោយ​ចំហ​ថា កូរ៉េខាងត្បូង​ក៏​មិន​បណ្ដែតបណ្ដោយ​ឲ្យ​មានការ​គំរាមកំហែង​ដែរ​។ ដោយ​មិន​និយាយ​ចំឈ្មោះ​កូរ៉េខាងជើង លោក មូ​ន អះអាងថា យោធា​កូរ៉េខាងត្បូង​មានលទ្ធភាព​ពេញលេញ​ក្នុងការ​ទប់ទល់​រាល់​ការ​គំរាម ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ទឹកដី​មួយ​ចម្រៀក​ណា ត្រូវបាន​បំពាន​ឡើយ​៕
 
 

Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com