COVID-19
ជាតិ
ទ័ព​មួក​ខៀវ​កម្ពុជា​១០​នាក់ ដែល​ផ្ទុក​កូ​វីដ​-១៩ នៅ​ម៉ាលី ជាសះស្បើយ​អស់ហើយ​
26, Jun 2020 , 3:12 pm        
រូបភាព
កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​១០​នាក់ ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​សាធារណរដ្ឋ​ម៉ាលី បានជា​សះស្បើយ​វិញ​អស់ហើយ​។ នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ ផ្តល់ព័ត៌មាន​នេះ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០​។   


​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​សរុប​១១​នាក់ ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅ​ម៉ាលី​។ ក្នុងចំណោម​១១​នាក់​នោះ កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ម្នាក់ គឺ​ឧ​ត្ត​ម​សេនីយ៍​ទោ ស សា​វី វ័យ​៦៣​ឆ្នាំ បានទទួល​មរណភាព​នៅ​មាលី ដោយសារ​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០​។ 
 
​បើតាម​អ្នកនាំពាក្យ​ក្រសួងការពារជាតិ កងកម្លាំង​កម្ពុជា​៥​កង មាន​ចំនួន​សរុប​៧៨៧​នាក់ (​នារី​៧៦​នាក់​) ដែល​កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ នៅ​ប្រទេស​៥ គឺ លី​បង់ ស៊ូដង់ ស៊ូដង់​ខាងត្បូង ម៉ាលី និង អាហ្វ្រិក​កណ្តាល​។ លោក អះអាងថា ក្រៅពី​ម៉ាលី នៅ​ប្រទេស​៤​ផ្សេងទៀត មិនមាន​កងកម្លាំងរ​ក្សា​សន្តិភាព​កម្ពុជា ឆ្លង​ជំងឺ​កូ​វីដ​១៩​នោះទេ​។​
 
​លោក បន្តថា ក្រសួងការពារជាតិ តាមរយៈ​មជ្ឈមណ្ឌល​ក​ង​កម្លាំង​រក្សា​សន្តិភាព បោះ​សំអាត​មីន និង គ្រាន់​មិនទាន់​ផ្ទុះ នៅតែ​បន្ត​តាមដាន និង​ណែនាំ​ជាប់​ជាប្រចាំ ដល់​កងកម្លាំង​ទាំងអស់​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​នឹង​ជំងឺ​កូ​វីដ​-១៩​។ 
 
​លោក បញ្ជាក់​ដូច្នេះ​ថា​៖«​ទោះបីជា​ពិភពលោក បាន​ប្រឈម​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងការពារជាតិ មិនបាន​រាថយ​ក្នុង​ការបញ្ជូន​កងកម្លាំង​ទៅ​បំពេញ​ប្រតិបត្តិការ​ការងារ​មនុ​ស្ស​ធម៌​តាមរយៈ​អង្គការសហប្រជាជាតិ នៅក្រៅ​ប្រទេស​នោះឡើយ​»៕ 

Tag:
 COVID-19
  ទ័ព​មួក​ខៀវ
© រក្សាសិទ្ធិដោយ thmeythmey.com