ជាតិ
មេដឹកនាំ​កម្ពុជា គាំទ្រ​គំនិត​ព្រុយ​ណេ ដែល​ចង់ឱ្យ​អាស៊ាន ទទួលយក​ដៃគូ​សន្ទនា​ថ្មី​
26, Jun 2020 , 10:29 pm        
រូបភាព
សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៦ ក្រោម​មូលបទ «​ភាពស្អិតល្មួត និង​ការឆ្លើយតប​» ចំពោះមុខ​បណ្ដា​មេដឹកនាំ​អាស៊ាន តាមរយៈ​ប្រព័ន្ធ​វីដេអូ (Video Conference) នៅ​វិមាន​សន្តិភាព នា​ថ្ងៃទី​២៦ មិថុនា ២០២០
សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៦ ក្រោម​មូលបទ «​ភាពស្អិតល្មួត និង​ការឆ្លើយតប​» ចំពោះមុខ​បណ្ដា​មេដឹកនាំ​អាស៊ាន តាមរយៈ​ប្រព័ន្ធ​វីដេអូ (Video Conference) នៅ​វិមាន​សន្តិភាព នា​ថ្ងៃទី​២៦ មិថុនា ២០២០
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចង់ឱ្យ​អាស៊ាន​ទទួលយក​ដៃគូ​សន្ទនា​ថ្មី ដើម្បី​ផលប្រយោជន៍​រួម​។ សម្ដេច ថ្លែង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៦ ក្រោម​មូលបទ «​ភាពស្អិតល្មួត និង​ការឆ្លើយតប​» ដែល​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ ( Video Conference) នៅ​វិមាន​សន្តិភាព នា​ថ្ងៃទី​២៦ មិថុនា​។​


​សម្ដេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា ដៃគូ​សន្ទនា​ច្រើន វា​នឹង​ជួយ​ដល់​ការអភិវឌ្ឍ​ប្រទេស​ក្នុង​តំបន់​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏បាន​គាំទ្រ​គំនិត​ផ្តួចផ្ដើម​របស់​ព្រុយ​ណេ ស្តីពី​ការបើក​ឡើងវិញ នូវ​ការទទួលយក​សំណើ​ពី​ប្រទេស ដែល​ចាប់អារម្មណ៍​ធ្វើជា​ដៃគូ​សន្ទនា​ថ្មី​របស់​អាស៊ាន ។ 
 
«​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន បាន​សម្ដែង​នូវ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង ក្នុងការ​បង្កើត​កិច្ចសហប្រតិបត្តិការ​ជា​ផ្លូវការ​ជាមួយ​អាស៊ាន​។ កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​បែបនេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​អាស៊ាន ក្នុងការ​លើកកម្ពស់​ដំណើរ​ការកសាង​សហគមន៍ ជាពិសេស​ក្នុងការ​ជម្នះ​នូវ​ឧបសគ្គ និង​ភាពស្មុគស្មាញ​នានា​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។​
​នាយករដ្ឋមន្ត្រី​កម្ពុជា ប្ដេជ្ញា​បន្ត​កិច្ចសហការ​យ៉ាង​ជិតស្និទ​ជាមួយ​រដ្ឋាភិបាល​ព្រុយ​ណេ និង​សមាជិក​អាស៊ាន​ដទៃ​ផ្សេងទៀត លើ​ដំណើរ​ការបង្កើន​ដៃគូ​សន្ទនា ដើម្បី​សម្រេច​ឱ្យបាន​លទ្ធផល​ជា​វិជ្ជមាន ដោយ​រក្សា​នូវ​ម​ជ្ឈ​ភាព​អាស៊ាន (ASEAN centrality) និង​តួនាទី​ដឹកនាំ​របស់​អាស៊ាន​នៅក្នុង​តំបន់​។​
 
​អាស៊ាន​បាន​បើកទ្វារ​ទទួល​ស្វាគមន៍​ប្រទេស​ដទៃ ដែល​ចង់​ធ្វើជា​ដៃគូ​សន្ទនា​ខ្លួន ចាប់តាំងពី​ឆ្នាំ​១៩៧០​មក​។ បច្ចុប្បន្ននេះ អាស៊ាន​មាន​ប្រទេស​៩ និង​អង្គការ​២ ជា​ដៃគូ​សន្ទនា ក្នុងនោះ​រួមមាន អូស្ត្រាលី (១៩៧៤) នូ​វែ​ល​សេ​ឡង់ (១៩៧៥) កាណាដា (១៩៧៧) សហភាព​អឺរ៉ុប​(១៩៧៧) ជប៉ុន (១៩៧៧) អាមេរិក​(១៩៧៧) កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ UNDP (១៩៧៧) កូរ៉េខាងត្បូង (១៩៩១) ឥណ្ឌា​(១៩៩៥) ចិន (១៩៩៦) និង​រុស្ស៊ី (១៩៩៦)៕ 
 

Tag:
 អាស៊ាន​
  ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com