ជាតិ
ប្រទះឃើញសិលាចារឹក ចំណាស់ប្រមាណ១ពាន់ឆ្នាំមួយផ្ទាំង នៅការដ្ឋានជួសជុលប្រាសាទទន្លេស្ងួត រូបភាពពីហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា
× សៀមរាប៖ សិលាចារឹកមួយផ្ទាំងជាភាសាសំស្ក្រឹត ត្រូវបានគេប្រទះឃើញនៅក្នុងការដ្ឋានជួសជុលប្រាសាទន្លេស្ងួត នៃក្រុងអង្គរធំ។ តាមការប៉ាន់ស្មានដំបូងរបស់អ្នកជំនាញ សិលាចារឹកនេះ ទំនងចារអំឡុងចុងសតវត្ស ទី១១ ដល់ដើមសតវត្ស ទី១២។ នេះបើតាមទំព័រហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា។
តាមស្ថាប័នខាងលើ សិលាចារឹកភាសាសំស្ក្រឹតដែលប្រទះឃើញនេះ ចារលើផ្ទាំងថ្មភក់មាន៥៥បន្ទាត់ កម្ពស់១០០ សង់ទីម៉ែត្រ ទទឹង៤០សង់ទីម៉ែត្រ និងកម្រាស់២០សង់ទីម៉ែត្រ។ ហើយត្រូវបាននាំទៅរក្សា នៅស្នាក់ការរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៤ មិថុនា។
លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា លើកឡើងថា សិលាចារឹកខាងលើ អាចត្រូវបានគេនាំយកពីប្រាសាទដទៃ និងប្រើជាថ្មកម្រាលដោយរៀបដាក់ផ្កាប់ផ្ទៃមានអក្សរចារឹកទៅក្រោម។ ចំណែកផ្ទៃខាងក្រោយពុំមានអក្សរដាក់ផ្ងារឡើងលើ ហើយដាប់ធ្វើជាល្បាក់សម្រាប់ទ្រថ្មធ្នឹមទ្វារ។ ការណ៍នេះ ធ្វើឱ្យផ្ទាំងសិលាចារឹកមានការរលុបអក្សរច្រើន ហើយអ្នកជំនាញមិនទាន់សន្និដ្ឋានពីខ្លឹមសារក្នុងនោះនៅឡើយ។ នេះបើតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន។
ដ្បិតមិនទាន់មានព័ត៌មានលម្អិត តែលោក អ៊ឹម សុខរិទ្ធី ថាវត្តមានសិលាចារឹកនេះបានផ្តល់ព័ត៌មានសំខាន់ពីប្រវត្តិនៃការសាងសង់ប្រាសាទទន្លេស្ងួត និងភស្ដុតាងបុរាណវិទ្យា ដែលបង្ហាញពីការតាំងទីមនុស្សសម័យអង្គរនៅតំបន់នេះ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ពីឆ្នាំ១១៨១ ដល់១២១៨ គ.ស៕
រូបភាពពីហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា៖
Tag:
សិលាចារឹក
ប្រាសាទទន្លេស្ងួត
© រក្សាសិទ្ធិដោយ thmeythmey.com