កីឡាជាតិ
ជាតិ
ប្រធានក្លិបវិសាខា៖ យើងនឹងស្វែងរកអ្នកបុក ទៀត គឹមហេង ហើយរត់! កីឡាករ ទៀត គឹមហេង (រូបក្នុងរង្វង់) និងលោកស្រី កែ សួនសុភី ប្រធានក្លិបវិសាខា
× លោកស្រី កែ សួនសុភី ប្រធានក្លិបបាល់ទាត់វិសាខាបានប្តេជ្ញាថា លោកស្រី នឹងស្វែងរកអ្នកបើករថយន្ត ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យកីឡាករ ទៀត គឹមហេង រងរបួសធ្ងន់ និងយុវតីម្នាក់ស្លាប់ កាលពីយប់រំលងអធ្រាត្រថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។
«យើងនឹងស្វែងរកអ្នកបុក ហើយរត់!»។ ប្រធានក្លិបបាល់ទាត់វិសាខាលោកស្រី កែ សួនសុភី បានសេសេរសារប្តេជ្ញាចិត្តបែបនេះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដែលមានឈ្មោះថា«Sophy Ke»នៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។ ការសរសេរសារព្រមានរបស់ប្រធានក្លិបរូបនេះ ធ្វើឡើងក្រោយមានជនបង្កបានបើករថយន្តបុកកីឡាកររបស់ខ្លួន ទៀត គឹមហេង និងយុវតីម្នាក់ ហើយរត់មិនទទួលខុសត្រូវ។
គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តនេះ បានបណ្តាលឲ្យកីឡាករ ទៀត គឹមហេង រងរបួសក្បាលធ្ងន់ធ្ងរ ដែលទាមទារវះកាត់ជាចាំបាច់ និងយុវតីម្នាក់ដែលគេអះអាងជាមិត្តស្រីរបស់ខ្សែបម្រើរូបនេះស្លាប់នៅនឹងកន្លែងកើតហេតុ។ ឧបទ្ទវហេតុដ៏រន្ធត់នេះបានកើតឡើងតាមបណ្តោយផ្លូវលេខ៣១០កែងនឹងផ្លូវលេខ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
មកទល់ពេលនេះសមត្ថកិច្ចមិនទាន់អាចកំណត់អត្តសញ្ញាតរថយន្ត និងជនបង្កនៅឡើយទេ។ ចំណែកកីឡាករ ទៀត គឹមហេង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
Tag:
កែ សួនសុភី
វិសាខា
ទៀត គឹមហេង
© រក្សាសិទ្ធិដោយ thmeythmey.com