នៅក្នុងពាក្យបណ្តាំរបស់អ្នកប្រាជ្ញខ្មែរ «ធនញ្ជ័យ» បានយកត្រីបីប្រភេទ មានត្រីព្រួល ត្រីប្រា និងត្រីសណ្តាយ មកធ្វើជា «ប្រស្នា» ថ្វាយព្រះរាជ ដោយមានសេចក្តីថា៖ «បើសោយត្រីព្រួល កុំចោលស្រកា បើសោយត្រីប្រាកុំចោលស្រកី បើស្លក្បាលត្រីសណ្តាយ កុំភ្លេចដាក់ម្ជូរសណ្ដាន់»។
ពាក្យថា៖ «សោយត្រីព្រួលកុំចោលស្រកា» ក្នុងន័យត្រង់ គឺត្រីព្រួល អាចរស់បានដោយសារស្រកា។ ស្រកាជាគ្រឿងបិទបាំងរាងកាយរបស់ត្រី។ នៅក្នុងន័យបង្កប់ ស្រកា គឺប្រៀបបានដូចជាប្រជារាស្ដ្រ ដែលនៅជុំវិញអ្នកដឹកនាំ ដែលមានគុណធម៌។ ចំណែកន័យបង្កប់មួយទៀតគឺ បើសិនជាមិនចង់ឲ្យអំណាចដឹកនាំរបស់ខ្លួនប្រែប្រួលទេ គ្រប់អ្នកដឹកនាំ ត្រូវគិតប្រយោជន៍ស្រកា នោះគឺគិតប្រជារាស្ដ្រជាធំ។ រាស្ដ្រអាចលើកបុគ្គលម្នាក់ឲ្យធ្វើជាអ្នកដឹកនាំបាន ហើយក៏អាចរុះរើទម្លាយនូវអំណាចអ្នកដឹកនាំនោះ ឲ្យប្រែប្រួលក្រឡាប់ចាក់បានដែរ។
សូមបញ្ជាក់ថា «ត្រីព្រួល» គឺជាត្រីមានស្រកាមួយប្រភេទ សម្បុរស មានឈ្មោះវិទ្យាសាស្ត្រ (Cirrhinus microlepis) និងឈ្មោះជាភាសាអង់គ្លេស Small scale mud carp មានប្រវែងដងខ្លួនអតិបរមា ៦៥ស.ម។ វារស់នៅក្នុងទន្លេធំៗ បឹងទន្លេសាប និងតំបន់វាលទំនាបលិចទឹកផងដែរ។
ចំពោះពាក្យថា៖ «សោយត្រីប្រាកុំចោលស្រកី»។ ក្នុងន័យត្រង់ ស្រកីគឺនៅនឹងក្បាល។ ស្រកី ចាត់ទុកជាច្រមុះសម្រាប់ដកដង្ហើម។ ន័យបង្កប់ទីមួយមានន័យថា៖ «នគរមួយអាចរស់បានដោយឯករាជ្យ ត្រូវពឹងផ្អែកលើសេដ្ឋកិច្ច»។ សេដ្ឋកិច្ច ជាភាពខ្លាំងរបស់នគរនីមួយៗ ឬដូចជាគ្រួសារមួយ អាចមានភាពសុខដុមរមនាទៅបាននោះ គឺស្ត្រីជាអ្នកផ្តុំទ្រព្យសម្បត្តិគ្រប់យ៉ាងឲ្យគង់វង្ស។ ពាក្យថា៖ «ស្រកី» គឺបានមកពីពា្យគន្លាស់ថា៖ «ស្រី ក» មានន័យថា៖ «បើស្រីកទុក្ខ នោះនឹងបានទុក្ខ បើស្រីកសុខ នោះនឹងបានសុខ និងសុភមង្គល»។
ចំណែកន័យបង្កប់ទីពីរ មានន័យថា៖ «ការប្រាស្រ័យទាក់ទងក្នុងសង្គមជាតិមួយ អាចរីកចម្រើនទៅបាន អ្នកដឹកនាំត្រូវចេះប្រាស្រ័យទាក់ទង (ឲ្យដឹងសុខទុក្ខ) ពីថ្នាក់ក្រោមទៅលើ ពីតូចទៅធំ ពីទាបទៅខ្ពស់ ទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីចម្រាញ់ និងនាំយកនូវអ្វីដែលថ្មី និងជឿនលឿនយកមកកសាងជាតិមាតុភូមិរបស់ខ្លួនឲ្យបានរីកចម្រើន ដូចន័យប្រស្នាថា៖ «សោយត្រីប្រាកុំចោលស្រកី» គឺក្បាលត្រូវចេះគិតពីដង្ហើមរស់សម្រាប់ចិញ្ចឹមខ្លួនទាំងមូល។
ត្រីប្រាធំ។ រូបភាព៖ ឈុត ឈាណា
សូមបញ្ចាក់ថា ត្រីប្រាមានច្រើនប្រភេទដូចជា ត្រីប្រាកែ ត្រីប្រាកណ្តុរ ត្រីប្រាខ្ចៅ ត្រីប្រាស្អាត ត្រីប្រាក្របីជាដើម តែយើងសូមលើកយកតែត្រីប្រាធំមកបរិយាយប៉ុណ្ណោះ។ ត្រីប្រាធំ មានឈ្មោះវិទ្យាសាស្ត្រ (Pangasianodon hypophthalmus) និងឈ្មោះជាភាសាអង់គ្លេស Striped catfish។ វាជាប្រភេទត្រីទឹកសាប រស់នៅក្នុងអាងទន្លេមេគង្គ បឹងទន្លេសាប ហើយក៏ជាត្រីដែលគេនិយមចិញ្ចឹមក្នុងស្រះ ត្រពាំងផងដែរ។
ចំណែកពាក្យថា៖ «ស្លក្បាលត្រីសណ្តាយកុំចោលម្ជូរសណ្តាន់»។ ន័យត្រង់ថា បើយើងស្លក្បាលត្រីសណ្តាយ ត្រូវប្រើម្ជូរសណ្តាន់សម្រាប់កាត់នូវចម្អាប។ ហេតុអ្វីបានជាគាត់មិនយកម្ជូរដទៃ បែរជាយកម្ជូរសណ្តាន់មកដាក់ជាប្រស្នា? នោះពីព្រោះដោយសារពាក្យ «សណ្តាន់» ស្រដៀងនឹងពាក្យ «សន្តាន» ដែលតំណាងឲ្យសាច់ញាតិ មានសូរសព្ទស្រដៀងគ្នា សម្រាប់ចងជាប្រស្នាបំភាន់។
ចំពោះន័យបង្កប់ គឺគាត់ចង់ប្រាប់អ្នកដឹកនាំគ្រប់ជំនាន់ថា បើយើងគ្រប់គ្រងនគរ ត្រូវសម្លឹងមើលញាតិរបស់ខ្លួន។ ព្រោះភាគច្រើននៃញាតិ តែងតែយកអំណាចរបស់អ្នកដឹកនាំ ទៅប្រើគំរាមកំហែងអ្នកនៅខាងក្រោម ផ្តេសផ្តាស់ ទៅតាមចិត្តលោភលន់របស់ខ្លួន ដែលធ្វើឲ្យអ្នកដឹកនាំមានញាតិបែបនេះ មានកេរ្តិ៍ឈ្មោះមិនល្អ ។ គ្រប់អ្នកដឹកនាំទាំងឡាយ ត្រូវតែប្រើច្បាប់គឺ «ម្ជូរសណ្តាន់» សម្រាប់កាត់នូវចម្អាប គឺក្លិនឆ្អាបមិនល្អ ដែលញាតិរបស់ខ្លួនបានធ្វើឲ្យខូចសណ្តាប់ធ្នាប់សង្គម។ នេះជាមូលហេតុដែលអ្នកប្រាជ្ញខ្មែរ «ធនញ្ជ័យ» យកឈ្មោះ «ម្ជូរសណ្តាន់» មកបញ្ចប់ប្រស្នាចុងក្រោយ មុនពេលគាត់ស្លាប់។
ត្រីសណ្តាយ។ រូបភាព៖ ឈុត ឈាណា
សូមបញ្ជាក់ថា ត្រីសណ្តាយ គឺជាប្រភេទត្រីដែលមានសកម្មភាពយឺត ស្ងប់ស្ងាត់ និងល្មោភស៊ី ភាគច្រើនលាក់ខ្លួនក្នុងរន្ធ។ វាមានឈ្មោះវិទ្យាសាស្ត្រ (Wallago attu) និងឈ្មោះជាភាសាអង់គ្លេស Wallago មានប្រវែងដងខ្លួនអតិបរមា ២៤០ ស.ម៕