សេដ្ឋកិច្ច
អន្តរជាតិ
វៀតណាម ប្តេជ្ញាប្រែក្លាយ រដ្ឋធានីហាណូយជា«មជ្ឈមណ្ឌលប្រចាំអាស៊ីបូព៌ា» នៅឆ្នាំ២០៤៥ រូបភាព VNA
× ប្រមុខរដ្ឋាភិបាលវៀតណាម បានដាក់គោលដៅ និងប្តេជ្ញាមុតមាំក្នុងការតម្រែតម្រង់រដ្ឋធានីរបស់ខ្លួនឲ្យក្លាយជាមមជ្ឈមណ្ឌលរួមមួយប្រចាំតំបន់ នៅពេលប្រទេសរបស់ខ្លួន ក្លាយជាប្រទេសអភិវឌ្ឍន៍។ ដើម្បី សម្រេចគោលដៅនេះ ប្រមុខដឹកនាំវៀតណាម នឹងបន្តធ្វើកំណែទម្រង់ឲ្យកាន់តែស៊ីជម្រៅដើម្បីធានា ដល់ភាពងាយស្រួលសម្រាប់ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយដៃគូជាដើម។
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc តាមរយៈសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍន៍ ហាណូយ ឆ្នាំ២០២០ នៅថ្ងៃ២៧ មិថុនា បានលើកឡើងថា ហាណូយ ត្រូវតែប្រែក្លាយជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ប្រចាំតំបន់អាស៊ីបូព៌ានៅឆ្នាំ២០៤៥ នៅពេលវៀតណាម ក្លាយជាប្រទេសជឿនលឿនផងនោះ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News លោកនាយករដ្ឋមន្ត្រីរូបនេះ បានលើកឡើងថា អាជ្ញាធរក្រុងហាណូយ បានបង្កើតលក្ខខណ្ឌជម្រើសជាច្រើនសម្រាប់ដៃគូសេដ្ឋកិច្ច និងអភិវឌ្ឍ ហើយសក្តានុពលនេះ កន្លងមកបានទាក់ទាញគម្រោងវិនិយោគបរទេសទ្រង់ទ្រាយធំជាបន្តបន្ទាប់ផងដែរ។
ប្រមុខដឹកនាំវៀតណាម បន្តទៀតថា កេរ្តិ៍ឈ្មោះថ្មីនេះ ធ្វើឲ្យហាណូយ បច្ចុប្បន្នមិនត្រឹមតែជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌របស់វៀតណាមប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែជាមជ្ឈមណ្ឌលមួយប្រចាំអាស៊ីអាគ្នេយ៍ ហើយត្រឹមឆ្នាំ២០៤៥ ហាណូយ ក៏នឹងក្លាយជាមជ្ឈមណ្ឌលមួយប្រចាំអាស៊ីបូព៌ាទៀតផង។
លោកនាយករដ្ឋមន្ត្រី អះអាងថា គោលដៅអភិវឌ្ឍន៍ក្រុងហាណូយ លែងប្រកួតប្រជែងជាមួយនឹងតំបន់ក្នុងស្រុករបស់វៀតណាមទៀតហើយ ក៏ប៉ុន្តែជាមួយនឹងទីក្រុងទំនើបផ្សេងទៀតក្នុងតំបន់ដូចជា បាងកករបស់ថៃ ហ្សាការតារបស់ឥណ្ឌូណេស៊ី សៀងហៃរបស់ចិន និងម៉ានីលរបស់ហ្វីលីពីន។
ជាមួយនឹងការដាក់គោលដៅកែទម្រង់ លោកនាយករដ្ឋមន្ត្រីវៀតណាមរូបនេះ បានលើកទឹកចិត្តឲ្យអាជ្ញាធរក្រុងហាណូយ បង្កើនគុណភាពស្ថាប័ន និងផ្តោតសំខាន់លើដំណោះស្រាយលើបញ្ហាប្រឈមដើម្បីជាផ្នែកមួយ ក្នុងការកសាងផែនការមេសម្រាប់រៀបចំគោលនយោបាយរដ្ឋធានីរបស់ប្រទេស ។ ជាពិសេសនោះ លោក ចង់ឃើញ ហាណូយ កាន់តែបុរេសកម្ម ក្នុងការផ្សារភ្ជាប់ខ្លួនជាមួយនឹងសង្វាក់ផលិតកម្មសកល៕
© រក្សាសិទ្ធិដោយ thmeythmey.com