កីឡាអន្តរជាតិ
អន្តរជាតិ
Man City សម្រេចលក់ Sane ឲ្យ Bayern Munich ក្នុងតម្លៃជាង៦៧លានដុល្លារ
× Manchester City បានយល់ព្រមលក់ខ្សែបម្រើស្លាប Leroy Sane ទៅឲ្យក្លិប Bayern Munich ហើយក្នុងកិច្ចព្រមព្រៀងផ្ទេរតម្លៃ ៥៤,៨ លានផោន (៦៧,៨៦លានដុល្លារអាមេរិក)។ ការសម្រេចលក់ខ្សែបម្រើដ៏មានទេពកោសល្យនេះ ដោយសារ Sane បដិសេធបន្តកិច្ចសន្យាថ្មីបន្ថែមលើកិច្ចសន្យាដែលនៅសល់។
កីឡាករអន្តរជាតិអាល្លឺម៉ង់រូបនេះនឹងចូលរួមជាមួយម្ចាស់ជើងឯក Bundesliga ក្នុងតម្លៃដំបូងប្រហែល ៤៤,៧ លានផោន (៥៥,៣៥ លានដុល្លារ) និងបន្ថែមនៅពេលក្រោយជាង១០លាដុល្លារថែមទៀតនៅពេលបន្ទាប់។
នៅអាយុ ២៤ ឆ្នាំ Sane បានចូលរួមជាមួយក្រុមរហស្សនាមមេឃខៀវ ពីក្រុមនៃលីគកំពូលអាល្លឺម៉ង់ Schalke កាលពីឆ្នាំ ២០១៦ ក្នុងតម្លៃ ៣៧ លានផោន (៤៥,៨២លានដុល្លារ)។ រយៈពេល៤រដូវកាលមកនេះ Sane បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយក្រុមរបស់លោក Pep Guardiola ឈ្នះជើងឯក Premier League ចំនួន២លើក (២០១៧-១៨ និង ២០១៨-១៩)។ ចាប់តាំងពីទៅដល់ទឹកដី Etihad កីឡាករ Sane បង្ហាញខ្លួន១៩២ប្រកួត និងរកគ្រាប់ស៊ុតបញ្ចូលទីឲ្យ Man City ចំនួន៥២គ្រាប់។
យ៉ាងណាក៏ដោយ ក្នុងរដូវកាលចុងក្រោយនេះ Sane បង្ហាញខ្លួនតិចតួចប៉ុណ្ណោះសម្រាប់ក្រុម ដ្បិតរូបគេរងរបួសដល់ទៅពីរលើក ខណៈ Man City ក៏មិនអាចការពារតំណែងជើងឯកលីគកំពូលអង់គ្លេសរដូវកាល ២០១៩-២០ នេះដែរ ដោយ Liverpool បានដណ្តើមយកពាននេះទៅហើយ ទាំងនៅសល់៧ប្រកួតទៀត។
ជុំវិញការសម្រេចចិត្តលក់ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់រូបនេះ អ្នកចាត់ការក្រុមលោក Guardiola បានប្រាប់អ្នកសារព័ត៌មាននៅសប្តាហ៍មុនថា Sane ដែលកិច្ចសន្យាបច្ចុប្បន្ននឹងផុតកំណត់នៅចុងរដូវកាលក្រោយ បានបដិសេធសំណើបន្តកិច្ចសន្យាថ្មី ជាពិសេសរូបគេចង់ចាកចេញពី Man City តែម្តង។
បើតាមការផ្សាយរបស់ BBC អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញមិនចង់ឲ្យ Sane ចាកចេញឡើយ បើទោះ Man City ដឹងថា Bayern Munich ហ៊ានផ្តល់ប្រាក់ឈ្នួលប្រចាំឆ្នាំសម្រាប់រូបគេដល់ទៅ ២០ លានផោន (២៤,៧៧លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំក៏ដោយ។ នេះមានន័យថា Man City នឹងបន្ថែមប្រាក់ឈ្នួលដូចគ្នាប្រសិនបើ Sane ព្រមបន្ត។
Sane នឹងធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ ដើម្បីបញ្ចប់ការផ្ទេរនេះ។ ដោយឡែក ទោះបីរូបគេមិនអាចលេងឲ្យ Bayern Munich ក្នុងក្របខណ្ឌ Champions League រដូវកាលនេះក៏ដោយ ប៉ុន្តែមានការលើកឡើងថា រូបគេនឹងមិនវិលត្រឡប់ទៅ Man City វិញដែរ ក្នុងការបង្ហាញខ្លួនលើកចុងក្រោយសម្រាប់ក្លិបនៅអង់គ្លេសមួយនេះ៕
Tag:
Manchester City
Leroy Sane
Bayern Munich
© រក្សាសិទ្ធិដោយ thmeythmey.com