អន្តរជាតិ
ប្រជាជនរុស្ស៊ី បើកផ្លូវឲ្យលោក ពូទីន កាន់អំណាចដល់ឆ្នាំ២០៣៦ លោក វ៉្លាឌីមៀ ពូទីន ពេលទៅបោះឆ្នោតក្នុងប្រជាមតិលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ រូបភាពពីវេបសាយប្រធានាធិបតីរុស្ស៊ី
× លទ្ធផលផ្លូវការនៃការបោះឆ្នោតប្រជាមតិក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញរុស្ស៊ី បានបង្ហាញថា ប្រជាពលរដ្ឋរុស្ស៊ីជិត៧៨ភាគរយ គាំទ្រវិសោធនកម្មរដ្ឋធម្មនុញ។ ការកែប្រែរដ្ឋធម្មនុញលើកនេះ បើកផ្លូវឲ្យលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន កាន់អំណាចបាន២អាណត្តិបន្ថែមទៀត ពោលគឺរហូតដល់ឆ្នាំ២០៣៦។
ក្រោមរដ្ឋធម្មនុញ្ញរុស្ស៊ី អាណត្តិប្រធានាធិបតី មានរយៈពេល៦ឆ្នាំ និងមិនអាចកាន់តំណែងលើសពីពីរអាណត្តិជាប់គ្នាឡើយ ប៉ុន្តែអាចកាន់តំណែងនេះច្រើនដង។ ការកែប្រែរដ្ឋធម្មនុញ្ញពេលនេះ នឹងបើកផ្លូវឲ្យលោក វ្ល៉ាឌីមៀ ពូទីន ចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០២៤ ដែលជាអាណត្តិចុងក្រោយរបស់លោក។ នេះក៏ព្រោះតែរដ្ឋធម្មនុញ្ញថ្មី នឹងមិនរាប់បញ្ចូលអាណត្តិប្រធានាធិបតីកន្លងមករបស់លោក ពូទីន ឡើយ។ ប៉ុន្តែចូលរួមការបោះឆ្នោតឬអត់ លោក ពូទីន មិនទាន់សម្រេចចិត្តឡើយ។
ក្រោយការរាប់សន្លឹកឆ្នោតទាំងអស់មក គណៈកម្មការបោះឆ្នោតរុស្ស៊ីបានប្រកាសថា ប្រជាពលរដ្ឋចំនួន៧៧,៩២ភាគរយគាំទ្រវិសោធនកម្មរដ្ឋធម្មនុញ។ ប្រជាមតិនេះមានការចូលរួមពីពលរដ្ឋចំនួន៦៥ភាគរយ ក្នុងចំណោមពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជី។ នេះយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ វត្តមានអ្នកបោះឆ្នោតលើស៥០ភាគរយ ជាចំនួនទាបបំផុតដើម្បីឲ្យលទ្ធផលបានការ។
ការពិតទៅ វិសោធនកម្មនេះ ពុំមែនពាក់ព័ន្ធតែនឹងរឿងអាណត្តិប្រធានាធិបតីឡើយ។ ក្នុងចំណោមចំណុចជាច្រើនដែលត្រូវបានដាក់ចូលក្នុងវិសោធនកម្មនោះ គេក៏ឃើញមានការកំណត់អាពាហ៍ពិពាហ៍គឺធ្វើរវាងមនុស្សប្រុសនិងស្រី ដែលចំណុចនេះស្មើនឹងការហាមឃាត់ការរៀបការអ្នកស្រលាញភេទដូចគ្នា ការកំណត់ប្រាក់ឈ្នួលអប្បរមាដែលខ្ពស់ជាងបន្ទាត់នៃភាពក្រីក្រ និងការបង្កើនប្រាក់សម្រាប់អ្នកចូលនិវត្តជាដើម។
លោកស្រី Ella Pamfilova ប្រធានគណកម្មការបោះឆ្នោតរុស្ស៊ី បានអះអាងថា ការបោះឆ្នោតមានតម្លាភាព ហើយមន្ត្រីបោះឆ្នោតបានធ្វើគ្រប់យ៉ាងដើម្បីធានាត្រឹមត្រូវនៃបោះឆ្នោតប្រជាមតិនេះ។ យ៉ាងណាក្តី លោកAlexi Navalny ដែលជាមេដឹកនាំបក្សប្រឆាំងបានលើកឡើងថា ការបោះឆ្នោតប្រជាមតិនេះមិនស្របច្បាប់ និងរៀបចំឡើងដើម្បីឲ្យលោក ពូទីន ក្លាយជាប្រធានាធិបតីមួយជីវិត។ លោកប្រាប់អ្នកគាំទ្ររបស់លោកថា៖« យើង នឹងមិនទទួលយកលទ្ធផលនេះឡើយ»។
ក្នុងទិដ្ឋភាពច្បាប់ គេពុំចាំបាច់ធ្វើប្រជាមតិដើម្បីអនុម័តវិសោធនកម្មឡើយ។ វិសោធនកម្មរដ្ឋធម្មនុញ្ញនេះត្រូវបានអនុម័តដោយសភាជាតិ និងតំបន់ ហើយចូលជាធរមានតាំងតែពីខែមុន។ ប៉ុន្តែការធ្វើប្រជាមតិនេះ ជាការធ្វើតេស្តប្រជាប្រិយភាពលោក ពូទីន និងដើម្បីទទួលបានភាពស្របច្បាប់ពីប្រជាជនចំពោះសេចក្តីសម្រេចចិត្តទាំងឡាយរបស់លោក ពូទីន ។ នេះជាការលើកឡើងរបស់លោកGreg B. Yudin សង្គមវិទូ និងអ្នកទ្រឹស្តីនយោបាយ នៅសាលាវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ចក្រុងម៉ូស្គូ។
សូមបញ្ជាក់ផងដែរថា លោក ពូទីន ឡើងដឹកនាំរុស្ស៊ីតាំងតែពីឆ្នាំ១៩៩៨ ដោយពេលខ្លះជានាយករដ្ឋមន្ត្រី ហើយចុងក្រោយជាប្រធានាធិបតីរហូតមក។ លោកក៏ត្រូវបានចាត់ទុកជាថ្នាក់ដឹកនាំដែលកាន់តំណែងយូរជាងគេបំផុត តាំងតែជំនាន់លោក ស្តាលីន ផងដែរ៕
Tag:
រុស្ស៊ី
វ្ល៉ាឌីមៀ ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com