COVID-19
អន្តរជាតិ
COVID-19៖ កូនកំលោះស្លាប់២ថ្ងៃក្រោយរៀបការ ហើយចម្លងភ្ញៀវជាង១០០នាក់ទៀត រូបតំណាង
× មនុស្សជាង១០០នាក់ដែលបានចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍មួយនៅឥណ្ឌាកាលពីថ្ងៃទី១៥ ខែមិថុនា មានលទ្ធផលតេស្តវិជ្ជមាននៃ COVID-19 ស្របពេលដែលកូនកំលោះត្រូវបានរាយការណ៍ថា ទទួលមរណភាពនារយៈពេល២ថ្ងៃបន្ទាប់ពីពិធីមង្គលរបស់ខ្លួន។
តាមការផ្សាយរបស់ Times of India ពិធីមង្គលការត្រូវបានរៀបចំឡើងនៅរដ្ឋ Bihar ដោយមានអ្នកចូលរួមប្រមាណ៤០០នាក់។ កូនកំលោះ ត្រូវបានគេជឿថា ជាអ្នកចម្លងដ៏ធំនៃជំងឺរាលដាលសាកល COVID-19 ទៅកាន់ភ្ញៀវ និងក្រុមគ្រួសាររបស់ខ្លួន។
របាយការណ៍បានបង្ហាញថា កូនកំលោះបានធ្វើដំណើរទៅស្រុកកំណើតរបស់ខ្លួននៅ o Paliganj កាលពីពាក់កណ្តាលខែឧសភា ហើយមានរោគសញ្ញា ប៉ុន្តែក្រុមគ្រួសារមិនបានយកចិត្តទុកដាក់លើសំណើសុំពន្យាពេលអាពាហ៍ពិពាហ៍របស់គាត់នោះឡើយ។
តាមសំដីសមាជិកគ្រួសារម្នាក់ដែលដកស្រង់ដោយ The Indian Express បុរសដែលជាកូនកំលោះនោះ បានសុខភាពមិនល្អតាំងពីថ្ងៃទី១៤ ខែមិថុនា មកម្ល៉េះ ប៉ុន្តែមេគ្រួសារទាំងពីរមិនព្រមពន្យារពេលការឡើយ ដោយលើកឡើងពីបញ្ហាហិរញ្ញវត្ថុ និងការរៀបចំផ្សេងៗ។
បច្ចុប្បន្ន ឥណ្ឌាក្លាយជាប្រទេសដែលមានករណីឆ្លង COVID-19 ច្រើនជាងគេនៅអាស៊ីដោយគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ មានជាង៦០ម៉ឺនករណី ស្លាប់ជិត១៨០០០នាក់ និងសះស្បើយជិត៣៦ម៉ឺននាក់។
លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ក៏ធ្លាប់សំដែងការព្រួយបារម្ភទាក់ទងនឹងការមើលស្រាលស្ថានការណ៍របស់ពលរដ្ឋខ្លួនផងដែរ ជាពិសេសការមិនអនុវត្តវិធានការសុខាភិបាល លើគម្លាតសុវត្ថិភាព និងការពាក់ម៉ាស់ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com