ស៊ុតស្ងោរឆ្អិនមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់ រួមទាំងវីតាមីន និងជាតិរ៉ែសំខាន់ៗ។ ទោះបីជាឧស្សាហ៍ទទួលទាន ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាអាហារនេះអាចផ្ដល់អត្ថប្រយោជន៍អស្ចារ្យចំពោះសុខភាព។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរព្យាយាមទទួលទានស៊ុតស្ងោរឆ្អិន ៖
១. ពង្រឹងសាច់ដុំ
ស៊ុតជាប្រភេទនៃអាហារដ៏ប្រសើរបំផុតសម្រាប់ការកសាងបង្កើនសាច់ដុំមានសុខភាពល្អ។ ស៊ុតមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីនគុណភាពខ្ពស់ និងជាតិខ្លាញ់សុខភាពល្អ។ ដូច្នេះដើម្បីអាចកើនទម្ងន់ និងឡើងសាច់ដុំឆាប់រហ័ស ក៏ដូចជារក្សាបាននូវសុខភាពរាងកាយរឹងមាំ ចូរទទួលទានស៊ុតឱ្យបាន ៣ គ្រាប់ក្នុងមួយថ្ងៃ។
២. ជួយឱ្យការមើលឃើញកាន់តែមានលក្ខណៈប្រសើរឡើង
ស៊ុតស្ងោរឆ្អិនល្អមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ២ គឺ zeaxanthin និង lutein ដែលជួយពង្រឹងសុខភាពភ្នែកទប់ស្កាត់ហានិភ័យនៃការមើលលែងសូវច្បាស់ដោយសារវ័យ។
៣. ជម្រុញមុខងារខួរក្បាល
អត្ថប្រយោជន៍អស្ចារ្យមួយទៀតដែលអ្នកអាចទទួលបានពីការទទួលទានស៊ុតស្ងោរឆ្អិន គឺវាអាចជួយធ្វើឱ្យមុខងារខួរក្បាលកាន់តែប្រសើរឡើង។ នេះក៏ព្រោះតែស៊ុតមានផ្ទុកសារធាតុ choline ដែលទទួលខុសត្រូវសម្រាប់ប្រឆាំងកាត់បន្ថយការរលាយក្នុងខួរក្បាល។
៤. បន្ថយកម្រិតនៃជាតិខ្លាញ់មិនល្អទ្រីគ្លីសេរីដក្នុងឈាម
នេះក៏ព្រោះតែស៊ុតមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលជួយបញ្ចុះកម្រិតជាតិខ្លាញ់មិនល្អទ្រីគ្លីសេរីដ។ ដូច្នេះការទទួលទានស៊ុតស្ងោរឆ្អិនពិតជាល្អណាស់សម្រាប់រក្សាសុខភាពបេះដូង។
៥. ទប់ស្កាត់ហានិភ័យនៃជំងឺពុកឆ្អឹង
ស៊ុតមានផ្ទុកសម្បូរទៅដោយវីតាមីន D ដែលដើរតួនាទីយ៉ាងសំខាន់បំផុតជួយប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺពុកឆ្អឹង។ វីតាមីន D ជួយរាងកាយក្នុងការស្រូបយកជាតិកាល់ស្យូមពីអាហារផ្សេងៗដែលអ្នកបានទទួលទាន។
៦. ជួយឱ្យស្រកទម្ងន់
នោះក៏ព្រោះតែស៊ុតមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់គុណភាពខ្ពស់ និងសារធាតុចិញ្ចឹមប្រូតេអ៊ីនដែលជួយអោយអ្នកស្រកទម្ងន់បានឆាប់តាមរយៈការកាត់បន្ថយចំណង់អាហារ៕
ត្រួតពិនិត្យដោយ www.health.com.kh