ឥណ្ឌា ទិញ​យន្តហោះ​ចម្បាំង​រុស្ស៊ី​តម្លៃ​ជាង​២​ពាន់​លាន​ដុល្លារ​
សង្គមអន្តរជាតិ​
អន្តរជាតិ
ឥណ្ឌា ទិញ​យន្តហោះ​ចម្បាំង​រុស្ស៊ី​តម្លៃ​ជាង​២​ពាន់​លាន​ដុល្លារ​
03, Jul 2020 , 10:23 am        
រូបភាព
យន្តហោះចម្បាំង MiG-29 របស់កងទ័ពអាកាសឥណ្ឌា។ រូបភាព AFP
យន្តហោះចម្បាំង MiG-29 របស់កងទ័ពអាកាសឥណ្ឌា។ រូបភាព AFP
​រដ្ឋាភិបាល​ឥណ្ឌា នៅ​ថ្ងៃទី​២ ខែកក្កដា បាន​ឯកភាព​លើ​ការទិញ​យន្តហោះ​ចម្បាំង​ពី​រុស្ស៊ី​ចំនួន​៣៣​គ្រឿង និង​ការដំឡើង​សមត្ថភាព (Upgrade) យន្តហោះ​មាន​ស្រាប់​ចំនួន​៥៩​គ្រឿង​ទៀត​។ ការទិញ​អាវុធ​នេះ ត្រូវបាន​មើលឃើញ ជាការ​ប្រឹងប្រែង​របស់​ទីក្រុង​ញូវដែលី​ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​អាកាស​របស់ខ្លួន ស្រប​ពេលដែល​ស្ថានភាព​នៅតាម​ព្រំដែន​ជាមួយ​ចិន​បាន​ឡើងក​ម្ដៅ​។

 
​ឥណ្ឌា​នឹង​ទិញ​យន្តហោះ​ប្រយុទ្ធ​ធុន MiG-29 ចំនួន​២១​គ្រឿង និង​យន្តហោះ​ចម្បាំង​ស៊េរី​ទំនើប Su-30 ចំនួន​១២​គ្រឿង​ទៀត ដែលមាន​តម្លៃ​សរុប​២,៤៣​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ប្រកាស​របស់​ក្រសួងការពារជាតិ​ឥណ្ឌា​នៅ​ថ្ងៃទី​២ ខែកក្កដា​។ អម​នឹង​ការទិញ​យន្តហោះ​ចម្បាំង​ថ្មី រដ្ឋាភិបាល​ឥណ្ឌា​ក៏​យល់ព្រម​លើ​ការកែប្រែ​យន្តហោះ​មាន​ស្រាប់ MiG-29 ចំនួន​៥៩​គ្រឿង​ទៀតផង​ដែរ​។ 
 
​ក្រសួងការពារជាតិ​ឥណ្ឌា​បញ្ជាក់ថា ការទិញ និង​ការដំឡើង​សមត្ថភាព​យន្តហោះ​នេះ គឺជា​បំពេញតម្រូវការ​របស់​កងទ័ពអាកាស​ឥណ្ឌា​ក្នុងការ​បង្កើន​ចំនួន​យន្តហោះ​របស់ខ្លួន​។ កិច្ចព្រមព្រៀង​ទិញ​លក់​នេះ ត្រូវបាន​ចប់​រួចរាល់​អំឡុងពេល​ទស្សនកិច្ចរ​បស់​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា Rajnath Singh នៅ​រុស្ស៊ី​។ មន្ត្រី​ឥណ្ឌា​និយាយថា លោក Singh បាន​ទទូច​ឲ្យ​រុស្ស៊ី​ប្រញាប់​បញ្ជូន​យន្តហោះ​ចម្បាំង​ដែល​បាន​ទិញ​ហើយ​។ 
 
​ក្រៅពី​ការបង្កើន​សមត្ថភាព​ប្រយុទ្ធ​លើ​អាកាស ក្រសួងការពារជាតិ​ឥណ្ឌា​ក៏មាន​គម្រោង​ពង្រឹង​មី​ស៊ី​ល​ផងដែរ​ដែល​នឹងត្រូវ​ប្រើប្រាស់​ក្នុង​ជួរ​កងទ័ពអាកាស និង​កងទ័ពជើងទឹក​។ បើតាម​ការប្រកាស​ដដែល ឥណ្ឌា​នឹង​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល​ប្រយុទ្ធ​ចម្ងាយ​ឆ្ងាយ ក៏ដូចជា​ប្រព័ន្ធ​មី​ស៊ី​ល Pinaka ផងដែរ​។ សព្វាវុធ​ទាំងនេះ សុទ្ធតែជា​ផលិតផល​ត្រូវបាន​អភិវឌ្ឍ​ក្នុងស្រុក​ផ្ទាល់​។  
 
​គម្រោង​ទិញ និង​អភិវឌ្ឍ​យុទ្ធោបករណ៍​របស់​ឥណ្ឌា កើតឡើង​ក្រោយ​ការប៉ះទង្គិច​មួយ​ប្រាវ​នៅតាម​ព្រំដែន​ជាមួយ​ចិន​។ ទោះជា​ហេតុការណ៍​ថ្ងៃទី​១៥ ខែមិថុនា មិនមាន​ប្រើ​អាវុធ​ក្ដី លទ្ធភាព​ដែល​ជម្លោះ​តូចតាច​បែបនេះ​ប្រែ​ទៅជា​ជម្លោះ​ប្រដាប់អាវុធ​ទ្រង់ទ្រាយ​ធំ នៅតែមាន​ដដែល​។ ម្យ៉ាង​នៅពេលដែល​ចិន​ប្រឹង​បង្កើន​សមត្ថភាព​កងទ័ព​របស់ខ្លួន​នោះ ឥណ្ឌា​រឹតតែ​មិនអាច​អង្គុយ​អោបដៃ​មើល​គូប្រជែង​របស់ខ្លួន​បានដែរ​។ 
 
​ឥណ្ឌា និង​ចិន ធ្លាប់​ប្រយុទ្ធ​គ្នា​តាម​ព្រំដែន​នៅ​ឆ្នាំ​១៩៦២ ដែល​កាលនោះ ឥណ្ឌា​រង​បរាជ័យ​ធ្ងន់​ករ​ហូត​បាត់បង់​ទឹកដី​មួយផ្នែក​នៃ​តំបន់​កា​ស្មៀ​រ​។ កំណាត់​ជាច្រើន​ព្រំដែន​ចិន និង​ឥណ្ឌា ដែលមាន​ប្រវែង​ជាង​៣៥០០​គីឡូម៉ែត្រ មិនទាន់​ត្រូវបាន​កំណត់​ជា​ផ្លូវការ ដែល​នេះ​ជា​ចំណុច​នាំ​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​ជារឿយៗ​៕ 

Tag:
 រុស្ស៊ី​
  ចិន​
  ឥណ្ឌា​
© រក្សាសិទ្ធិដោយ thmeythmey.com