សង្គមអន្តរជាតិ
អន្តរជាតិ
ច្បាប់សន្តិសុខហុងកុង៖ សេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មមន្ត្រីចិន ធ្លាក់ដល់ដៃលោក ត្រាំ ស្ត្រីពីរនាក់ ដើរកាត់បដាច្បាប់សន្តិសុខជាតិហុងកុង។ រូបភាព៖ AP
× សេចក្តីព្រាងច្បាប់ដែលបើកផ្លូវដល់ការដាក់ទណ្ឌកម្មមន្ត្រីចិន និងស្ថាប័នហិរញ្ញវត្ថុមួយចំនួន ត្រូវបានសភាទាំងពីរថ្នាក់របស់អាមេរិកអនុម័តរួចហើយ នៅថ្ងៃទី២ ខែកក្កដា។ នីតិវិធីបន្ទាប់ សេចក្ដីព្រាងច្បាប់នេះនឹងធ្លាក់ទៅលើតុរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ។ ប្រសិនបើច្បាប់នេះចូលជាធរមាន អាមេរិក នឹងមានអំណាចដាក់ទណ្ឌកម្មមន្ត្រីចិនជាច្រើនរូបដែលចូលរួមបំផ្លាញសិទ្ធិសេរីភាពហុងកុងតាមរយៈច្បាប់សន្តិសុខជាតិ និងស្ថាប័នហិរញ្ញវត្ថុចិនមួយចំនួន។
សេចក្តីស្នើច្បាប់ស្វ័យភាពហុងកុង )The Hong Kong Autonomy Act) ត្រូវបានព្រឹទ្ធសភាអាមេរិកអនុម័តម្តងហើយកាលពីចុងខែមិថុនា។ ប៉ុន្តែរដ្ឋសភាអាមេរិក បានកែប្រែចំណុចមួយចំនួន មុននឹងអនុម័ត។ ការណ៍នេះ ធ្វើឲ្យព្រឹទ្ធសភាអាមេរិក ត្រូវអនុម័តសេចក្ដីព្រាងច្បាប់ម្តងទៀតនៅថ្ងៃទី២ ខែមិថុនា។ នីតិវិធីបន្ទាប់ សេចក្តីស្នើច្បាប់ស្វ័យភាពហុងកុង នឹងធ្លាក់ទៅលើតុរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីចុះហត្ថលេខា។
ក្នុងដំណាក់កាលនេះ ប្រធានាធិបតីមានសិទ្ធិវេតូសំណើច្បាប់បាន ប៉ុន្តែសភាក៏មានសិទ្ធិបដិសេធសិទ្ធិវេតូរបស់ប្រធានាធិបតីអាមេរិកបានផងដែរ តាមរយៈសម្លេងគាំទ្រ២ភាគ៣ នៃសភាទាំងពីរ។ ប៉ុន្តែសមាជិកព្រឹទ្ធសភាអាមេរិកមានទំនុកចិត្តថា លោក ត្រាំ នឹងចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់នេះ។
នៅសេចក្តីព្រាងច្បាប់នេះ ចូលជាធរមាន អាមេរិកនឹងមានយុត្តាធិការដាក់ទណ្ឌកម្មលើមន្ត្រីចិន ប៉ូលិសហុងកុងមួយចំនួនដែលបានចូលរួមបំផ្លាញសិទ្ធិសេរីភាពរបស់ប្រជាជនហុងកុង តាមរយៈច្បាប់សន្តិសុខជាតិថ្មី។ សេចក្តីព្រាងច្បាប់នេះផងដែរ ក៏មានសិទ្ធិដាក់ទណ្ឌកម្មលើស្ថាប័នហិរញ្ញវត្ថុចិន និងហុងកុងផងដែរ ប្រសិនបើអាមេរិករកឃើញថា ស្ថាប័នទាំងនោះ មានពាក់ព័ន្ធជាមួយនឹងអ្នកចូលរួមបំផ្លាញសិទ្ធិសេរីភាពនៅក្នុងទីក្រុងហុងកុង។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP កិច្ចការស្វែងរកមន្ត្រីចិន ដែលចូលរួមបំផ្លាញសិទ្ធិសេរីភាពហុងកុង តាមរយៈច្បាប់សន្តិសុខជាតិហុងកុង និងស្ថាប័នហិរញ្ញវត្ថុទាំងនោះ គឺធ្លាក់ទៅលើក្រសួងការបរទេស និងក្រសួងរតនាគារជាតិអាមេរិក។
កន្លងមក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ បានប្រកាសរឹតត្បិតទិដ្ឋាការលើសមាជិកបក្សកុម្មុយនិស្តចិនម្តងហើយ។ ចំណែកប្រធានរដ្ឋសភាអាមេរិក លោកស្រីNancy Pelosi ក៏បានទទូចឲ្យប្រធានាធិបតីចាត់វិធានការដាក់ទណ្ឌកម្មលើមន្ត្រីចិនផងដែរ។ ចំណែកចិនវិញ ក៏ធ្លាប់ព្រមានចាត់វិធានការតបទៅអាមេរិកវិញដែរ ប្រសិនបើសេចក្តីស្នើច្បាប់ស្វយ័តភាពហុងកុងចូលជាធរមាន។ ចិននៅតែចាត់ទុកទង្វើអាមេរិកជាការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ខ្លួន។
សូមបញ្ជាក់ថា ច្បាប់សន្តិសុខជាតិហុងកុង ដែលបានចូលជាធរមាននៅថ្ងៃទី១ ខែកក្កដា ចំខួបលើកទី២៣ ដែលអង់គ្លេសប្រគល់ទឹកដីហុងកុងត្រលប់មកចិនវិញ បានបង្កឲ្យមានបញ្ហាចម្រូងចម្រាសយ៉ាងខ្លាំង។ នៅក្នុងថ្ងៃចូលជាធរមាននៃច្បាប់ថ្មីនេះ មនុស្សយ៉ាងហោចណាស់ ១០នាក់ ត្រូវចោទពីបទបំពានច្បាប់សន្តិសុខជាតិ។ ចំណែកអង់គ្លេសបានចោទចិនថា បានបំពានសេចក្តីប្រកាសរួមរវាងអង់គ្លេស និងចិន ក្នុងឆ្នាំ ១៩៨៤៕
Tag:
អាមេរិក
ចិន
ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com