COVID-19
អន្តរជាតិ
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Qureshi ផ្ទុក COVID-19 តែលោកបន្តធ្វើការពីផ្ទះ
× លោក Shah Memood Qureshi តាមរយៈបណ្តាញសង្គម Twitter កាលពីថ្ងៃទី៣ ខែកក្កដា បានប្រកាសថា ខ្លួនមានលទ្ធផលវិជ្ជមាននៃជំងឺ COVID-19 ប៉ុន្តែលោកមានអារម្មណ៍រឹងមាំ និងពោរពេញទៅដោយថាមពល ដែលអាចឲ្យលោកអាចបន្តដឹកនាំការងារពីផ្ទះរបស់ខ្លួន នាអំឡុងចត្តាឡីស័ក។
លោក Qureshi ស្ថិតក្នុងចំណោមអ្នកនយោបាយមួយចំនួនរបស់ប៉ាគីស្ថាន ដែលផ្ទុក COVID-19 ក្នុងនោះមានដូចជា ប្រធានសភា លោក Asad Qaiser, អភិបាលខេត្ត Sindh លោក Imran Ismail, មេដឹកនាំគណបក្សប្រជាជនប៉ាគីស្ថាន លោក Saeed Ghani និងរដ្ឋមន្ត្រីក្រសួងអយស្ម័យយាន លោក Sheikh Rashid ដែលសុទ្ធតែបានជាសះស្បើយ។
កាលពីខែមិថុនា មេដឹកនាំគណបក្សប្រឆាំង PML-N លោក Shehbaz Sharif មានលទ្ធផលតេស្តវិជ្ជមាន។ ចំណែកអ្នកនយោបាយប៉ាគីស្ថានដែលបានស្លាប់ដោយសារជំងឺរាលដាលសកលនេះ មានដូចជា លោក Syed Fazal Agha អតីតអភិបាលខេត្ត Balochistan លោក Shaheen Raza, Gulam Murtaza Baloch, Khan Orakzai និងJamshedud Din Kakakhel ។
លោក Qureshi បានសម្តែងការដឹងគុណចំពោះព្រះ ហើយលោកមានអារម្មណ៍រឹងម៉ាំ និងប្រកបដោយថាមពល ដែលលោកអាចបន្តការងាររបស់ខ្លួនជារដ្ឋមន្ត្រីក្រសួងបរទេស នាអំឡុងពេលរស់នៅដាច់ដោយឡែកនៅផ្ទះរបស់ខ្លួន។
ប៉ាគីស្ថាន ស្ថិតក្នុងចំណោមប្រទេសអាស៊ីខាងត្បូងដែលរងគ្រោះខ្លាំងបំផុតដោយសារ COVID-19 ដោយគិតត្រឹមថ្ងៃទី៤ ខែកក្កដា នេះ មានជិត២២៦ ០០០ករណី ក្នុងនោះស្លាប់ជាង៤៦០០នាក់ និងសះស្បើយជាង១២៥ ០០០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com