តំបន់​អភិរក្ស​សត្វ​ស្លាប និង​ព្រៃ​លិច​ទឹក​នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ នឹង​ក្លាយជា​មណ្ឌល​ទេសចរណ៍ធម្មជាតិ​
ជាតិ
តំបន់​អភិរក្ស​សត្វ​ស្លាប និង​ព្រៃ​លិច​ទឹក​នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ នឹង​ក្លាយជា​មណ្ឌល​ទេសចរណ៍ធម្មជាតិ​
04, Jul 2020 , 9:59 pm        
រូបភាព
​​ដោយ​៖ ខន ណា​រី​

តំបន់​អភិរក្ស​សត្វ​ស្លាប និង​ព្រៃ​លិច​ទឹក ស្ថិត​ក្នុងស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ នឹង​ក្លាយជា​មណ្ឌល​ទេសចរណ៍ធម្មជាតិ ដែលជា​ការផ្ដួចផ្ដើម​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​។ នេះ​បើតាម​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ​នា ឱកាស​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ទំនប់​បង្ហៀរទឹក ព្រែក​តា​កុ​ច និង​បឹង​ក​ណ្ដេ​រ ស្ថិត​ក្នុងស្រុក​ក្រូចឆ្មារ​។​

 
​លោក​អភិបាលខេត្ត បាន​អំពាវនាវ​ដល់​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ចូលរួម​ថែរក្សា​ទីតាំង​ទំនប់​ទាំងនោះ​ឲ្យ​បានល្អ ដោយ​រក្សាបាន​សត្វ​ស្លាប​ធម្មជាតិ និង កន្លែង​ជម្រក​ត្រី​ពង​កូន ព្រមទាំង​ជំរុញ​ឲ្យ​ពលរដ្ឋ​លើកកម្ពស់​បរិស្ថាន ទុក​សម្រាប់​ជា​គុណប្រយោជន៍ ដល់​សង្គមជាតិ​យើងទាំងអស់គ្នា ក្នុងន័យ​ស្តារ និង​អភិរក្ស​តំបន់ដីសើម ឲ្យ​បាន​ប្រសើរ​ឡើងវិញ ដើម្បី​ជា​ប្រភព​សម្រាប់​បង្កើត​ជម្រក​មច្ឆជាតិ និង​ជីវចម្រុះ​។ 


 
​លោក ជាម ច័ន្ទ​សោភ័ណ បាន​បន្តថា តាម​ចក្ខុវិស័យ នឹង​អភិវឌ្ឍ​ប្រែក្លាយ​ពី​តំបន់​ព្រៃរនាម ទៅជា​ជម្រក​ត្រី​ពង​កូន និង​តំបន់ដីសើម​មួយ​នេះ ឱ្យក្លាយ​ទៅជា​កន្លែង អភិរក្ស​បរិស្ថាន វិទ្យាសាស្ត្រ​អេកូ​ទេសចរណ៍ និង​ជាទី​ពិសោធន៍​ជីវចម្រុះ​នៅ​ខេត្ត​ត្បូងឃ្មុំ​។​
 
​បើតាម​លោក សយ ទូច អភិបាលស្រុក​ក្រូចឆ្មារ ការដ្ឋាន​សាងសង់​ទំនប់​បង្ហៀរទឹក ព្រែក​តា​កុ​ច និង​បឹង​ក​ណ្តេ​រ គឺជា​ប្រភពទឹក​ផង និង​ជា​កន្លែង​ផ្តល់​ជម្រក​ត្រី​ផងដែរ ពិសេស​សម្រាប់​ប្រជាកសិករ​ច្រើនជាង​៤០០០​គ្រួសារ ប្រើប្រាស់​ទឹក​ក្នុងការ​ធ្វើស្រែ​ចំការ ដោយមាន​វិសាលភាព ស្រោចស្រព​ស្រែ​ច្រើនជាង​១​ម៉ឺន​ហិច​តា នៅ​ជុំវិញ​តំបន់​នោះ ដែល​ទីតាំង​ទាំងនេះ​ស្ថិតនៅក្នុង ឃុំរ​ការ​ខ្នុរ និង ឃុំ​ឈូក ក្នុងភូមិ​សាស្ត្រ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។​


 
​ខេត្ត​ត្បូងឃ្មុំ មាន​សក្តានុពល​លើ​វិស័យ​ទេ​ចរណ៍ ជា​អាទិភាព​លើ​ការអភិវឌ្ឍ​រមណី​ដ្ឋា​ន​ធម្មជាតិ វប្បធម៌​ប្រវត្តិសាស្ត្រ និង​រមណីយដ្ឋាន​កែច្នៃ​។ ការអភិវឌ្ឍ​នេះ សំដៅ​លើកកម្ពស់​គុណភាព​វិស័យ​ទេសចរណ៍ ក្នុងន័យ​រួមចំណែក​ការអភិរក្ស​ធនធានធម្មជាតិ ការអភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព និង​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ផ្តល់ឱកាស​ការងារ បង្កើត​ប្រាក់ចំណូល កាត់បន្ថយ​ចំណាកស្រុក និង​ជួយ​ចូលរួម​កាត់បន្ថយ​ការ​បម្រែបម្រួល​អាកាសធាតុ​ផងដែរ​៕
 
​សម្រាប់​ព័ត៌មាន​ទេសចរណ៍ កសិកម្ម និង​ជំនួញ​នានា​នៅតាម​បណ្តា​ខេត្ត​-​រាជធានី សូម​ចូលទៅ​កាន់ www.thmeythmey25.com
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com