ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពលរដ្ឋ ប្ដេជ្ញា​ប្រែ​«​ព្រៃឈើ​ចង្ក្រាន​រយ​»​ឲ្យ​ក្លាយទៅជា​មាស​បៃតង​ធំជាងគេ​ក្នុង​ខេត្តសៀមរាប​
06, Jul 2020 , 2:54 pm        
រូបភាព
​សៀមរាប​៖ សហគមន៍​ទេសចរណ៍ធម្មជាតិ​ច​ង្រា្ក​ន​រយ ដែលមាន​ព្រៃឈើ​ស្រោង​លាតសន្ធឹង​លើ​ផ្ទៃដី​ជាង​៩​ពាន់​ហិកតា ក្លាយជា​តំបន់​អេកូ​ទេសចរណ៍​ដ៏​ធំជាងគេ ក្នុង​ទឹកដី​ខេត្តសៀមរាប​។ សហគមន៍​ទេសចរណ៍ធម្មជាតិ​នេះ មាន​ទីកន្លែង​ជាច្រើន​សម្រាប់​ភ្ញៀវទេសចរ​ដើរលេង​កម្សាន្ត និង​គយគន់​ព្រៃព្រឹក្សា រហូត​ជាង​៤0​កន្លែង​។ ដើម្បី​រក្សា​ព្រៃឈើ និង​ធនធានធម្មជាតិ​ចម្រុះ​ក្នុង​សហគមន៍​នេះ ប្រធាន​សហគមន៍ និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ប្តេជ្ញា​ប្រែក្លាយ​សហគមន៍​ព្រៃឈើ​ដ៏​ធំ​នេះ ទៅជា​តំបន់​មាស​បៃតង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ និង​ជាទី​កន្លែង​អេកូ​ទេសចរណ៍​គំរូ​មួយ ដែល​កាន់តែ​ទាក់ទាញ​ភ្ញៀវទេសចរ ។​

 
«​ភ្នំ​ចង្ក្រាន​រយ​» ជាទី​តាំង​អេកូ​ទេសចរណ៍​ថ្មី​មួយ ក្នុង​ទឹកដី​ខេត្តសៀមរាប ។ ទីតាំង​នោះ មាន​កន្លែង​កម្សាន្ត​ជាង​៤០ ក្នុងនោះ​រួមមាន ទឹកធ្លាក់​កម្ពស់​៧​ជាន់​, ទស្សនា​សត្វព្រៃ សត្វ​ស្លាប មេអំបៅ​, គយគន់​សមុទ្រ​ឈើ ,​មើល​ថ្ងៃ​លិច ,​រូង​ប្រជៀវ ,​ភ្នំ​ចាន់​ក្រហម និង​ភ្នំ​ដែលមាន​ថ្មដុះ​រាង​មុំ​បី​ស្រដៀង​នឹង​ចង្ក្រាន​រាប់រយ​រាប់ពាន់​ជាដើម​។ លើសពីនេះទៅទៀត ភ្ញៀវទេសចរ​អាច​ស្វែងយល់​ពី​វប្បធម៌​ប្រពៃណី​របស់​ប្រជា​សហគមន៍​រស់នៅ​ទីនោះ ជាមួយនឹង​ការ​ភ្លក្ស​ម្ហូបអាហារ​អត្តសញ្ញាណ​របស់​ពួកគាត់ គឺ​«​សម្ល​ទំពាំង​វល្លិ​យាវ​»​។​


 
​នាពេល​រាត្រី ភ្ញៀវទេសចរ ក៏​អាច​បោះតង់​និង​ដុត​ដំឡូង​ហូប ជជែក​គ្នា​លេង​ជាមួយនឹង​ប្រជា​សហគមន៍​នៅ​ទីនោះ​យ៉ាង​សប្បាយរីករាយ ដែល​បង្កើតបានជា​អនុស្សាវរីយ៍​មិនអាច​បំភ្លេច​បានឡើយ​។ ទាំងនេះ​គឺជា​សក្តានុពល​ទេសចរណ៍ធម្មជាតិ ក្នុងចំណោម​តំបន់​គៅ​ល​ដៅ​ទេសចរណ៍​ទាំង​៤២​កន្លែង ដែល​ស្ថិតនៅក្នុង​ដែន​ព្រៃ​សហគមន៍​ចង្ក្រាន​រយ​លាតសន្ធឹង​លើ​ផ្ទៃដី​៩,១០០​ហិកតា មាន​ទីតាំងនៅ​ភូមិ​បាយ​ដុត ឃុំ​ស្វាយស ស្រុក​វ៉ារិន មាន​ចម្ងាយ​ជាង​៨០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តសៀមរាប​។​
 
​សហគមន៍​អេកូ​ទេសចរណ៍ធម្មជាតិ ដែល​ពោរពេញ​ទៅដោយ​ដើមឈើ​តូច​-​ធំ​ដុះ​ស្រោង ស្ទើរតែ​បាំងបិទ​ពន្លឺ​ថ្ងៃ​ចេញចូល អម​ជាមួយនឹង​សំឡេង​បក្សាបក្សី​ស្រែកច្រៀង​ឆ្លើយឆ្លង​គ្នា​យ៉ាង​ពិ​រោះ​រណ្តំ នា​កណ្តាល​ព្រៃព្រឹក្សា​នេះ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ឲ្យ​មក​កម្សាន្ត​ជិត​១​ម៉ឺ​នាក់​ក្នុង​ឆ្នាំ​២០១៩​។​
 
 
លោក កង តេ ជាភ្ញៀវទេសចរជនជាតិបារាំងម្នាក់ ដែលបានមកកម្សាន្តនៅសហគមន៍ព្រៃឈើចង្ក្រានរយនេះពីរដង

​យុវជន កង តេ ជា​ភ្ញៀវទេសចរ​ជនជាតិ​បារាំង​ម្នាក់ ដែល​បានមក​កម្សាន្ត​នៅ​សហគមន៍​ព្រៃឈើ​ចង្ក្រាន​រយ​នេះ​ពីរដង​មកហើយ​។ បដិសណ្ឋាកិច្ច​របស់​ប្រជា​សហគមន៍ និង​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់ត្រកាល ជា​អ្វីដែល​ទាក់ទាញ​ឲ្យ កង តេ មក​កម្សាន្ត​នៅទីនេះ​។ «​អ្វីដែល​ទាក់ទាញ​ឱ្យ​លោក​នៅតែ​បន្ត​មក​កម្សាន្ត​នៅទីនេះ គឺ​ដោយសារ​សហគមន៍​នេះ ការ​មានការ​រៀបចំ​ល្អ​ទាំង​បដិសណ្ឋាកិច្ច​នានា​របស់​សហគមន៍ និង​ទាំង​ការ​រៀ​ចំ​សេវាកម្ម​ផ្សេងៗ​ជាដើម​។ ជាពិសេស​ទៅទៀត​ក្នុង​សហគមន៍​នេះ គឺមាន​លក្ខណៈ​ស្ងប់ស្ងាត់​ល្អ​សម្រាប់​ភ្ញៀវ​ដែល​សម្រាក​លំហែកាយ ទាំង​ទីកន្លែង​ទឹក​ធា្ល​ក់ កន្លែង​ស្នាក់នៅ​(​បោះតង់​) និង​ទេសភាព​តំបន់​ព្រៃឈើ​...​ទាំងនេះ​គឺជា​ភាព​ទាក់ទាញ​មួយ​ដែល​ជំរុញ​ឱ្យ​ខ្ញុំ​មកលេង​កម្សាន្ត​នៅទីនេះ​»​។ នេះ​ជាការ​លើកឡើង​របស់​ភ្ញៀវទេសចរ​ជនជាតិ​បារាំង​។​


 
​កង តេ ជា​និស្សិត​ដែល​បានមក​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​នៅ​អង្គការ​មួយ ក្នុង​ខេត្តសៀមរាប និង​មក​កម្សាន្ត​នៅ​ភ្នំ​ចង្ក្រាន​រយ​នៃ​សហគមន៍​អេកូ​ទេសចរណ៍​មួយ​នេះ បាន​ឲ្យ​ដឹង​ទៀតថា​៖ «​ទីកន្លែង​កម្សាន្ត​ធម្មជាតិ​នានា​ក្នុង​សហគមន៍​នេះ គឺជា​កន្លែង​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​រស់នៅ​ទីក្រុង ឬ​អ្នក​ដែល​ចង់​គេច​ពី​ការបំពុល​បរិស្ថាន អាចមក​សម្រាក​លំហែកាយ ដោយ​រីករាយ​ជាមួយ​សម្រស់​ធម្មជាតិ​ពិតប្រាកដ នៅក្នុង​សហគមន៍​ព្រៃឈើ​ចង្ក្រាន​រយ​»​។​
 
«​សហគមន៍​ទេសចរណ៍ធម្មជាតិ​ចង្ក្រាន​រយ​» ដែល​កំពុង​ទទួលបាន​ការចាប់​អា​ម្មណ៍​ទី​សំណាក់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​យ៉ាងច្រើន​ក្នុង​ឆ្នាំៗ និង​អាច​រកចំណូលបាន​ជិត​៨​ពាន់​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩ ធ្លាប់មាន​បទល្មើស​កាប់​ព្រៃ​ខ្លាំង​តាំងពី​ឆ្នាំ​២០១០​មកម្ល៉េះ ហើយក៏​ជា​ឆ្នាំ​ដែល​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ចំនួន​១១​នាក់​គ្រប់គ្រង​។ សកម្មភាព​កាប់​ព្រៃឈើ​យ៉ាង​គឃ្លើន​នេះ បាន​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់​ក្រោយពេល​រៀបចំ​ទៅជា​អេកូ​ទេសចរណ៍​ក្នុង​សហគមន៍ នៅ​ឆ្នាំ​២០១៧ ដែល​បច្ចុប្បន្ន មាន​អ្នកស្រី ឈឿន សុ​ឌី ដែល​អ្នករស់នៅ​ក្នុងព្រៃ​សហគមន៍​នេះ ជា​ប្រធាន​គណៈកម្មការ​សហគម​ន៍​ព្រៃ​ចង្ក្រាន​រយ​។​


 
«​កាលពី​ឆ្នាំ​២០១០ ក្នុង​សហគមន៍​ចង្ក្រាន​រយ គឺមាន​បទល្មើស​កាប់​ព្រៃឈើ​ខ្លាំង តែ​ដល់ពេល​យើង​ព្យាយាម​ទាញ​ផលប្រយោជន៍​ពី​អេកូ​ទេសចរណ៍​បានមក គឺមាន​ការ​ថមថយ​នៃ​បទល្មើស​កាប់​ព្រៃឈើ​ច្រើន​។ ពួកគាត់​ដែលជា​អ្នក​កាប់​ព្រៃ​បាន​ប្តូរ​សកម្មភាព​របស់ខ្លួន មក​ចូលរួម​ជាមួយ​យើង​ក្នុងការ​ការពារ​ព្រៃឈើ​វិញ​។ ពលរដ្ឋ​មួយចំនួន​ទាំងនោះ​បាន​ងាក​ប្រកប
មុខរបរ​ចិញ្ចឹម​មាន់ ដាំ​បន្លែ ហើយ​យើង​បាន​ប្រមូល​សាច់ និង​បន្លែ​របស់គាត់​យកមក​លក់​ក្នុង​សហគមន៍​យើង​»​។ នេះ​បើតាម​ប្រធាន​សហគមន៍​ស្រី​វ័យ​៤១​ឆ្នាំ ឈឿន សុ​ឌី ។​ 

អ្នកស្រី ឈឿន សុឌី ប្រធានគណៈកម្មការសហគមន៍ព្រៃចង្ក្រានរយ 

​បើតាម​អ្នកស្រី សុ​ឌី សមិទ្ធិផល​ដែល​សហគមន៍​កំពុងមាន​នេះ បានមកពី​ការខិតខំ​ប្រឹងប្រែង​ផ្ទាល់​របស់​សហគមន៍​ក្នុងការ​ទប់ស្កាត់ និង​ពន្យល់​ណែនាំ​អ្នក​កាប់​ព្រៃឈើ​ទាំងនោះ ឱ្យ​យល់​ពី​សារៈសំខាន់​ក្នុងការ​ថែរក្សា​ព្រៃឈើ ដែល​អាច​ទាញ​ប្រយោជន៍​បាន​យ៉ាង​សម្បូរបែប លើសពី​ការកាប់​ព្រៃឈើ​យកទៅលក់​។​
 
​បើទោះជា សមាជិក​សហគមន៍​ព្រៃឈើ​ចង្ក្រាន​រយ ឈប់​កាប់​ព្រៃឈើ​ទៀត​ក៏ពិតមែន តែ​សហគមន៍​នៅ​បន្ត​ចុះ​ល្បាត​ការពារ​ព្រៃឈើ​ពី​ជនខិលខូច​មួយចំនួន ដែល​តែងតែ​លួច​កាប់​ឈើប្រណិតៗ​ក្នុង​ដែន​គ្រប់គ្រង​របស់​សហគម​ន៍​។ លោក ធិ​ន​នី វិ​ធូរ អភិបាលស្រុក​វ៉ារិន​នៃ​ខេត្តសៀមរាប បទល្មើស​ព្រៃឈើ​នេះ ត្រូវបាន​កាត់បន្ថយ​ច្រើន​ហើយ​។ លោក​បញ្ជាក់​ដូច្នេះ​៖«​បញ្ហា​ប្រឈម​ទាំងនេះ​យើង​ឃើញ​មាន​ច្រើន​ដែរ​។ យើង​កំពុងធ្វើការ​ទប់ស្កាត់​ប​ទ​ល្មើស​ដែលមាន​អ្នក​លួច​ចូលទៅ​កាត់ឈើ​នៅក្នុង​ព្រៃ​ចង្ក្រាន​រយ​នេះ ហើយ​យើង​ប​ង្ក្រា​ម​បាន​បទល្មើស​ជា​បន្តបន្ទាប់​»​។  
 
​លោក​អភិបាលស្រុក ធិ​ន​នី វិ​ធូរ ប្ដេជ្ញា​ថា សហការ​ជាមួយ​សហគមន៍​ទាំង​ស្មារតី ថវិកា និង​កម្លាំង ដើម្បី​លើកកម្ពស់​តំបន់​នេះ​ឱ្យ​កាន់​តែមាន​ភាព​ទាក់ទាញ ព្រមទាំង​មាន​គម្រោង​រៀបចំ​ផ្លូវ​ធ្វើដំណើរ​ក្នុងព្រៃ​សហគមន៍​ឱ្យ​កាន់តែ​ប្រសើរ  ។​«​ចក្ខុវិស័យ​របស់​រដ្ឋ​បាល​ស្រុក ក៏ដូចជា​សហគមន៍ ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​នេះ ដែល​ចង់បាន​ភ្ញៀវ​ចូល​លេង​កម្សាន្ត​ឱ្យបាន​ច្រើន​ដែល​អាចជួយ​ជីវភាព​រស់នៅ​របស់​ពួកគាត់​ផង​»​។ នេះ​បើតាម​អភិបាលស្រុក​វ៉ារិន​។​


លោក ធិននី វិធូរ អភិបាលស្រុកវ៉ារិននៃខេត្តសៀមរាប
 
​ដោយ​មើលឃើញ​ពី​សារៈសំខាន់​របស់​ដើមឈើ និង​វិសាលភាព​នៃ​ព្រៃស្រោង​ដុះ​លើ​ផ្ទៃដី ៩,១០០​ហិកតា​ក្នុង​សហគមន៍​ចង្ក្រាន​រយ និង​បញ្ហា​ប្រឈម​មួយចំនួន​របស់​សហ​គ​ន៍​ក្នុងការ​ថែរក្សា​ព្រៃឈើ ដែល​ធំជាងគេ​នៅក្នុង​ខេត្តសៀមរាប​នេះ អង្គការ​កម្មវិធី​ផ្លាសប្តូរ​បទពិសោធន៍​អនុផល​ព្រៃឈើ​កម្ពុជា (NTFP-EP) បាន​ចុះ​មកជួយ​សម្របសម្រួល​ជាមួយ​ប្រជា​សហគមន៍ ដើម្បី​រួមគ្នា​ការពារ​ព្រៃឈើ និង​ជីវៈចម្រុះ​នៅ​តំបន់​ព្រៃ​សហគមន៍​ចង្ក្រាន​រយ​តាំងពី​ឆ្នាំ​២០១៤​មកម្ល៉េះ ពោលគឺ​ក្រោយ​សហគមន៍​បង្កើតបាន​៤​ឆ្នាំ​។​
 
​លោក ឆឹង ស៊ុ​វិ​រិ​យ៉ា មន្ត្រី​សម្របសម្រួល​គោលនយោបាយ និង​បណ្តាញ​នៃ​អង្គការ NTFP-EP ដែល​កំពុង​បន្ត​ជ្រោមជ្រែង​ប្រជា​សហគមន៍​ចង្ក្រាន​រយ បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​៖ «​គោលដៅ​របស់​យើង គឺ​យើង​ចង់ឱ្យ​តំបន់​នេះ​មាន​ស្ថេរភាព និង​មាន​លំនឹង ដោយ​មិនមាន​រង​ការកាប់បំផ្លាញ​ធនធាន​ព្រៃឈើ ក៏ដូចជា​ទន្ទ្រាន​ព្រៃឈើ​ពី​អ្នក​ខាងក្រៅ​សហគមន៍​។ ហើយ​សហគមន៍​ដែលមាន​លទ្ធភាព​ការពារ​ព្រៃឈើ ពួកគាត់​នឹង​ទទួលបាន​ផលប្រយោជន៍​ជាច្រើន​ទាំង​ផ្នែក​បរិស្ថាន​ក្នុងការ​កាត់បន្ថយ និង​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​និង​ផ្នែក​សង្គម​ដែល​ធានា​នូវ​តុល្យភាព​នៃ​ការរស់នៅ​របស់​ពួកគាត់​»​។  


 
​រយៈពេល​៥​ឆ្នាំ​មកហើយ ដែល​គម្រោង​របស់​អង្គការ NTFP-EP បាន​គម្រោង​ជាមួយ​ប្រជា​សហគមន៍​ច​ង្ត្រា​ន​រយ គឺមាន​អ្នកទទួលបាន​ប្រយោជន៍​ផ្ទា​ល់ពី​គម្រោង​មាន​ជាង​៣០០​គ្រួសារ និង​ជាង​២​ពាន់​គ្រួសារ​ទៀត​ក្នុងស្រុក​វ៉ារិន​នេះ​ទទួលបាន​ប្រយោជន៍​មិនផ្ទាល់​ពី​គម្រោង​របស់​អង្គការ​យើង​។​
 
​លោក ឆឹង ស៊ុ​វិ​រិ​យ៉ា បាន​បន្ថែមថា សមិទ្ធផល​ដែល​ទទួលបាន​ពី​ការអនុវត្ត​គម្រោង​នេះ គឺមាន​ការចូលរួម​គាំទ្រ និង​ការខិតខំ​ប្រឹង​ប្រែ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ក្នុងការ​ជំរុញ​សកម្មភាព​ការងារ​របស់​គម្រោង​នៅក្នុង​សហគមន៍​ព្រៃឈើ​ច​ង្រា្ក​ន​រយ​ឱ្យ​ដំណើរការបាន​កាន់តែ​ប្រសើរ​។ យ៉ាងណា​មន្ត្រី​សម្របសម្រួល​គោលនយោបាយ និង​បណ្តាញ​នៃ​អង្គការ NTFP-EP រូបនេះ មើលឃើញថា​​ទន្ទឹមនឹងនេះ លោក ធិ​ន​នី វិ​ធូរ អភិបាលស្រុក​វ៉ារិន អះអាងថា រដ្ឋបាល​ស្រុក​នឹងចូលរួម​គាំទ្រ និង​មាន​វិ​គាគ​ទាន​មួយចំនួន​សម្រាប់​ចូលរួម​ក្នុងការ​ការពារ​ព្រៃឈើ​ចង្ក្រាន​រយ​នេះ​ជា​ប្រជា​សហគមន៍​បន្តទៀត ដោយ​លោក​សង្ឃឹម​យ៉ាង​ដូច្នេះ​៖ «​យើង​សង្ឃឹមថា​ការអនុវត្ត​នេះ​នឹង​ល្អប្រសើរ​ជាង​មុន ហើយ​យើង​អាច​ថែរក្សា​តំបន់​នេះ​មាន​សក្តានុពល​ប្រចាំ​ប្រទេស​កម្ពុជា​ផង និង​បង្ហាញ​ទៅ​អន្តរជាតិ​ថា​យើង​មាន​តំបន់​សក្តានុពល​ផ្សេងៗ​ទៀត​ក្រៅពី​ប្រាសាទ ជាពិសេស​តំបន់​ទឹកធ្លាក់​ចង្ក្រាន​រយ​នេះ​»​។​


លោក ឆឹង ស៊ុវិរិយ៉ា មន្ត្រីសម្របសម្រួលគោលនយោបាយ និងបណ្តាញនៃអង្គការ NTFP-EP
 
​សម្រាប់​អ្នកស្រី ឈឿន សុ​ឌី ដែល​កំពុង​ដឹកនាំ​សហគមន៍​ទេសចរណ៍ធម្មជាតិ​ចង្ក្រាន​រយ បាន​បញ្ជាក់ថា ការចូលរួម​របស់​ប្រជា​សហគមន៍ អាជ្ញាធរ​ស្រុក​វ៉ា​វិ​ន និង​អង្គការ NTFP-EP ក្នុងការ​ទប់ស្កាត់​ការកាប់​ព្រៃឈើ និង​អនុវត្ត​សកម្មភាព​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ ដើម្បី​បន្ត​និរន្តរភាព​របស់​សហគម​ន៍​អេកូ​ទេសចរណ៍​ចង្ក្រាន​រយ ដោយ​អ្នកស្រី​បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​សង្ឃឹមថា​សហគមន៍​នឹង​ក្លាយជា​តំបន់​មាស​បៃតង​ដែល​ពោរពេញ​ព្រៃឈើ និង​សត្វ​ចម្រុះ​រស់នៅ ទុក​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​»​។​

 

Tag:
 សហគមន៍​ព្រៃឈើ​ច​ង្រា្ក​ន​រយ​
  អេកូ​ទេសចរណ៍​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com